អត្ថបទ សូរ្យរិទ្ធ៖
ធនាគារអភិវឌ្ឍអាស៊ី (ADB) បង្ហាញថា ការពង្រឹងយុទ្ធសាស្ត្រប្រឆាំងកូវីដ-១៩ របស់របស់ចិន និងការវិលត្រឡប់មកវិញនូវសេវាកម្មទេសចរណ៍បរទេសពីដើមឆ្នាំ ២០២៣ ជាបច្ច័យដ៏ល្អនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងច្រើន ។
សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងពង្រីកខ្លួន ៥,៥% ក្នុងឆ្នាំ ២០២៣ នេះ ហើយនិង ៦% ក្នុងឆ្នាំ ២០២៤ ពីការស្តារឡើងវិញ នៅពីក្រោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ក្នុងរបាយការណ៍ ។
សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍នេះពឹងផ្អែកលើវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិសម្រាប់ធ្វើដំណើរ សំណង់ អចលនទ្រព្យ និងកសិកម្ម ។
នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងដូច្នេះថា «ទោះបីជានិន្នាការពិភពលោកធ្លាក់ចុះក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែដំណើរការល្អ ជាលទ្ធផលនៃការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យទេសចរណ៍» ។
«ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ការថយចុះនៃឱនភាពគណនីចរន្ត និងអតិផរណាកម្រិតមធ្យមក្នុងឆ្នាំ២០២៣» នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចបង្ហាញថា កំណើនក្នុងវិស័យសេវាកម្មនឹងបន្តពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ហើយបានព្យាករណ៍ថា កំណើនក្នុងវិស័យសេវាកម្មត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 7.3% ក្នុងឆ្នាំ 2023 មុនពេលធ្លាក់ចុះមកនៅត្រឹម 6.8% ក្នុងឆ្នាំ 2024។
របាយការណ៍បញ្ជាក់ថា កំណើនវិស័យទេសចរណ៍នឹងកាន់តែខ្លាំងឡើងបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩ នៅប្រទេសចិន ដែលជនជាតិចិនជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។
ចំណែកកត្តាផ្សេងៗទៀត ជំរុញវិស័យសេវាកម្មនៅឆ្នាំនេះ គឺការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ របស់កម្ពុជាក្នុងខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែមិថុនា ព្រមទាំងការបោះឆ្នោតនៅខែកក្កដា ២០២៣ ។
របាយការណ៍បាននិយាយថា សម្ពាធអតិផរណាត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យម 3%នៅឆ្នាំ 2023 និង 4% នៅឆ្នាំ 2024 ដោយបន្ថែមថា ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើការបន្តខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការពង្រីកការវិនិយោគសម្រាប់កំណើនរយៈពេលវែង ។
របាយការណ៍លើកឡើងទៀតថា កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានរំពឹងថានឹងធ្លាក់ចុះដោយសារតែតម្រូវការខាងក្រៅខ្សោយ ពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់របស់ប្រទេស ។
ចំណែកទិន្នផលឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង 5.8% នៅឆ្នាំ 2023 មុនពេលកើនឡើងដល់ 7.8 %នៅឆ្នាំ 2024 តែកំណើនក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថានឹងនៅតែយឺត ។ ទន្ទឹមនឹងនេះ វិស័យកសិកម្មត្រូវបានគេរំពឹងថានឹងកើនឡើង 1.1% នៅឆ្នាំនេះ និង 1.2% នៅឆ្នាំ 2024 ដោយទទួលបានអត្ថប្រយោជន៍ពីការផលិតដំណាំសម្រាប់ការនាំចេញ ៕