ដោយ សូរ្យរិទ្ធ
សហរដ្ឋអាមេរិកបានប្រកាសជាច្រើនសប្តាហ៍មកហើយថា រុស្ស៊ីនឹងចូលឈ្លានពានអ៊ុយក្រែនក្នុងពេលឆាប់ៗបន្ទាប់ពីបានបញ្ជូនទាហានបន្ថែមទៅជិតព្រំដែន រហូតដល់អ្នកខ្លះយល់ថា សហរដ្ឋអាមេរិកភ័យខ្លាចពេក តែការពិត រុស្ស៊ីបានធ្វើសង្រ្គាមជាមួយអ៊ុយក្រែនអស់រយៈពេល ៨ ឆ្នាំមកហើយ ។
ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការទទួលស្គាល់ស្ថានការណ៍នៃតំបន់ដូណេស (Donetsk) និង លូហានស៍ (Luhansk) នៅភាគខាងកើតអ៊ុយក្រែន និងប្រជាជនប្រើភាសារុស្ស៊ីដើម្បីទំនាក់ទំនង ថាជារដ្ឋឯករាជ្យ ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីបញ្ជាកងទ័ពរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការ «រក្សាសន្តិភាព» ក្នុងតំបន់ ដែលចាត់ទុកថាជាផ្នែកមួយនៃ«សង្រ្គាមកូនកាត់ (Hybrid warfare)»ជាមួយអ៊ុយក្រែន ។ គេហទំព័រអាល្លឺម៉ង់ dw.com បានរាយការណ៍កាលពីថ្ងៃមុនថា ទង្វើនេះបំផ្លាញស្ថិរភាពអ៊ុយក្រែន រុស្ស៊ីលែងពឹងផ្អែកលើសង្រ្គាមតាមរបៀបចាស់របស់ខ្លួនទៀតហើយ លើកនេះប្រើសង្រ្គាមកូនកាត់ ពួកគេប្រើទាហានស៊ីឈ្នួល វាយប្រហារតាមអ៊ីនធឺណិត និងបំភ្លៃព័ត៌មានដោយចេតនា ។
កាលពីមួយសប្តាហ៍មុន ប្រទេសអ៊ុយក្រែនមានការវាយប្រហារតាមអ៊ីនធឺណិត (សាយបឺរ) ដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងក្រសួងការពារជាតិ និងធនាគារធំពីរគឺ Privat Bank និង JSC Oschadbank ដែលលេងសើចចំពោះអតិថិជនធម្មតា ហើយប្រព័ន្ធធនាគារអនឡាញត្រូវបានប៉ះទង្គិចទាំងអស់ ។
ហេតុការណ៍នេះ ស្របពេលដែលមានសេចក្តីរាយការណ៍ព័ត៌មានពីរណសិរ្សភាគខាងកើតរបស់អ៊ុយក្រែនថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងរវាងក្រុមឧទ្ទាមដូណេស និង លូហានស៍ ដែលគាំទ្រដោយរុស្ស៊ី ជាមួយកងទ័ពអ៊ុយក្រែន ។ ចំណែកក្នុងរដ្ឋសភារុស្ស៊ីនៅពេលនោះ ជិតដល់ការទទួលស្គាល់ឯករាជ្យភាពរបស់ពួកផ្តាច់ខ្លួនអ៊ុយក្រែនផងដែរ ។ ទាំងអស់នេះគឺ ឧទាហរណ៍ខ្លះនៃសង្រ្គាមកូនកាត់ដែលរុស្ស៊ីបានធ្វើលើអ៊ុយក្រែនក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ ។
ម៉ាហ្គារ៉េត គ្លេន (Margaret Klein) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសន្តិសុខអាល្លឺម៉ង់ (SWP) ទីក្រុងប៊ែរឡាំង អ្នកជំនាញអឺរ៉ុបខាងកើតបានប្រាប់ទូរទស្សន៍ DW ថា វិធីសាស្រ្តមិនប្រើយោធាគឺ «បេះដូងនៃសង្រ្គាមកូនកាត់ »។
លោក Supalak Kanchanakhundi អ្នកស្រាវជ្រាវមហាវិទ្យាល័យ អន្តរជាតិ ព្រីឌី ភ្នំយ៉ុង សកលវិទ្យាល័យធម្មសាតថៃ អតីតនិពន្ធនាយកកាសែត The Nation និយាយថា «សង្គ្រាមកូនកាត់ត្រូវបានធ្វើដើម្បីកំណត់រង្វង់នៃសង្គ្រាម យុទ្ធសាស្ត្រគ្រប់គ្រង ដែលយុទ្ធសាស្ត្ររបស់រុស្ស៊ី គឺដើម្បីទទួលបានឥទ្ធិពលលើព្រំដែននៃអឺរ៉ុបខាងកើត និងអ៊ុយក្រែន ប៉ុន្តែមិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាមពេញលេញជាមួយសម្ព័ន្ធមិត្តណាតូទេ ។ ដូច្នេះវិធីសាស្រ្តកូនកាត់ជាច្រើនយ៉ាង ទាំងការទូត ទំនាក់ទំនងព័ត៌មាន ការពង្រីកឥទ្ធិពលនយោបាយ ដែលកាន់តែងាយស្រួលសម្រេចបាន» ។
«ប្រសិនបើសង្រ្គាមពេញលេញនៅតែបន្ត រុស្ស៊ីខូចខាតច្រើន ឯណាតូមិនបានត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារទេ។ មនុស្សគ្រប់រូបចង់ពង្រីកឥទ្ធិពលនយោបាយរបស់ពួកគេសម្រាប់សន្តិសុខនៅតាមព្រំដែន ជាជាងការចាប់ផ្ដើមសង្រ្គាម ដោយសារសង្គ្រាមត្រូវការដើមទុនខ្ពស់ ទាំងរុស្ស៊ី និងអាមេរិកធ្លាប់មានបទពិសោធន៍មិនល្អរួចមកហើយជាមួយនឹងការដណ្តើមយកទឹកដី ដូចជា រុស្ស៊ីកាន់កាប់អាហ្វហ្គានីស្ថានរយៈពេល ១០ ឆ្នាំ ឯអាមេរិកកាន់កាប់អស់រយៈពេល ២០ ឆ្នាំ ហើយទាំងពីរត្រូវដកថយរៀងខ្លួនឲ្យពួកតាលីបង់គ្រប់គ្រង ។ អ្នកស្រាវជ្រាវនិយាយថា យោងតាមយុទ្ធសាស្ត្ររុស្ស៊ីត្រូវតែឈ្លានពានក្នុងកម្រិតជាក់លាក់មួយ ឬបង្ហាញថាខ្លួននឹងឈ្លានពានដើម្បីកសាងអំណាចចរចា មុនពេលចរចា ។ ប៉ុន្តែឥឡូវនេះ ភាពស្របច្បាប់នៃការលុកលុយមានមិនច្រើនទេ ។ ការទទួលស្គាល់តំបន់ពីរចាត់ទុកជាការរារាំង រហូតដល់ក្រុមឧទ្ទាមបានបង្កហេតុ ហើយរដ្ឋាភិបាលអ៊ុយក្រែនប្រើកម្លាំងដើម្បីបង្ក្រាប ដូច្នេះរុស្ស៊ីនឹងត្រូវបានគេចាត់ទុកថាជារឿងស្របច្បាប់ត្រឹមត្រូវក្នុងការចូលឈ្លានពាន ៕