តើរថយន្តពិសេសរបស់ប្រធានាធិបតី អូបាម៉ា មានតម្លៃប៉ុន្មាន និង ទំនើបបុណ្ណា? (មានឃ្លីប)

ខាឌីលេក វ័ន (Cadillac One) គឺជារថយន្តប្រចាំតំណែងប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ដែលកំណត់ហេតុថាជារថយន្តមាំទាំ និង មានសុវត្ថិភាពបំផុត ដោយសារវាអាចការពារពីការវាយប្រហារកម្រិតខ្លាំងណាក៏ដោយ ដូចជាអាវុធមីស៊ីល ជាដើម ។ វាមានតម្លៃប្រមាណ ៣៩ លានដុល្លារ ជាម៉ូដែលប្រកបដោយភាពទំនើបទាន់សម័យ (មានរាយលម្អិតដូចខាងក្រោម) ។

១. ធុងប្រេង (Petrol Tank) : មានបន្ទះពាសដែក និង ដាក់ហ្វូម ជាម៉ូដែលពិសេសសម្រាប់ការពារមិនឱ្យធុងប្រេងផ្ទុះបាន ទោះជាត្រូវបាញ់ចំយ៉ាងណាក៏ដោយ ។

២. កៅអីអង្គុយផ្នែកខាងក្រោយ (Rear Compartment) : អាចផ្ទុកមនុស្សបាន ៤ នាក់ និង មានកញ្ចក់តែកន្លែងរបស់លោក អូបាម៉ា ប៉ុណ្ណោះ ជាអ្នកចុចបញ្ជាឡើងចុះនៅក្នុងរថយន្តបាន ចំណែកផ្នែកខាងមុខវិញ មានទំហំធំជាងរថយន្តរបស់ប្រធានាធិបតីមុនៗ ។ មានប៊ូតុងសម្រាប់ចុច នៅពេលមានអាសន្ន វាជាប៊ូតុងជំនួយ (Panic Button) ។

៣. ទ្វាររថយន្ត (Doors): ជាទ្វារគ្របដណ្តប់ដោយពាសដែក មានកម្រាស់ ២០,៣០ សង់ទីម៉ែត្រ និង មានទម្ងន់ស្មើទ្វារយន្តហោះដឹកអ្នកដំណើរបូអ៊ីង 757 ។

៤. អ្នកបើកបរ (Chauffeur): បានទទួលការហ្វឹកហាត់យ៉ាងស្ទាត់ និង ត្រួតពិនិត្យពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (Central Intelligence Agency ឬ CIA) និង ជាអ្នកអាចប្រឈមជាមួយនឹងការបើករថយន្តគ្រប់ប្រភេទបាន ក្នុងស្ថានការណ៍ជាយថាហេតុណាមួយនោះ ។

៥. បង្អួចទ្វាររបស់អ្នកបើកបរ (Driver’s Window) : មានសភាពមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងគ្រាប់កាំភ្លើង ពេលមានការអាចបើកត្រឹមតែ ៣ អ៊ីញ (៧,៦២ សង់ទីម៉ែត្រ) ដើម្បីអ្នកបើកបរអាចបង់ប្រាក់លើផ្លូវហាយវេ ឬ ពិភាក្សាជាមួយអ្នកមានតួនាទីការពារមេដឹកនាំសំខាន់ (Secret Service) ដែលដើរនៅផ្នែកចំហៀង ។

៦. តួរថយន្ត (Bodywork) : ជាការផ្សំបញ្ចូលគ្នានៃដែកថែប, អាលុយមីញ៉ូមទីតានីញ៉ូម និង សេរ៉ាមិច វាមានសភាពរឹងមាំខ្លាំងណាស់ បើគ្រាប់កាំភ្លើង បាញ់មកត្រូវ វាបែកខ្ចាយទៅវិញ ។

៧. បរិវេណកន្លែងអង្គុយរបស់អ្នកបើក (Driver’s Compartment) : ដៃចង្កូតដូចគេប្រើជាទូទៅដែរ ប៉ុន្តែផ្ទៃតាប្លូ គឺប្រកបដោយប្រព័ន្ធទំនាក់ទំនង និង ការតាមដានរាល់ទីតាំងនានាពីផ្កាយរណបដោយប្រើប្រាស់ប្រព័ន្ធ (ប្រព័ន្ធ GPS) ។

៨. សម្បកកង់រថយន្ត (Tyres) : ជាជាតិសរសៃសំយោគ (Kevlar) ដែលអាចទប់ទល់នឹងភាពធ្លាយបែក ។ នៅក្នុងបន្ទះកង់រថយន្តត្រូវបានធ្វើពីដែកថែប នេះអាចឱ្យរថយន្តរត់ឆ្លងឧបសគ្គបានល្បឿនពេញលេញ ទោះបីកង់រថយន្តបែកធ្លាយយ៉ាងណាក៏ដោយ ។

៩. ឧបករណ៍ការពារសុវត្ថិភាព (Defence Accessories) : ភ្ជាប់កាមេរ៉ាដែលអាចមើលឃើញនៅទីងងឹត (ម៉ូដែល infrared camera) និង ស្រោមគ្រាប់កាំភ្លើង (Pump Action Shotguns) ក្រៅពីនេះនៅមានអាវុធបាញ់ហ្គាសចេញទឹកភ្នែក មានកន្លែងផ្ទុកប្លោកឈាមជាច្រើនប្លោក សម្រាប់ឈាមហ្រ្គុបរបស់លោក អូបាម៉ា ក្នុងឧបទ្ទវហេតុកើតឡើងជាយថាហេតុណាមួយ ។

១០. រចនាសម្ព័ន្ធ និង ផ្នែកខាងក្រោមរថយន្ត (Chassis) : ធ្វើដោយផ្ទាំងដែកថែប ដែលមានកម្រាស់ ១២,៧ សង់ទីម៉ែត្រ ការពារចំពោះហេតុការណ៍ផ្ទុះណាមួយដែលអាចកើតឡើង ។

១១. កៅអីបង្វិលត្រឡប់ (Rear Seats) : កៅអីរបស់លោកប្រធានាធិបតីអូបាម៉ា ជាអ្នកប្រតិបត្តិ មានតុធ្វើការអាចបត់បាន មានលេបថប (Laptop Computer) ដែលមានភ្ជាប់ Wi-Fi,  មានទូរស័ព្ទផ្កាយរណប ដែលជាប្រព័ន្ធកំពូលបច្ចេកវិជ្ជានាពេលបច្ចុប្បន្ន និង ទូរស័ព្ទជាច្រើនខ្សែ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអនុប្រធានាធិបតី រួមទាំងផ្នែកសន្តិសុខជាតិនៅក្នុងប្រទេស (the Pentagon) ផងដែរ ។

១២. ផ្នែកខាងក្រោយគូទរថយន្ត (Boot) : មានធុងអុកស៊ីហ្សែន និង មានភ្ជាប់ប្រព័ន្ធពន្លត់អគ្គីភ័យផងដែរ ៕ សូរ្យសែង (ធីញូវ)

Loading...