ដោយ សូរ្យសែង៖
«ប្រាសាទអង្គរវត្ត» ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា រកចំណូលបាន ២០,៣ លានដុល្លារអាមេរិក ពីការលក់សំបុត្រក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើង ៥០២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៣,៣៧ លានដុល្លារអាមេរិក ។
នៅថ្ងៃសុក្រ ទី៤ ខែសីហា ក្រុមហ៊ុន Angkor Enterprise Limited បានបង្ហាញចំណូលពីទេសចរណ៍ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីបំផុតរបស់ប្រទេសក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៣ ។ របាយការណ៍បញ្ជាក់ថា រយៈពេល ៧ ខែនេះ បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៤៣៩.៣៦៥ នាក់ កើនឡើង ៤២៤% ពី ៨៣.៨៥៤នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប្រទេសដែលមកកម្សាន្តនៅអង្គរវត្តច្រើនជាងគេមាន ៥ ប្រទេស គឺសហរដ្ឋអាមេរិក អង់គ្លេស បារាំង កូរ៉េខាងត្បូង និងចិន។
អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា ប្រទេសចិនបានបើកដំណើរការឡើងវិញនៅដើមឆ្នាំនេះ និងបានជំរុញកំណើនភ្ញៀវទេសចរទៅទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន ។
ឧទ្យានប្រវត្តិសាស្ត្រអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប ភាគខាងលិចនៃប្រទេស បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩២ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់កម្ពុជា។
អង្គរវត្តគ្របដណ្តប់លើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណដ៏អស្ចារ្យនៃរាជធានីខ្មែរពីសតវត្សទី ៩ ដល់សតវត្សទី ១៥ និងមានបូជនីយដ្ឋានជាច្រើនដូចជា អង្គរវត្ត អង្គរធំ បាយ័ន និង ចៅសាយទេវតា នាគព័ន្ធ បន្ទាយស្រី ជាដើម ៕
ពី Xinhua