តើឆ្នាំ ២០១៧ នេះ អង្គភាពប្រឆាំងអំពើពុករលួយ មានផែនការប្រយុទ្ធអ្វីខ្លះ… សូមអានកិច្ចសម្ភាសទាំងស្រុងនៅខាងក្នុង

ក្រោយពីបញ្ចប់ទិវាអបអរសាទរបុណ្យ ៧ មករាផង ទិវាជាតិ អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូផង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) កាលពីថ្ងៃទី ៦ ខែមករាមក ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើសន្និសីទកាសែត សួរឆ្លើយ ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម ៖

អ្នកកាសែត ៖ ឯកឧត្តមឆ្នាំក្រោយថា មានការកាត់បន្ថយអ្នកសង្កេតការណ៍ឱ្យត្រឹម ៣ ពាន់នាក់ ហេតុអ្វី?

ឯកឧត្តម ឱម យ៉ិនទៀង : យើងខ្ញុំសង្កេតឃើញថា យើងចង់ប្រើប្រាស់កម្លាំងឱ្យមានប្រសិទ្ធភាព ដូច្នេះយើងគិតថា ជាង ៣.៨០០ បន្ទប់ ដូច្នេះកម្លាំង ៤.០០០ នាក់នេះអាចសមរម្យល្មម ដើម្បីធានាកិច្ចការបាន ហើយយើងក៏ដកពិសោធ ជាពិសេសឆ្នាំ ២០១៦ នេះដែរឃើញថា កម្លាំងខ្លះក៏មានសល់ ។

អ្នកកាសែត ៖ ឯកឧត្តមយល់យ៉ាងម៉េច បានជាយកប្រធានបទ «រស់ជាមួយភាពស្អាតស្អំ» នៅក្នុងឆ្នាំនេះ ?

ឯកឧត្តម ឱម យ៉ិនទៀង : ខ្ញុំគិតថា  ពីមួយឆ្នាំទីមួយឆ្នាំ យើងដាក់មូលបទ ហើយយើងខ្ញុំគិតថា ឆ្នាំ ២០១៧ ក៏ជាឆ្នាំបោះឆ្នោតដែរ គួរតែប្រឡងប្រជែងនាំគ្នារស់នៅឱ្យស្អាតស្អំទៅ ក្រែងប្រជាជនគាត់ស្រឡាញ់ច្រើន ។ អ្នកណាដែលរស់នៅដោយស្អាតស្អំ ខ្ញុំជឿថា អ្នកនោះនឹងទទួលការជឿទុកចិត្តពីប្រជាជន ចឹងមូលបទខ្ញុំជាមូលបទមួយ ផ្សារភ្ជាប់បច្ចុប្បន្នភាពរបស់ប្រទេសជាតិដែរ ។

អ្នកកាសែត ៖ ឯកឧត្តមអាចថានៅកម្ពុជាយើងប្រើពេលវេលាផ្សព្វផ្សាយអប់រំប្រជាជនរយៈពេលប៉ុន្មានឆ្នាំទៀត ?

ឯកឧត្តម ឱម យ៉ិនទៀង : ទោះនៅសហរដ្ឋអាមេរិក ធ្វើមុនយើងមិនដឹងប៉ុន្មានទសវត្សរ៍ហើយហ្នឹង ក៏គេនៅតែបន្តធ្វើ អ៊ីចឹងខ្ញុំគិតថា ការអប់រំផ្សព្វផ្សាយជាកិច្ចការមួយដែលមិនមានទីបញ្ចប់ទេ ពីព្រោះអី ពីព្រោះថា អំពើអសកម្ម មិនថាទៅលើពុករលួយមួយទេ លើបញ្ហាអីៗផ្សេងទៀត សុទ្ធតែ វាវិវឌ្ឍទៅតាមការជឿនលឿនរបស់បច្ចេកវិទ្យាដែរ ពីមុនពួកភេរវករអត់ចេះប្រើហ្វេសប៊ុកទេ យើងក៏អត់ចេះប្រើ តែនៅពេលយើងចេះប្រើ ពួកនោះក៏ចេះប្រើ ចឹងគេត្រូវធ្វើយ៉ាងម៉េចដែរ អ៊ីចឹង អំពើពុករលួយ ពីមុនយើងឃើញហុចលុយៗទៅ ចុះឥឡូវនេះ អំពើពុករលួយវាលាក់បាំងច្រើនជាងហ្នឹង មានវីង មានការផ្ទេរតាមធនាគារ វាមានអ៊ីចេះ មានអ៊ីចុះ មានការបិទបាំង យើងក៏ត្រូវរត់តាមសភាពការណ៍ថ្មី ការអប់រំយើងថ្មីដែរ បន្តិចទៀត ការអប់រំផ្សព្វផ្សាយ មិនមែនដូចថ្ងៃនេះ ៣-៤ ឆ្នាំទៀត ប្រហែលជាការអប់រំត្រូវប្រើប្រព័ន្ធយ៉ាងម៉េច ទាំងអស់គ្នាដើម្បីងាយស្រួលទៅដល់ការត្រួតពិនិត្យដែរ អ៊ីចឹងខ្ញុំគ្រាន់តែបញ្ជាក់ជូនថា សម្រាប់ខ្ញុំ ការអប់រំផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយ ក៏ដូចជាការប្រឆាំងនូវអំពើអសកម្មផ្សេងៗទៀត នៅតែត្រូវការ សង្គមនៅត្រូវការមិនចេះចប់ទេ ។

អ្នកកាសែត ៖ ឆ្នាំថ្មីនេះអង្គភាពប្រឆាំងអំពើពុករលួយ មានផែនការអ្វីទៀត ?

ឯកឧត្តម ឱម យ៉ិនទៀង : យើងទើបធ្វើការបូកសរុប ៣ ឆ្នាំ ហើយយើងបានប្រមូលអំពីបញ្ហាប្រឈម អំពីចំណុចអ្វីដែលជាចំណុចខ្លាំង ចំណុចខ្វះខាត បូកគ្នា ដើម្បីដាក់ចេញ នូវការងារសម្រាប់ឆ្នាំទៅមុខទៀត ប៉ុន្តែយើងខ្ញុំចង់និយាយដោយត្រង់ដែរថា ឆ្នាំ ២០១៧ យើងនឹងបើកពង្រីកការិយាល័យប្រឆាំងអំពើពុករលួយទៅតាមបណ្តាខេត្ត ដើម្បីធានារ៉ាប់រងកិច្ចការថ្មីៗមួយចំនួនទៀត ទី ២ យើងនឹងមានការរៀបចំជាក្រុមជំនាញ នៃនគរបាលយុត្តិធម៌របស់ខាងអង្គភាពប្រឆាំងអំពើពុករលួយ ឧទាហរណ៍ ក្រុមណាជំនាញខាងអី ដើម្បីធ្វើយ៉ាងម៉េច ពួកយើងសិក្សាហើយ នៅក្នុង ៣ ឆ្នាំកន្លងមក តើបទល្មើសអីកើតយ៉ាងម៉េច បទល្មើសអី ស្ថាប័នណាកើតច្រើន កើតតិច ចឹងយើងអាចគិតថា ឧបមាថាយើងចាំបាច់ត្រូវតែមានក្រុម ដែលទទួលបន្ទុកការប្រឆាំង មានស្ថាប័ន ជាកិច្ចការមួយថ្មី សំខាន់ដែលត្រូវទាមទារធ្វើនៅឆ្នាំ ២០១៧ ឱ្យបានល្អ ចឹងក្រុមហៅថា PJ នគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែមានមួយក្រុមដែលត្រូវទទួល ក្រុមណាទទួលបទល្មើសអី ជំនាញខាងអី ។ នេះជាបញ្ហាពីរ ដែលយើងត្រូវបំពាក់ជំនាញម្ខាងទៀត ហើយប្រធានអង្គភាពឱ្យអំណាចមកនគរបាលយុត្តិធម៌ ព្រោះតាមខ្លះនគរបាលយុត្តិធម៌មានសិទ្ធិអំណាចរៀបចំសំណុំបែបបទបញ្ជូនទៅតុលាការ យើងនឹងពង្រីកអំណាចឱ្យគាត់សិន ។

អ្នកកាសែត ពង្រីកប៉ុន្មានទៅនៅឆ្នាំ ២០១៧ ឬ  ទាំង ២៥ រាជធានី-ខេត្តតែម្តង ?

