សោកសៅណាស់ UN ឲ្យដឹងថា ប្រជាជនអ៊ុយក្រែន ១០ លាននាក់បោះបង់ផ្ទះសម្បែង  គេចពីសង្គ្រាម

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី21 ខែមិីនា ឆ្នាំ2022 ម៉ោង 7:39 នាទី ល្ងាច

កាលពីខ្ញុំនៅកុមារភាព ខ្ញុំបានស្គាល់រសជាតិសង្គ្រាម មិនខុសពីប្រជាជនខ្មែរដទៃទៀត ដែលបានឆ្លងកាត់លូនក្រាប គេចពីគ្រាប់កាំភ្លើងតូច កាំភ្លើងធំ សុទ្ធតែបានព្រាត់និរាសគ្រួសារ ផ្ទះសម្បែងត្រូវខ្ទេចហិនហោច មួយថ្ងៃៗឈ្ងៀមតែគ្រាប់រំសេវ ចាស់ៗលើកដៃបន់ស្រន់រាល់ថ្ងៃសុំឲ្យសង្គ្រាមឆាប់ចប់ ។ 

នៅពេលសម្តេចតេជោ ហ៊ុន សែន បានរកគន្លឹះបញ្ចប់សង្គ្រាមស្រុកខ្មែរ ពេលនោះទើបយើងម្នាក់ៗយល់មកដល់សព្វថ្ងៃថា «សន្តិភាព» មានតម្លៃលើសលុប មានតម្លៃមិនអាចកាត់ថ្លៃបាន ។ ដូច្នេះហើយទើបប្រជាជន ទន្ទេញជាប់មាត់ និងដក់ក្នុងចិត្ត នូវពាក្យស្លោកប្រើទូទាំងប្រទេស គឺ «អរគុណសន្តិភាព» ៕

ងាកមកមើលសង្គ្រាមអ៊ុយក្រែន អង្គការសហប្រជាជាតិ (UN) បានផ្សាយថា ការលុកលុយរបស់ទាហានរុស្ស៊ី បានធ្វើឲ្យប្រជាជនអ៊ុយក្រែនចំនួន ១០ លាននាក់ត្រូវបោះបង់គេហដ្ឋានរបស់ខ្លួន ម្យ៉ាងខ្ទេចខ្ទីដោយមីស៊ីលផង កម្រិតនៃគ្រោះមហន្តរាយមនុស្សធម៌បានបង្ហាញពីសញ្ញាដ៏តិចតួច បន្ទាប់​ពី​រុស្ស៊ី​បាន​បង្កើន​សម្ពាធ​ដោយ​កាំជ្រួច ​និង​ការ​បាញ់​កាំភ្លើង​ធំ ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក ហ្វីលីប៉ូ ហ្គ្រេនឌី (Filippo Grandi) បាននិយាយថា «សង្រ្គាមនៅអ៊ុយក្រែនគឺធ្ងន់ធ្ងរណាស់ ដែលបានបង្ខំមនុស្ស ១០ លាននាក់ឱ្យភៀសខ្លួន ធ្វើចំណាកស្រុកពីផ្ទះរបស់ពួកគេទៅកាន់តំបន់ផ្សេងទៀត ឬធ្វើអន្តោប្រវេសន៍ទៅបរទេស» មានន័យថា ស្ទើរតែមួយភាគបួននៃចំនួនប្រជាជនអ៊ុយក្រែនមុនពេលសង្គ្រាម ត្រូវតែជម្លៀសចេញពីផ្ទះរបស់ពួកគេ ។

UN ឲ្យដឹងទៀតថា ប្រជាជនអ៊ុយក្រែន ៣,៤ លាននាក់ ភាគច្រើនជាស្ត្រី និងកុមារ បានគេចទៅប្រទេសជិតខាង ដូចជាប្រទេសប៉ូឡូញជាដើម ហើយគេព្យាករណ៍ថា អាចកើនឡើងខ្ពស់ដល់ ៤ លាននាក់ និងប៉ះពាល់ ៥០.០០០ នាក់ក្នុងមួយថ្ងៃ ៕

រូប :Sergei SUPINSKY / AFP

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម