ដោយ អោម សាវុឌ្ឍ៖
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃច័ន្ទ ទី ២១ ខែសីហា ឆ្នាំ ២០២៣ អំពីរោងចក្រមួយផលិតស្បែកជើងប៉ាត់តាដ៏ធំបំផុតមួយរបស់វៀតណាម ដែលផលិតផលម៉ាកប្រេនដ៍ ដូចជា Adidas, Nike និង និង Reebok នឹងបញ្ឈប់ការងារជាលើកទីបីក្នុងឆ្នាំនេះ។
ប្រទេសក្នុងអាស៊ានមួយនេះ ជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និង គ្រឿងសង្ហារឹម ធំបំផុតរបស់ពិភពលោក ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយសារតម្រូវការធ្លាក់ចុះបានប៉ះពាល់ដល់ការនាំចេញ ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដកស្រង់សម្តីមន្ត្រីនៅទីក្រុងហូជីមិញថា ក្រុមហ៊ុន PouYuen Vietnam ដែលជាសាខាសម្ព័ន្ធរបស់ក្រុមហ៊ុន Pou Chen Group ដែលមានមូលដ្ឋាននៅតៃវ៉ាន់នឹងបញ្ឈប់កម្មករជាប់កិច្ចសន្យាអចិន្ត្រៃយ៍ប្រហែល ១.២០០ នាក់ ចាប់ពីចុងខែសីហានេះតទៅ។
ក្រុមហ៊ុន PouYuen Vietnam បាននិយាយថា ការបញ្ឈប់ការងារគឺដោយសារតែការបញ្ជាទិញមិនបានងើបឡើងវិញ។ ទីភ្នាក់ងារព័ត៌មាន VnExpress បានរាយការណ៍ថា មានអតិថិជនតែពីរបីនាក់ប៉ុណ្ណោះដែលបញ្ជាទិញ។
នេះជាលើកទី៣ ហើយដែលការងារនេះត្រូវបានគេបញ្ឈប់។ ក្រុមហ៊ុនបានប្រកាសកាលពីខែឧសភាថា កម្មករជាប់កិច្ចសន្យាអចិន្ត្រៃយ៍ជិត ៦.០០០ នឹងត្រូវបញ្ឈប់ពីការងារ បន្ទាប់ពីបានបញ្ឈប់កម្មករពេញម៉ោងជិត ៣ពាន់នាក់កាលពីខែកុម្ភៈ។
ការប្រែប្រួលនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន PouYuen បានផ្តល់ឱ្យបុគ្គលិករបស់ខ្លួនចំនួន ២០.០០០នាក់នូវការឈប់សម្រាកដោយគ្មានប្រាក់ខែកាលពីឆ្នាំមុន។
យោងតាមការិយាល័យស្ថិតិវៀតណាមបានឱ្យដឹងថា នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ មនុស្សជាង ២១៧.០០០ នាក់បានបាត់បង់ការងារ ដែលភាគច្រើនធ្វើការនៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងអេឡិចត្រូនិក ៕