អត្ថបទ សូរ្យសែង៖
ក្រសួងការងារថៃនឹងចាត់វិធានការទៅលើពលករបរទេសដែលចូលធ្វើការខុសច្បាប់ និងចុះត្រួតពិនិត្យតាមការដ្ឋានសំណង់ រោងចក្រ និងស្ថានទីធ្វើការផ្សេងៗ ដែលមានពលករមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និង លាវ ហើយក៏បានចុះទៅជួបថៅកែទាំងឡាយ ព្រមានឲ្យរៀបចំដំណើរការតាមប្រព័ន្ធច្បាប់ប្រទេសថៃ ។
ថៃនឹងបង្កើតក្រុមការងារ មានក្រសួងការងារ ផ្នែកអន្តោប្រវេសន៍ និងផ្នែកសន្តិសុខ មានប៉ូលិស កងទ័ព ដើម្បីបង្ក្រាប និងចាប់ឃាត់ខ្លួនពលករបរទេសណាដែលមកខុសច្បាប់បញ្ជូនទៅតុលាការ ។
ច្បាប់បានចែងថា «ប្រសិនរកឃើញពលករបរទេសខុសច្បាប់ក្នុងការដ្ឋានធ្វើការគ្មានលិខិតអនុញ្ញាត ថៅកែនោះនឹងត្រូវពិន័យពី ១០.០០០-១០០.០០០ បាតចំពោះមនុស្សម្នាក់ ។ បើមានបទល្មើសដដែលៗ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងហាមជួលជនបរទេសឱ្យធ្វើការរយៈពេល ៣ ឆ្នាំទៀត ។ ចំណែកជនបរទេសដែលចូលមកធ្វើការដោយគ្មានលិខិតអនុញ្ញាត ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០-៥០.០០០បាត និងត្រូវនិរទេសចេញពីប្រទេសថៃ ហើយមិនអាចទទួលបានប័ណ្ណការងាររហូតដល់ការកាត់ទោសត្រូវបានបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ»។
ដើម្បីឲ្យកម្មករអាចទទួលបានអត្ថប្រយោជន៍ផ្សេងៗតាមសិទ្ធិ ពួកគេមិនចាំបាច់រស់នៅដោយលាក់លៀម ដូច្នេះក្រសួងការងារបានស្នើគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ អនុញ្ញាតឱ្យជនបរទេសមកពីមីយ៉ាន់ម៉ា កម្ពុជា និងលាវ អាចស្នាក់នៅក្នុងប្រទេសថៃបានជាករណីពិសេស ក្រោមស្ថានការណ៍កូវីដរលកថ្មី ដោយអនុញ្ញាតឱ្យនិយោជកដែលជួលកម្មករចំណាកស្រុកដោយខុសច្បាប់ ដាក់ស្នើបញ្ជីឈ្មោះដើម្បីរាយការណ៍ពីបំណងចង់ជួលជនបរទេសតាមរយៈប្រព័ន្ធអនឡាញ ដែលធ្វើឱ្យកម្មករជាង ៤ សែននាក់មាន ៣សញ្ជាតិទទួលបានការអនុញ្ញាតឱ្យធ្វើការ ។
ក្រៅពីនោះក៏បានស្នើឡើងគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីអនុញ្ញាតឲ្យពលករចំណាកស្រុកដែលមានប័ណ្ណការងាររួចហើយ ឬត្រូវបានអនុញ្ញាតឱ្យធ្វើការ ប៉ុន្តែមិនអាចសុំប័ណ្ណការងារតាមដំណាក់កាលបាន ដោយសារវិធានការត្រួតពិនិត្យ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អាចស្នាក់នៅក្នុងប្រទេសថៃ ដើម្បីបន្តធ្វើការរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ឬរយៈពេល ២ ឆ្នាំ គិតចាប់ពីថ្ងៃដែលការអនុញ្ញាត និងផុតកំណត់ រួមទាំងការពន្យារពេលស្វែងរកនិយោជកពី ៣០ថ្ងៃ ទៅ ៦០ថ្ងៃ ដែលអនុញ្ញាតឱ្យពលករបរទេសជាង ១០ម៉ឺននាក់ចូលធ្វើការ ជួយដោះស្រាយបញ្ហាជូននិយោជកដែលខ្វះខាតកម្លាំងពលកម្ម និងកាត់បន្ថយបន្ទុកចំណាយយ៉ាងច្រើន៕