សម្តេចតេជោឲ្យប្រុងប្រយ័ត្នការឆ្លងកូវីដឡើងវិញ ស្របពេលពេលពិភពលោកចាប់ផ្តើមរាលដាលជាថ្មី មួយសប្តាហ៍មានអ្នកជំងឺថ្មី ១,១ លាននាក់ទូទាំងពិភពលោក

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី04 ខែកក្កដា ឆ្នាំ2022 ម៉ោង 6:41 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ជំងឺកូវីដ-១៩ នៅលើពិភពលោកបានត្រឡប់មករាលដាលសាជាថ្មីហើយ ដែលក្នុងមួយថ្ងៃឆ្លង ៨,៤ សែននាក់, បារាំង-អាល្លឺម៉ង់​កើន​លើស ១​សែននាក់ អ៊ីតាលី ៨,៣ម៉ឺននាក់ ខណៈ​អាមេរិក ៨,៥​ម៉ឺននាក់ ជប៉ុន​ឡើង​ខ្ពស់​​ឆ្លងថ្មី ២,៣ម៉ឺននាក់ ពេលនេះទីក្រុងតូក្យូបង្កើនកម្រិតប្រកាសអាសន្នអូមីក្រុងហើយ ។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីការកើនឡើងនៃករណីឆ្លងមេរោគនៅជុំវិញពិភពលោកថា អឺរ៉ុបអាចនឹងប្រឈមមុខនឹងការរីករាលដាលនៃមេរោគកូវីដធ្ងន់ធ្ងរនៅរដូវក្តៅនេះ  បន្ទាប់ពីចំនួនអ្នកឆ្លងបានកើនឡើងបីដងក្នុងរយៈពេលមួយខែកន្លងមកនេះ និងបានជំរុញ និងស្នើប្រទេសតាមដានការរីករាលដាល ។

ស្ថានភាពជំងឺកូវីដ១៩ ជុំវិញពិភពលោក គិតត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ មានករណីថ្មីចំនួន ៨៤០.២៧៨ នាក់ សរុបចំនួន ៥៥២.៦១០.០០២ នាក់ ព្យាបាលជាសះស្បើយ ៥២៧.៧៩៦.១៤៧ នាក់ និង ស្លាប់បន្ថែមចំនួន ១.៤៨៩ នាក់ ហើយចំនួនស្លាប់សរុបកើនឡើងចំនួន ៦.៣៨៧.៩៦២ នាក់នៅក្នុងម៉ោងចុងក្រោយ ។ សហរដ្ឋអាមេរិកឆ្លងសរុប ៨៩.៣៦០.០៨០ នាក់ ស្លាប់ថ្មី ២២៨ នាក់ សរុប ១.០៤២.៦៧៨ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ។

WHO បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី មាននិន្នាការកើនឡើងរហូតនៅទូទាំងពិភពលោក ដោយសប្តាហ៍កន្លងមក មានអ្នកជំងឺថ្មីកើនឡើង ១៨% ឬ ជាង ១,១ លាននាក់ទូទាំងពិភពលោក ខណៈដែលអ្នកស្លាប់នៅសប្តាហ៍មុនមានចំនួន ៨.៥០០ នាក់ ។

របាយការណ៍ប្រចាំសប្តាហ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ កើនឡើងខ្ពស់ក្នុងតំបន់មជ្ឈិមបូព៌ា ៤៧% ស្របពេលដែលប្រទេសអាស៊ីអាគ្នេយ៍ និង អឺរ៉ុបកើនឡើង ២៣% ហើយនិងសហរដ្ឋអាមេរិកកើនឡើង១៤% ខណៈដែលអ្នកសស្លាប់កើនឡើងក្នុង ៣ ភូមិភាគ គឺអាស៊ីអាគ្នេយ៍, មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក ។

របាយការណ៍ឲ្យដឹងទៀតថា ចំនួន ១១០ ប្រទេស ភាគច្រើនមានមូលហេតុពីបម្រែបម្រួលមេរោគអូមីក្រុង BA.4 និង BA.5 ។

សូមបញ្ជាក់​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ កំពុងមានការបំប្លែង វាមិនទាន់ចប់នៅឡើយទេ ឥឡូវនេះកំពុងស្ថិតក្រោមការគំរាមកំហែង ដោយសារបណ្តាប្រទេសនានាបានបន្ធូរបន្ថយវិធានការបិទខ្ទប់ ។

ជាចុងក្រោយ នាយកអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យប្រទេសនានាបង្កើតអភ័យឯកសិទ្ធិសម្រាប់ជនងាយរងគ្រោះបំផុត រួមទាំងមន្ត្រីសុខាភិបាលសាធារណៈ និងអ្នកដែលមានអាយុលើសពី 60 ឆ្នាំ ពីព្រោះមានមនុស្សរាប់រយលាននាក់ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយ​មាន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​ប្រសិនបើ​ឆ្លង​មេរោគ ​។ ខណៈពេលដែលអត្រាការចាក់វ៉ាក់សាំងបង្ការជាសកលមានលើសពី ១,២ ពាន់លានដូស ធៀបនឹងអត្រាចាក់វ៉ាក់សាំងជាមធ្យមនៅក្នុងប្រទេសក្រីក្រគឺមានប្រហែល ១៣% ប៉ុនណោះ ។

ចំណែកមេរោគអុតស្វាមកពេលនេះមានចំនួនសរុប ៤.១៧៧ នាក់ហើយ ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ ក្នុងចំនួននេះ នៅអង់គ្លេសមានកើន ២៥% អាល្លឺម៉ង់ ៨៣៨ នាក់ អេស្ប៉ាញ ៧៣៦ នាក់ និង បារាំង ៣៥០ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម