ចាប់ខ្លួនស្ត្រីអ៊ុយក្រែនម្នាក់ សង្ស័យជាចារកម្មរបស់រុស្ស៊ី ប៉ងធ្វើឃាត សេលេនស្គី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី08 ខែសីហា ឆ្នាំ2023 ម៉ោង 7:15 នាទី ល្ងាច

 

ប្រភពពី Thairath

ដោយ សាវុឌ្ឍ

 

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃទី 8 ខែសីហាថា ផ្នែកសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា ខ្លួនបានចាប់ខ្លួនស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ តាម​ការ​ចោទ​ប្រកាន់​ថា នាង​ជា​ចារកម្ម​រុស្ស៊ី និង​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ធ្វើ​ឃាត​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelensky) នៅពេលធ្វើដំណើរទៅតំបន់រងគ្រោះនាពេលកន្លងមក ។

SBU បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រី​ម្នាក់​នេះ​ត្រូវ​បាន​ចាប់​បាន ក្នុងពេលអ្នកស្រីនេះ ព្យាយាមបញ្ជូនព័ត៌មានសម្ងាត់ទៅប្រទេសរុស្ស៊ី ។ ទីភ្នាក់ងារនេះបាននិយាយទៀតថា អ្នកស្រីបានព្យាយាមប្រមូលព័ត៌មានស៊ើបការណ៍អំពីការធ្វើដំណើររបស់លោក សេលេនស្គី មុនពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ស្រុកមីកូឡាយីវ ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេស ដែលរងគ្រោះដោយទឹកជំនន់កាលពីខែមិថុនា ។

SBU ក៏បានផ្សព្វផ្សាយរូបភាពមិនច្បាស់នៃជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននៅក្នុងផ្ទះបាយ ដោយបានបិទមុខ ។ ជនសង្ស័យរស់នៅក្នុងទីក្រុងតូចមួយនៃ អូចាគីវ ជាកន្លែងដែលលោក សេលេនស្គី បានធ្វើដំណើរទៅកាលពីខែកក្កដា គាត់ធ្វើការនៅក្នុងហាងមួយនៅឯមូលដ្ឋានយោធាក្នុងទីក្រុង ។

លោក សេលេនស្គី បានបញ្ជាក់ថា គាត់ត្រូវបានជូនដំណឹងអំពីការចាប់ខ្លួន រួចនិយាយថា ប្រធាន SBU បានជូនដំណឹងអំពីវឌ្ឍនភាពលើការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម ។

កន្លងមក សេលេនស្គី បានធ្វើដំណើរទៅតំបន់មីខៃលូវក្នុងខែមិថុនា ដើម្បី​ពិនិត្យ​មើល​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​ការ​បាក់​ទំនប់​នៅកូហ្វកា ​បន្ទាប់​ពី​រុស្ស៊ី​បាន​វាយ​ប្រហារ​ទីក្រុង។

SBU បាននិយាយថា ខ្លួនដឹងពីផែនការធ្វើឃាតមុនការចាកចេញរបស់លោក សេលេនស្គី ទៅមីកូឡាយីវ ។ ដូច្នេះវិធានការសន្តិសុខបន្ថែមត្រូវបានដាក់ចេញ និងបានចោទប្រកាន់រុស្ស៊ីពីបទរៀបចំផែនការវាយប្រហារតាមអាកាសដ៏ធំនៅក្នុងតំបន់មីកូឡៃ ខណៈពេលដែលជនសង្ស័យព្យាយាមបញ្ជូនព័ត៌មានអំពីទីតាំងនៃប្រព័ន្ធថាមពល និងឃ្លាំងរំសេវរបស់អ៊ុយក្រែន ដែលអាចត្រូវបានកំណត់គោលដៅដោយយោធារុស្ស៊ី ។

ទោះយ៉ាងណាក៏ដោយ រឿងត្រូវបានគេយល់ថា SBU មិនបានចាប់ខ្លួនជនសង្ស័យនៅពេលដំណើរទស្សនកិច្ចរបស់ របស់លោក សេលេនស្គី ទៅ មីកូឡៃ ទេ តែជំនួសមកវិញបានប្រើវិធានការសន្តិសុខបន្ថែម ដើម្បីការពារការវាយប្រហារលើប្រធានាធិបតីអ៊ុយក្រែន ។ ក្រោយ​មក​សមត្ថកិច្ច​បាន​តាម​ដានជនសង្ស័យ ហើយ​រក​ឃើញ​ផែន​ការ រួមទាំងការងារដែលទទួលបានពីប្រទេសរុស្ស៊ី ។

ជា​លទ្ធផល នាង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ចលនា​អាវុធ​និង​កងទ័ព​អ៊ុយក្រែន​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយប្រសិនបើរកឃើញថាមានទោស នាង​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១២​ឆ្នាំ ។

អ៊ុយក្រែន ជារឿយៗបានចោទប្រកាន់អ្នកស្រុកដែលគាំទ្ររុស្ស៊ីក្នុងមូលដ្ឋានថា បានធ្វើចារកម្មលើការបញ្ជូនព័ត៌មានដើម្បីជួយដល់យោធាម៉ូស្គូ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម