ពី mgronline ដោយ សូរ្យសែង៖
អ៊ុយក្រែន និងមហាអំណាចលោកខាងលិច បានបដិសេធមិនទទួលស្គាល់ថា គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូស្គូ ។ ហានិភ័យនៃការគំរាមកំហែងជាប្រព័ន្ធដល់រុស្ស៊ី និងការវាយប្រហារណាមួយពីខាងក្រៅ មកក្នុងភូមិភាគនេះ នឹងជំរុញឱ្យមានការវាយតបយ៉ាងធ្ងន់ ដែលអាចនិយាយថា «ថ្ងៃបញ្ចប់ពិភពលោក (Judgment Day)» នេះជាការព្រមានរបស់អតីតប្រធានាធិបតី ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) កាលពីថ្ងៃអាទិត្យ ទី ១៧ កក្កដា ។
រុស្ស៊ីបញ្ចូលគ្រីមៀ ដែលមានទីតាំងនៅសមុទ្រខ្មៅ បានពីអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីដែលគាំទ្រទីក្រុងមូស្គូនៅក្នុងទីក្រុងគៀវ ត្រូវបានផ្តួលរំលំចំពេលមានការតវ៉ាតាមដងផ្លូវក្នុងទីក្រុងមូស្គូ បន្ទាប់មកបានគាំទ្រក្រុមឧទ្ទាមបំបែកខ្លួនប្រដាប់អាវុធដែលគាំទ្ររុស្ស៊ី នៅតំបន់ ដុនបាស (Donbas) នៅភាគខាងកើតអ៊ុយក្រែន ។
នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារនៅគ្រីមៀ សារព័ត៌មាន Tas News បានដកស្រង់សម្តីលោក ម៉េដវេដេវ ថា «ថ្ងៃបញ្ចប់នៃពិភពលោកនឹងមកដល់យ៉ាងលឿន និងយ៉ាងធ្ងន់ធ្ងរ»។ លោកមិនបាននិយាយលម្អិតបន្ថែមទេ តែមុននេះគាត់ធ្លាប់ព្រមានសហរដ្ឋអាមេរិកម្តងហើយថា កំពុងស្ថិតក្នុងគ្រោះថ្នាក់ក្នុងការព្យាយាមដាក់ទណ្ឌកម្មលើមហាអំណាចនុយក្លេអ៊ែរដូចរុស្ស៊ី ស្តីពីប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន ដោយនិយាយថា វាអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ ។
មតិរបស់គាត់ត្រូវបានចាក់ផ្សាយមួយថ្ងៃ បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបានបង្ហាញថា គ្រីមៀដែលនៅតែត្រូវបានទទួលស្គាល់ដោយភាគច្រើននៃពិភពលោកថាជាផ្នែកមួយរបស់អ៊ុយក្រែន វាអាចជាគោលដៅវាយប្រហារដោយមីស៊ីល HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ។
លោក វ៉ាឌីម ស្គីប៊ីស្គី (Vadim Skibitsky) មន្ត្រីនៃសេវាកម្មស៊ើបការណ៍យោធាអ៊ុយក្រែន គាត់ត្រូវបានគេសួរក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរសទស្សន៍ប៉ុស្តិ៍លេខ១ ថា តើត្រូវប្រើរ៉ុក្កែត HIMARS ដើម្បីវាយប្រហារគោលដៅគ្រីមៀដែរឬទេ?
លោកបានឆ្លើយថា រុស្ស៊ីបានធ្វើការវាយប្រហារលើទឹកដីអ៊ុយក្រែនពីតំបន់គ្រីមៀ និងសមុទ្រខ្មៅ ដូច្នេះ ទាំងនេះជាគោលដៅសមស្របផងដែរ ។ គ្រីមៀមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី ក្នុងនោះរួមទាំងទីតាំងនៃទីស្នាក់ការនានា នៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី នៅទីក្រុងសេវ៉ាស្តូប៉ូល ៕