ព្រឹត្តិការណ៍ «លេខ 9» កើតឡើងដោយចៃដន្យ ក្នុងឆ្នាំ 2016

ដោយ សួរ្យរិទ្ធៈ 

 

ឆ្នាំ 2016 ហាក់ដូចជាឆ្នាំកើតមានព្រឹត្តិការណ៍ដោយកម្រចៃដន្យ ផ្ទួនៗនៅក្នុង  សង្គមខ្មែរ និង នៅលើពិភពលោក ដែលព្រឹត្តិការណ៍នីមួយៗនោះសុទ្ធតែមានតួលេខបូកគ្នាទៅបានលេខ« 9 »ដែលចាត់ទុកជាលេខធំ មាន ហុងស៊ុយ ។ ខាងក្រោមនេះជាព្រឹត្តិការណ៍កើតឡើងគួរកត់សម្គាល់ ។

១. ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) អាយុ 63 ឆ្នាំ បូកតួលេខ « 6+3=9 »  បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាកម្ពុជា នៅថ្ងៃទី ១៣ ខែតុលា ហើយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែល មានអាយុ 36 ឆ្នាំ បូកតួលេខ 3+6= 9 ត្រូវរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជាតំណាងទៅទទួលស្វាគមន៍ ប្រធានាធិបតីចិន នៅព្រលានយន្តហោះ ។

សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា វត្តមានប្រមុខរដ្ឋចិននៅកម្ពុជានឹងជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក នៅក្នុងដំណាក់កាលថ្មីមួយ ។

២. ថ្ងៃទី ៨ ខែវិច្ឆិកា ត្រូវនឹងថ្ងៃទី « 9 » នៅស្រុកខ្មែរ ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី 45 ដែលតួលេខនេះ « 4+5 = 9 » ហើយជាប្រវត្តិសាស្ត្រពុំធ្លាប់មានផងដែរ ដែលបង្កការតវ៉ាពីប្រជាជនដ៏ច្រើន រហូតក្លាយជាបាតុកម្មទ្រង់ទ្រាយធំ ទៅជាចលាចលពេញផ្ទៃប្រទេស មកទល់ពេលនេះនៅមិនទាន់ស្ងប់នៅឡើយ ។


៣. ថ្ងៃទី៩ វិច្ឆិកា ជាទិវាបុណ្យឯករាជ្យជាតិខ្មែរ គម្រប់ខួប 63 ឆ្នាំ ក៏ជាតួលេខបូក (6+3) = 9 លេខធំល្អរបស់ព្រះរាជា ណាចក្រកម្ពុជា ក្រោមស្នាព្រះហស្ត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ដណ្តើមបានឯករាជ្យ ជូនជាតិ មាតុភូមិពីបារាំងសេស ។ នាឱកាសនោះ ព្រះមហាក្សត្រខ្មែរ ព្រះមហាករុណាទិគុណ ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានយាងជាព្រះកិត្តិយសរាជាធិបតី នាវិមានឯករាជ្យ ក្រោមទឹកចិត្តគោរពស្រឡាញ់ព្រះអង្គពីប្រជានុរាស្ត្រ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ។

៤. ថ្ងៃទី ១៣ ខែតុលា ព្រះមហាក្សត្រថៃ ព្រះចៅយូហួរ សម្តេចព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានចូលទិវង្គត ក្នុងជន្មាយុ ៨៨ ព្រះវស្សា ដែលជា «ជារជ្ជកាលទី 9» នៃអង្គព្រះមហាក្សត្រថៃ  ។

៥. ថ្ងៃទី 9 វិច្ឆិកា ក៏ជាទិវាអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៣ តួលេខបូក (6+3) = 9 ថ្ងៃកំណើតរបស់កងយោពលខេមរភូមិន្ទ ១៩៥៣ – ៩ វិច្ឆិកា ២០១៦ ដែលបានឆ្លងកាត់អន្តរកាលនៃប្រវត្តិសាស្ត្របំពេញបេសកកម្មបម្រើជាតិមាតុភូមិ ។ ពិធីនេះប្រារព្ធធ្វើនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

៦. ជួននឹងឆ្នាំនេះ 2016 ដែលយើងបូកទៅបានលេខ (2+0+1+6) = 9  ដែរនោះ គឺការប្រារព្ធឡើងវិញ ពិធីអុំទូក អក អំបុក លយប្រទីប និង សំពះព្រះខែ ដែលបានខកខានធ្វើអស់ ៣ ឆ្នាំមកហើយនោះ ត្រូវបានរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរៀបចំឡើងធ្វើឡើងវិញ ដូច្នេះចាត់ទុកថាជាឆ្នាំពិសេស ចៃដន្យដ៏កម្រ ដែលកើតមានព្រឹតិ្តការណ៍លេចធ្លោ «លេខ 9» ទាំងប៉ុន្មាននេះ ។

បើប្រិយមិត្តបានដឹងពីព្រឹត្តិការណ៍លេខ 9 ផ្សេងទៀត ជួយប្រាប់បន្ថែមផង ៕

 

 

 

Loading...