អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនជនសង្ស័យពីរនាក់ ក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើរឆបោក ជំរិតទារប្រាក់ពីជនរងគ្រោះ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី14 ខែសីហា ឆ្នាំ2021 ម៉ោង 7:35 នាទី ល្ងាច

នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ ២០២១ នេះ ផេកហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អ.ប.ព. បានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ក្នុងករណីខុសគ្នា រយៈពេលពីរថ្ងៃដែលក្លែងខ្លួនជាមន្ត្រី អ.ប.ព. ទៅទារលុយពីគេ ។

កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់នៅកន្លែងនេះ កន្លែងនោះថា មានមន្ត្រី អ.ប.ព. បានទូរស័ព្ទទៅ សុំលុយ ឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ ។ ព័ត៌មានចុងក្រោយគឺមានអំពើទារលុយនេះរហូតដល់ ប៉ះមកលើអ្នកគ្រូនាយិកាសាលា និងមុខសញ្ញាមួយចំនួនទៀត ។ អ.ប.ព. បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័ស ប៉ុន្តែប្រមូលបានភស្តុតាងរឹងមាំជាក់លាក់លើករណីពីរខុសគ្នា ដែលករណីមួយកន្លែង ក្លែងជាអនុប្រធានអង្គភាព អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី ១ ឯករណីទី ២ យើងមានការហួសចិត្តដែលជានាយកសាលាមួយរូប ជានាយកសាលាតាំងពីឆ្នាំ 2015 មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមិនលើកលែងលើនាយករងរបស់ខ្លួន និងគ្រូរបស់ខ្លួនបីបួននាក់ទៀត ។ មុននឹងបញ្ជូនទៅតុលាការ អ.ប.ព. បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង ២ ករណីនេះសងលុយមកដល់អ្នករងគ្រោះបានយ៉ាងមានប្រសិទ្ធភាព ។

ជនសង្ស័យពីរនាក់នោះ មួយឈ្មោះ ហ៊ឹម ភាព ហៅ ជា សុភាព ហៅ ជា ភាព ហៅ ជា សុវណ្ណារិទ្ធ អាយុ ៥១ ឆ្នាំ មុខរបររត់ម៉ូតូឌុប និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី ១ បាន«ក្លែងឋានៈជាអនុប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ» ដោយនិយាយបំផិតបំភ័យទៅជនរងគ្រោះតាមលេខទូរស័ព្ទ 061 940 464 ដោយជំរិតទារប្រាក់ពីជនរងគ្រោះបានសម្រេច ៤ ដង សរុបមាន ៥០០ ដុល្លារ និង ៧០០.០០០ រៀល ពីថ្ងៃទី ៦ ដល់ ១០ ខែសីហា ឆ្នាំ ២០២១ ទទួលប្រាក់តាមរយៈកន្លែងវេរប្រាក់ Wing ។

ជនសង្ស័យទីពីរឈ្មោះ អ៊ុំ សេដ្ឋី អាយុ ៤០ ឆ្នាំ មានមុខងារជានាយកសាលាបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ បាន «ក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ» បានប្រើលេខ 071 99 71 013 និយាយបំផិតបំភ័យជនរងគ្រោះទាំងនោះថា ត្រូវគេប្តឹងមកកាន់ អ.ប.ព. ហើយសំណុំរឿងកំពុងស្ថិតក្នុងដៃរបស់ខ្លួន ប្រសិនបើខ្លួនចុះហត្ថលេខាបញ្ជូនសំណុំរឿងជូន ឯកឧត្តម ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នោះជនរងគ្រោះអាចប្រឈមមុខនឹងតុលាការ បាត់ បង់តួនាទីជាគ្រូ និងត្រូវចាប់ខ្លួនដល់ផ្ទះ...។ ជននេះជំរិតទារប្រាក់ពីជនរងគ្រោះបានសម្រេចចំនួន ៤ ដង មានទឹកប្រាក់សរុប ១៩០០ ដុល្លារ និង ២ លានរៀល ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ និងត្រូវឃាត់ខ្លួននៅកន្លែងវេរប្រាក់ Wing ។

ការប្រព្រឹត្តដ៏ងងើល «ក្លែងឋានៈជាថ្នាក់ដឹកនាំ និងមន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយ» ដើម្បីបោកបញ្ឆោត ជំរិតទារប្រាក់របស់ជនសង្ស័យទាំងពីរ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយស កិត្យានុភាព និងជំនឿទុកចិត្តរបស់ប្រជាជន មហាជនមកលើ អ.ប.ព. ។

ជនទាំងពីរត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃខុសគ្នា ម្នាក់នៅថ្ងៃទី ១២ សីហា និងម្នាក់ទៀតនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ហើយតុលាការកាត់ទោស និងសម្រេចឃុំខ្លួនរួចហើយ ។ 

ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាស ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម