ប្រែសម្រួលដោយ សូរ្យសែង៖
វេបសាយរបស់ថៃ mgronline សរសេររឿងរ៉ាវរបស់អ្នកកាសែតជាន់ខ្ពស់ជំនាន់មុនរបស់ថៃ ឈ្មោះ សៈឡាក់ លិខិតកុន ដែលបានកំណត់ត្រាប្រវត្តិខ្លះៗអំពីមេដឹកនាថៃពីអតីតកាល ដែលផ្តល់មូលដ្ឋានទ័ពអាមេរិកនៅក្នុងទឹកដីថៃ ។
ត្រូវបានគេស្គាល់ថា ហេតុអ្វីអ៊ុយក្រែនឥឡូវត្រូវរុស្ស៊ីវាយប្រហារ? នេះគឺដោយសារតែបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ក្រោមការដឹកនាំរបស់ប្រធានាធិបតី មីខាអ៊ីល ហ្គោបាឆូវ (Mikhail Gorbachev) ដែលបានបំបែកទៅជា ១៥ រដ្ឋតូចៗ ភាគច្រើនបានងាកទៅរកលោកខាងលិច ដោយសង្ឃឹមថានឹងជួយការពារពី ណាតូ ដែលបានពង្រីកជាបណ្តើរៗទៅជុំវិញរុស្ស៊ី រហូតដល់អ៊ុយក្រែន ដែលរុស្ស៊ីសង្ឃឹមថាជាការរារាំង ពេលដែលប្រធានាធិបតីបច្ចុប្បន្នដែលមកពីតារាត្លុកល្បី ប៉ុន្តែគ្មានបទពិសោធន៍ក្នុងរឿងនយោបាយ ក៏ចង់នឹងក្លាយជាសមាជិកនៃអង្គការណាតូផងដែរ, រុស្ស៊ីមិនអាចអនុញ្ញាតឲ្យអង្គការណាតូបង្កើតហ្គេម ដើម្បីវាយប្រហាររុស្ស៊ីទេ ។
ប្រទេសថៃស្ទើរតែដូចអ៊ុយក្រែន នៅពេលដែលរដ្ឋាភិបាលក្នុងសម័យមួយបានប្រើគោលនយោបាយជា «កូនជឹងអាមេរិក» ដោយបញ្ជូនទាហានទៅធ្វើសង្រ្គាមនៅវៀតណាម ដែលពេលនោះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានយោធានៅ ខេត្តតៈផៅ, ឧត្តរថានី, ណៈខនភ្នំ, អ៊ូប៊ុន, កូរ៉ាច, និង តាកលី រួមទាំងអាកាសយានដ្ឋានដនមឿងផងដែរ បានបញ្ជូនអ្នកប្រយុទ្ធដ៏មានឥទ្ធិពលបំផុត មានការដឹកជញ្ជូនគ្រាប់បែកទៅទម្លាក់នៅវៀតណាមខាងជើង និងលាវ ប្រមាណ ៨៧៥ ទៅ ១.៥០០ ជើងក្នុងមួយសប្តាហ៍ ។ យន្តហោះទម្លាក់គ្រាប់បែក B-52 មួយជើងអាចផ្ទុកបាន ៣២ តោន ប្រយុទ្ធអស់រយៈពេល ១៩ឆ្នាំ ៦ខែ មិនដឹងទម្លាក់គ្រាប់បែកប៉ុន្មានលានតោនទេ តែនៅតែបរាជ័យត្រូវដកទ័ពទៅវិញ ។
ប៉ុន្តែនៅពេលដែលអាមេរិកត្រូវដកទ័ពចេញពីវៀតណាមខាងត្បូងក្នុងខែមេសា ឆ្នាំ១៩៧៥ មុនប៉ុន្មានថ្ងៃ ប្រទេសថៃមាននាយករដ្ឋមន្ត្រីទី ១៣ គឺលោក ឃឹគ្រិត ប្រាម៉ូត ដែលជាទស្សនវិទូដ៏ជ្រាលជ្រៅទាំងផ្នែកប្រវត្តិសាស្ត្រ និងនយោបាយ បន្តធ្វើការជាមួយនឹងអាមេរិក ។
នៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយទៅកាន់សភានៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៧៥ នាយករដ្ឋមន្ត្រីបានប្រកាសពីបំណងចង់បង្កើតបេសកកម្មការទូតថ្មីរវាងប្រទេសថៃ និងចិន ដែលជាសញ្ញាមួយដល់ប្រទេសចិនដំបូង។
ជាបន្តបន្ទាប់នៅថ្ងៃទី៣០ ខែមិថុនា លោកនាយករដ្ឋមន្ត្រី រួមជាមួយឧត្តមសេនីយ៍ ឆាតឆៃ ឈុនហាវ៉ាន់ (Chatchai Choonhavan) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានហោះទៅដោយស្ងៀមស្ងាត់ ដើម្បីជួបជាមួយមេដឹកនាំចិន ដែលធ្វើឲ្យពិភពសេរីភ្ញាក់ផ្អើល ។
ពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីថៃ ជាការស្វាគមន៍ដ៏ធំធេងមិនធ្លាប់មានពីមុន ដែលប្រទេសចិនបានទទួល មិនថាជាប្រធានាធិបតីប្រទេសមហាអំណាច ឬជារដ្ឋបុរសនៃប្រទេសណាមួយឡើយ ក្រៅពីនិយាយជាមួយនាយករដ្ឋមន្ត្រី ចូវ អេនឡាយ និងឧបនាយករដ្ឋមន្ត្រី តេង ស៊ាវពីង ហើយលោកប្រធាន ម៉ៅ សេទុង ក្នុងវ័យចាស់ជរា ក៏បន្ថែមកម្មពិធីពិសេសដែលមិននឹកស្មានដល់ ។
ក្រោយពេលហេតុការណ៍ទៅជួបចិនមក ព្រឹត្តិការណ៍សំខាន់មួយបានកើតឡើង ដែលផ្តល់ឱកាសឱ្យប្រទេសថៃប្រកាសពីការផ្លាស់ប្តូរគោលនយោបាយ ។
នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៥ បន្ទាប់ពីលោក ឃឹគ្រិត បានធ្វើសេចក្តីថ្លែងការណ៍គោលនយោបាយរបស់គាត់ទៅកាន់សភានៅថ្ងៃទី ១៩ ខែមីនា «ករណី Mayaquez» បានកើតឡើងនៅពេលដែលកប៉ាល់ពាណិជ្ជករអាមេរិក កំពុងដឹកគ្រឿងបរិក្ខារពេទ្យ និងស្បៀងមកដល់កំពង់ផែ សាត់ហ៊ិប ពេលឆ្លងកាត់ជិតឆ្នេរសមុទ្រកម្ពុជា តែត្រូវបានរឹបអូសដោយនាវាចម្បាំងរបស់ខ្មែរក្រហម និងចាប់នាវិកជាចំណាប់ខ្មាំង ។ បន្ទាប់មក សហរដ្ឋអាមេរិកបានបញ្ជូនទាហានម៉ារីនចំនួន ១.០០០ នាក់ពីអូគីណាវ៉ាទៅកាន់មូលដ្ឋានទ័ព តៈភៅ ប្រទេសថៃ ហើយបានចូលទៅរំដោះយកនាវិកដែលត្រូវបានឃុំខ្លួននៅលើកោះមួយ ដោយចូលរួមពីយន្តហោះមកពីមូលដ្ឋាន ឧត្តរថានី និង ណៈខនរ៉ាចសីមា ។ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៣ថ្ងៃ នាវិកបានត្រឡប់មកវិញ ប៉ុន្តែទាហានអាមេរិក ៤០នាក់បានស្លាប់ និងបាត់ខ្លួនមួយចំនួន ។
រឿងនេះជាព័ត៌មានល្បីខ្ទខ្ទាជុំវិញពិភពលោក ។ រដ្ឋាភិបាលថៃចាត់ទុកអាមេរិកប្រើទឹកដីថៃធ្វើប្រតិបត្តិការនេះ គឺជារឿងខុស ។ លោក ឃឹគ្រិត ក៏បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកមកជួប ហើយតវ៉ាជាផ្លូវការប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក និងបានជំរុញឱ្យសហរដ្ឋអាមេរិកដកកងកម្លាំងទាំងនេះចេញជាបន្ទាន់ ។
