ដោយ ម៉ារ៉ា៖
រ៉យទ័រ រាយការណ៍ពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ថា រៀងរាល់សប្តាហ៍ លោក ធឿន ចន្ថា អាយុ ៤២ឆ្នាំ ជាងមាសខ្មែរ បានច្នៃសម្បកគ្រាប់ AK-47 និង M-16 ទម្ងន់ប្រហែល ៥គីឡូក្រាម ទៅជាគ្រឿងអលង្ការ ។
លោក ចន្ថា និយាយថា «ខ្ញុំជាជនរងគ្រោះនៃសង្គ្រាម ក្នុងនាមជាខ្មែរម្នាក់ដែលបានបាត់បង់សមាជិកគ្រួសារ ហើយឥឡូវនេះពិភពលោកក៏កំពុងមានសង្គ្រាម ពិភពលោកមិនត្រូវការសង្គ្រាមទេ យើងទាំងអស់គ្នាចង់បានសន្តិភាព»។
ចន្ថា ប្រមូលសម្បកគ្រាប់កាំភ្លើងចេញពីកន្លែងបាញ់ និងកន្លែងហ្វឹកហ្វឺនយោធាជុំវិញរាជធានីភ្នំពេញ ដែលតាមការត្រួតពិនិត្យត្រូវបានរកឃើញថា មានសុវត្ថិភាព គាត់នឹងរលាយវា ហើយចាក់ចូលទៅក្នុងធុងទឹក មុនពេលត្រជាក់ ។
ចន្ថា ធ្វើរូបលោហធាតុជាខ្សែដៃ ខ្សែក ចិញ្ចៀន និងក្រវិល ដោយមានរចនាយ៉ាងល្អិតល្អន់ ។ គាត់លក់ក្នុងតម្លៃ ៥-២០ ដុល្លារអាមេរិកក្នុងមួយគ្រឿង នៅតាមទីផ្សារទេសចរណ៍ដ៏ពេញនិយម ៕