ដោយ សូរ្យររិទ្ធ៖
កិច្ចពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំយោធា មីន អងឡាយ (Min Aung Hlaing) នៃមីយ៉ាន់ម៉ានៅថ្ងៃទី ៧ ខែមករានេះ សម្តេចតេជោមានប្រសាសន៍ថា នឹងប្រើប្រាស់កិច្ចប្រជុំនេះ ដើម្បីជំរុញការយល់ស្របទាំងប្រាំចំណុច ដែលមេដឹកនាំអាស៊ានបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ដែលជា គោលការណ៍ណែនាំសម្រាប់ដោះស្រាយវិបត្តិភូមា ។
មុនដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យមានបទឈប់បាញ់ និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបញ្ចប់អំពើហិង្សាដែលបានវាយលុកប្រទេសអស់រយៈពេលជិតមួយឆ្នាំមកនេះ ។
មុននេះក្រុមសិទ្ធិមនុស្ស និងសកម្មជនប្រឆាំងក្នុងស្រុករបស់មីយ៉ាន់ម៉ា បានអំពាវនាវឲ្យសម្តេចតេជោ ហ៊ុន សែន លុបចោលដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា ដោយពួកគេនិយាយថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យរបបយោធាស្របច្បាប់ ។ ប៉ុន្តែសម្តេចតេជោដែលពិភពលោកស្គាល់ថា ជាវីរបុរសសន្តិភាព «ឈ្នះ ឈ្នះ» បានមានប្រសាសន៍ថា ឲ្យមានការអត់ធ្មត់ វានឹងនឹងនាំផលវិជ្ជមានជូនដល់ប្រទេសមីយ៉ាន់ម៉ា ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងស្របពេលដែលអាស៊ានព្យាយាមជួយប្រទេសមីយ៉ាន់ម៉ាពីវិបត្តិ ប៉ុន្តែជិតមួយឆ្នាំទៅហើយវាហាក់ដូចនៅទ្រឹង មិនទៅមុខ ហើយបង្អែរបង្អង់ ទុករុញបាល់ឲ្យរមាលឆ្លងចូលឆ្នាំ ២០២២ ដែលកម្ពុជាជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន។ បាល់នៅស្ថិតនៅលើជើងកម្ពុជា តែសុច្ឆនៈរបស់មេដឹកនាំកម្ពុជា គឺចង់ទាញឲ្យស្ថានការណ៍នៅមីយ៉ាន់ម៉ា (ភូមា) ដែលកំពុងមានភាពកោលាហលមិនចេះចប់ មករកសភាពដើមវិញ ទើបមានដំណើរទស្សនកិច្ចនៅថ្ងៃទី ៧ ខែមករានេះ ហើយកាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះគឺមានគោលបំណងបង្កើតលំហសម្រាប់កិច្ចសន្ទនារួម និងការជឿទុកចិត្តផ្នែកនយោបាយរវាងភាគីទាំងអស់ ។
មានពួកវិភាគលើកឡើងថា «ប្រសិន សម្តេច ហ៊ុន សែន ចង់ជួយភូមាពិតមែន គាត់គួរលុបចោលដំណើរទស្សនកិច្ច លើកនេះ ហើយនាំអាស៊ានឆ្ពោះទៅរកផ្លូវដោះស្រាយស្ថានការណ៍សិទ្ធិមនុស្សដែលកំពុងអាក្រក់នៅភូមា ។ ការលើកឡើងនេះ វាហាក់ផ្ទុយ ១៨០ ដឺក្រេទៅនឹង«ឆន្ទៈក្លែងក្លាយ»ពីក្រៅដែលថា ចង់ដោះស្រាយៗៗ ប៉ុន្តែទាំងមហាអំណាច ទាំងលោកខាងលិច តែងយកវិធានការទម្លាក់ទណ្ឌកម្មដាក់នៅមុខ ។ តើមួយឆ្នាំកន្លងនៃស្ថានការណ៍វឹកវរនៅភូមា មានបរទេសណាចេញមុខមកដោះស្រាយឲ្យចេញជាផ្លែផ្កា ?
ឆ្នាំ ២០២២ ជាលើកដំបូងនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់មីយ៉ាន់ម៉ា ដែលពិភពលោកគួរមានសុទិដ្ឋិនិយមជាមួយនឹងបុរសសម្បូរបទពិសោធ ចៀសជាងបានតែស្រែក ហើយទុកចោល ១ ឆ្នាំកន្លងមក ៕