ក្រោយមកនៅថ្ងៃទី១៧ ខែឧសភា លោក ឆាតឆៃ ឈុនហាវ៉ាន់ រដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកមកជួបដែរ ដើម្បីជូនដំណឹងជាផ្លូវការថា រដ្ឋាភិបាលថៃនឹងពិនិត្យរាល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ហើយនៅថ្ងៃដដែលនោះ ឯកអគ្គរដ្ឋទូតថៃប្រចាំក្រុងវ៉ាស៊ីនតោន ក៏ត្រូវបានបញ្ជាឲ្យត្រឡប់មកទីក្រុងបាងកកវិញ សម្តែងការមិនពេញចិត្តចំពោះសកម្មភាពនេះ ។
កាលពីថ្ងៃទី ២២ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក ចឺរ៉ាល់ ហ្វដ (Gerald Ford) បានរាយការណ៍ទៅសភាអំពីតម្រូវការចាំបាច់ជាបន្ទាន់ និងស្វែងយល់ពីបញ្ហាដែលកើតឡើងសម្រាប់រដ្ឋាភិបាលថៃ និងនៅតែគោរពអធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសថៃ ព្រមទាំងផ្តល់ជំនឿថា រឿងបែបនេះនឹងមិនកើតឡើងទៀតទេ ។
កំឡុងពេលនោះ និន្នាការសង្គមថៃ ទាំងនិស្សិត សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់បានដើរក្នុងទិសដៅតែមួយដើម្បីឲ្យអាមេរិកដកទ័ពចេញពីប្រទេសថៃ ។ ទីបំផុតដល់ពេលកំណត់ អាមេរិកត្រូវដកទ័ព ២៨.០០០នាក់ និងយន្តហោះ ៣០០គ្រឿងចេញពីប្រទេសថៃ។
ទោះយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ សហរដ្ឋអាមេរិកនៅតែចាប់អារម្មណ៍ ហើយនៅតែចង់បានអាកាសយានដ្ឋាន តៈផៅ ដដែល ព្រោះវាជាមជ្ឈមណ្ឌលដែលគ្រប់គ្រងចំណុចយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ ជាពិសេសការឡោមព័ទ្ធរបស់ចិន ប៉ុន្តែថៃនៅតែប្រកាសអព្យាក្រឹតភាពរបស់ខ្លួន មិនមែនជាឧបករណ៍សម្រាប់នរណាម្នាក់ទេ បើទោះជាអះអាងថាជាមជ្ឈមណ្ឌលសម្រាប់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយក៏ដោយ ឬស្ថានីយ៍ស្រាវជ្រាវ ដែលរដ្ឋាភិបាលមួយបាន «លេស»ធ្វើជាទទួលយក ប៉ុន្តែវាបានទទួលការប្រឆាំងយ៉ាងខ្លាំងពីប្រជាជន។
ករណីនេះបង្ហាញយ៉ាងច្បាស់ពីសារសំខាន់នៃការដឹកនាំប្រទេស បើយកអ្នកដែលគ្មានចំណេះដឹង និងគ្មានបទពិសោធន៍ អ្នកណាពូកែនិយាយ ហើយអាចសើចបាននៅដំណាក់កាលឃោសនាបោះឆ្នោត វានឹងនាំប្រទេសជាតិទៅវិនាសដូចអ៊ុយក្រែនសព្វថ្ងៃ ដូច្នេះតើការបោះឆ្នោតនៅពេលណា? ត្រូវចេះគិតគូរ អំពីវិបត្តិអ៊ុយក្រែនថ្ងៃនេះ ៕