ឯកឧត្តម ឱម យ៉ិនទៀង : មកដល់ម៉ោងនេះ យើងខ្ញុំមានប្រហែលជិត ៥០០ នាក់ ហើយយើងត្រូវការខ្ទង់ជិត ២០០ នាក់ទៀត ប៉ុន្តែយើងនឹងពិនិត្យមើលកិច្ចការនេះ ព្រោះថវិកាមានកម្រិត ។

អ្នកកាសែត ៖ ដំបូងនេះ ខេត្តគោលដៅណាសំខាន់ៗ ឬ ក៏ ២៥ រាជធានី-ខេត្តតែម្តង ?

ឯកឧត្តម ឱម យ៉ិនទៀង : ដូចអូននិយាយអ៊ីចឹង ប្រហែលជាគេដាក់តាមខេត្តណា ដែលមានគោលដៅសំខាន់ៗ ។ មិនធ្វើគ្រប់មួយឆ្នាំ ដាក់ ២៤-២៥ រាជធានី-ខេត្តទេ, រាជធានីភ្នំពេញអាចដាក់មួយ ទោះបីខ្លួនថ្នាក់កណ្តាលនៅត្រង់ហ្នឹង ហើយ ៧-៨ ខេត្តទៀត ក្រៅពីភ្នំពេញខ្ញុំសំឡឹងឃើញមានខេត្តព្រះសីហនុ ព្រោះការវិនិយោកឆ្នាំទៅ សូមជម្រាបខ្ញុំបានជួបការវិនិយោគចិន ខ្ញុំមើលទៅឃើញការវិភាគរបស់គេកាលីបអន្តរជាតិ គេដឹងថា ឆ្នាំ ២០១៧ ជាឆ្នាំបោះឆ្នោត ឆ្នាំ ២០១៨ អាចពិបាក ប៉ុន្តែគេថា ឆ្នាំ ២០១៩ សេដ្ឋកិច្ចខ្មែរស្ទុះទៀត ហ្នឹងការវិភាគរបស់គេចឹង ។ ទី ២ គេថាចិនបានសម្រេចចិត្តធ្វើផ្លូវហាយវ៉េ ពីភ្នំពេញទៅកំពង់សោម បើគ្មានឧបសគ្គ ២ ឆ្នាំកន្លះហើយ គាត់ខ្លាចសង់ខុនដូ សង់អគារអីនៅកំពង់សោមអត់ទាន់ ២ឆ្នាំកន្លះ អ៊ីចឹងថ្មីៗនេះ យើងឃើញហើយមានការដាក់ទុន ៣ ពាន់លានដុល្លារថែមទៀតទៅកំពង់សោមធ្វើអីៗ ឃើញសញ្ញារត់សម្រាប់ ឆ្នាំ ២០១៩ អ៊ីចឹងក៏គេមានការទំនាក់ទំនងមកអង្គភាពខ្លាំងណាស់ដែរ ទីក្រុងប៉េកាំងក៏គេទាក់ទង ស្ថាប័នសមត្ថកិច្ចក៏ទាក់ទង ដើម្បីជួយមើលការវិនិយោគរបស់គេ ។ ក្នុងខែមករានេះ ខ្ញុំអាចចុះ MOU ចំនួន ២០០ ក្រុមហ៊ុនចិន ដើម្បីសន្យាគ្នាថាមិនសូក ហើយយើងខ្ញុំជួយគាត់ដើម្បីកម្ចាត់កុំឱ្យមានអ្នកណាមកស៊ីសំណូក សូកស៊ីទាំងពីរ អ៊ីចឹងយើងឃើញថា កំពង់សោមជាគោលដៅមួយធំ ខេត្តសៀមរាបក៏នៅតែជាគោលដៅ ឯខេត្តកំពង់ចាម ទៅខាងខេត្តស្វាយរៀង ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ ក៏ជាខេត្តគោលដៅ ។ យើងឃើញហើយ យើងស្តាប់ អានសារព័ត៌មាន យើងស្តាប់វិទ្យុ យើងមើលទូរទស្សន៍ ធ្វើស្ថិតិមានការរអ៊ូរទាំ ច្រកទ្វារព្រំដែនស្អីៗអស់នេះ អ៊ីចឹង វាគូរជារូបគំនូរមួយឱ្យយើងគួរដាក់ខេត្តណាមួយដូចអូនឯងសួរអ៊ីចឹង ។

អ្នកកាសែត ៖ ឯកឧត្តមជឿជាក់ទេថា អាចលុបបំបាត់បានទេ កន្លងមកគេលើកតែពីអំពើពុករលួយ អាចបំបាត់នៅឆ្នាំខាងមុខនេះបានទេ ?

ឯកឧត្តម ឱម យ៉ិនទៀង : ខ្ញុំគិតថា មនុស្សណាសន្យាថាមួយឆ្នាំ លុបបំបាត់បាន មនុស្សហ្នឹងអួតទេ ខ្ញុំក៏មិនដែលដាក់ការសង្ឃឹមខ្លួនឯងថា មួយឆ្នាំធ្វើឱ្យបានទេ គ្រាន់តែ ៥ ឆ្នាំកន្លងមកនេះ យើងស្តាប់សាំងហ្គាពួរ ដែលថាលេខ ២ ទៅចុះលើពិភពលោក ស្តាប់ហុងកុងចុះ ដែលថាគេក៏លេខ ២ លើពិភពលោក គេក៏សរសើរថា អ្វីដែលយើងធ្វើឱ្យប្រែប្រួលឥរិយាបថសង្គមក្នុងពេល ៥ ឆ្នាំបាន គឺជាកិច្ចការមួយលឿនណាស់ គាត់វិញណា ជំនាន់គាត់ ១៥ ឆ្នាំទើបបាន ប្រែប្រួលបានប៉ុណ្ណឹង  ក៏យើងមិនទាន់ពេញចិត្តដែរ ចំពោះបញ្ហានេះ ពីព្រោះយើងឃើញថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង»  យើងដឹងការលំបាករបស់យើង ច្រើនជាងហ្នឹង ប៉ុន្តែគេមើលមក គេឃើញថាលទ្ធនេះល្អ ។

អ្នកកាសែត ៖ តាមប្រសាសន៍ឯកឧត្តម គេវាយតម្លៃទៅ កម្ពុជាដើរលឿនជាងសាំងហ្គាពួរក្នុងការបំបាត់អំពុករលួយ ?

ឯកឧត្តម ឱម យ៉ិនទៀង : មិនមែនដើរលឿនទេ អាស្រ័យដោយគេឆ្លងកាត់បទពិសោធ យើងចេះយកបទពិសោធមកកំណត់ត្រា យើងមិនចំណាយពេល ខាតពេល និង ដកបទពិសោធខ្លួនឯង តែប៉ុណ្ណឹងទេ អ៊ីចឹងហុងកុងគេឱ្យបទពិសោធយើងម៉េចម៉េច សាំងហ្គាពួរ សហរដ្ឋ ចិន វៀតណាមគេឱ្យម៉េច អាស៊ានយើងជាច្រើនទៀត ម៉ាឡេស៊ី ឥណ្ឌូនេស៊ីក៏គេប្រឆាំងខ្លាំងដែរ ចឹងយើងខ្ញុំគិតថា បទពិសោធគេហ្នឹង ធ្វើឱ្យយើង សាកល្បងរបស់ខ្លួនយើងវាខ្លី យើងល្ង់ណាស់ដែលយើងនិយាយថា ពូកែជាងគេ យើងដើរលឿនជាងគេ ។

អ្នកកាសែត ៖ ចឹងប៉ុន្មានឆ្នាំទៀតទៅ ទើបកម្ពុជាមានភាពស្អាតស្អំ លែងមានអំពើពុករលួយ ?

ឯកឧត្តម ឱម យ៉ិនទៀង : ខ្ញុំគិតថា ១០០ ឆ្នាំទៀតក៏មិនអាចអស់ពាក្យ «លែង» ទេ ប៉ុន្តែ ភាពស្អាតស្អំកាន់តែគ្របដណ្តប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ អូនមើលចុះ ការប្រែប្រួល ៥ ឆ្នាំនេះ ពីមុនគេទៅកន្លែងណាក៏ដោយ រឿងឱ្យលុយឱ្យអី គឺដូចឱ្យលុយថ្លៃម៉ូតូឌុបអ៊ីចឹង តែជិះហើយត្រូវតែឱ្យលុយ ទៅស៊ីញ៉េអីឱ្យលុយទៅជាធម្មតា ។

អ្នកកាសែត ៖ ឯកឧត្តមមានប្រសាសន៍ថា ដើមឆ្នាំ ២០១៧ នេះនឹងមានចុះ MOU ជាមួយក្រុមហ៊ុន ២០០ មកទល់ពេលនេះ តើ ACU មានចុះបានប៉ុន្មានហើយ ?

ឯកឧត្តម ឱម យ៉ិនទៀង : មានចុះប្រហែលជា ១៥-១៦ ក្រុមហ៊ុន ។ ក្រុមហ៊ុនទី ១ គឺរបស់អាមេរិក គឺ កូកា កូឡា ហើយការចុះហ្នឹងហើយដែលគាត់បាននិយាយទៅលើពិភពលោកថា «សុំអញ្ជើញមកវិនិយោគនៅស្រុកខ្មែរចុះ គ្មានបរិយាកាសពុករលួយដូចគេផ្សាយទេ ស្រុកខ្មែរជាស្រុកមួយដែលអាចធ្វើការវិនិយោគបាន អូនដឹងហើយ កូកា កូឡា ជាក្រុមហ៊ុនមួយធំ ហើយក្នុងរយៈពេល ២ ឆ្នាំដែលយើងខ្ញុំធ្វើជាមួយ គាត់បានសន្យាដែរថា បើយើងធ្វើបាន បើគាត់ឈានទៅដល់ចំណុចស្តង់ដារដែលគាត់ចង់បាន គាត់នឹងវិនិយោគបន្ថែម ១០០ លានដុល្លារទៀតធ្វើ ហើយឥឡូវដូចជាខែកន្លងទៅ សម្តេច ហ៊ុន សែន អញ្ជើញទៅសម្ពោធវិនិយោគរោងចក្រថ្មីវិនិយោគ ១០០ លានដុល្លារដែលគាត់បានសន្យា ហើយ ១៦ កិច្ចសន្យាក៏មានជំនួយសហគមន៍អឺរ៉ុប កន្លងមក សុំជម្រាបអត់ទាន់ជាមួយចិន គឺសុទ្ធតែជាមួយពួកខាងលិច អឺរ៉ុប អាមេរិក  អ៊ីចឹងឥឡូវខាងចិនក៏គេទាមទារដែរថាគេក៏មានចំនួនអ្នកវិនិយោគច្រើន ដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែមានភារកិច្ចពិនិត្យមើល និង ជួយការពារគេ ។

អ្នកកាសែត ៖ ឯកឧត្តម ចំណុចកិច្ចព្រមព្រៀងមានអីសំខាន់ៗដែរឬទេ ?
ឯកឧត្តម ឱម យ៉ិនទៀង : គ្មានអីសំខាន់ទេ កិច្ចព្រព្រៀងផ្សាយចំហ ។ កិច្ចព្រមព្រៀងទី ១ ម្ចាស់វិស័យឯកជនសន្យាមិនសូកប៉ាន់អ្នកណា ហើយដើម្បីឱ្យ ACU ជឿថាមិនសូកប៉ាន់អ្នកណា ខ្លួនត្រូវមានយន្តការផ្ទៃក្នុង, ទី ១ ត្រូវមានផ្នែកមួយសម្រាប់អប់រំបុគ្គលិករោងចក្រខ្លួន មាន ២-៣ ពាន់នាក់ ឬ ៥០ នាក់ក៏ដោយ អប់រំច្បាប់ប្រឆាំងអំពើពុករលួយ, ទី ២ ត្រូវមានយន្តការច្បាស់លាស់ថា បើខ្លួនទៅរត់ការហើយមានអ្នកណាមកទារលុយខ្លួនត្រូវរាយការណ៍មក ACU យ៉ាងម៉េច អ៊ីចឹង មិនមែនស៊ីញ៉េហើយលំៗទេ ស៊ីញ៉េហើយគឺយើងមានចំណុចដែលចងគ្រប់គ្នា ប៉ុន្តែ ទី ២ បើអ្នកណាមកទារលុយ មកលើក្រុយមហ៊ុនវិញ មកខ្សឹបប្រាប់យើងខ្ញុំវិញ យើងខ្ញុំទៅដោះស្រាយ សូមជម្រាបថា យើងត្រូវគិតច្រើន អ្នកខ្លះខ្លាចការសងសឹក ខ្លាចការធ្វើបាបទៅវិញ ប៉ុន្តែយើងខ្ញុំថាឱ្យសាកប្រើយើងខ្ញុំចុះ តើមានគ្រោះថ្នាក់អីដល់វិញទេ អ៊ីចឹងតំបន់សេដ្ឋកិច្ចខ្លះ គឺយឺតតែ ៦ ម៉ោងទេ គាត់ប្តឹងមកយើងខ្ញុំថាយឺត ៦ ម៉ោងរបស់គាត់ ឱ្យខ្ញុំដោះស្រាយ ហើយដោះស្រាយកុំឱ្យប៉ះពាល់តំបន់ផលប្រយោជន៍របស់គាត់ តើយើងខ្ញុំធ្វើយ៉ាងម៉េច ខ្ញុំបើកអធិការកិច្ច ហើយសុំមើល ៥ ថ្ងៃ បញ្ជីអ្នកឯង ៥ ថ្ងៃ អ្នកឯងទទួលថ្ងៃណា អ្នកឯងដោះប៉ុន្មាន យើងឃើញ ១២ ករណីដែលអ្នកឯងយឺត យឺតប៉ុន្មាន យឺត ២ ថ្ងៃ យឺត ៦-៧ ម៉ោង ហើយយើងនឹងធ្វើការដោះស្រាយរួម អ្នកនោះមានដឹងថា អ្នកណាជាម្ចាស់ពាក្យប្តឹងឬទេ នេះជាវិធីយើងការពារអ្នកប្តឹង មិនឱ្យគាត់ប្រឈម ដល់គេប្តឹងមួយ យើងរុញគាត់ទៅលើជ្រុញជាមួយគេដែរ អាហ្នឹងគាត់ខ្លាច អ៊ីចឹងបានខ្ញុំសុំឱ្យវិស័យឯកជនសាកល្បងប្រើយើងខ្ញុំសិន ទុកចិត្តបានទេ បើទុកចិត្តបាន យើងទៅទៀត អ៊ីចឹងយើងឃើញថា គយ ពន្ធដារ CDC ព័ត៌មានដែលយើងខ្ញុំបាន ភាគច្រើនបានពីវិស័យឯកជនដែរ អ៊ីចឹងក៏សូមជម្រាបជូនដែរថា ក៏គួរតែធ្វើម៉េចផ្តល់សេវាដល់អ្នកនោះឱ្យបានត្រឹមត្រូវ ។

អ្នកកាសែត ៖ មកទល់ពេលនេះមានប៉ុន្មានហើយ វិស័យឯកជនបានប្តឹងមក ACU ចាត់ការបានអ្វី?

ឯកឧត្តម ឱម យ៉ិនទៀង : កន្លងមកយើងចាប់ ៥-៦ នាក់ ដែរ ៕

ដោយ សូរ្យរិទ្ធ

 

Loading...