តើបន្ទប់ពេទ្យប៉ូលិសព្យាបាលលោក ថាក់ស៊ីន មានតម្លៃប៉ុន្មាន?

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី30 ខែសីហា ឆ្នាំ2023 ម៉ោង 7:58 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

បើកបរិយាកាសនៅជាន់ទី 14 និងតម្លៃបន្ទប់ Royal Suite នៃមន្ទីរពេទ្យប៉ូលីស ដែលលោក ថាក់ស៊ីន ឈិនវ៉ាត់» ដេកសម្រាកព្យាបាល បន្ទាប់​ពី​មន្ទីរ​កែ​សម្រួល​បាន​បញ្ជូន​គាត់​ជា​បន្ទាន់​ទាំង​កណ្តាល​យប់ ។

លក្ខណៈនៃអគារមន្ទីរពេទ្យប៉ូលិស មានទាំងអស់ ២០ ជាន់៖

អគារអ្នកជំងឺចាប់ពីជាន់ទី១ ដល់ជាន់ទី៨ នឹងក្លាយជាបន្ទប់ពិនិត្យដាច់ដោយឡែកមួយទៅតាមលក្ខណៈនៃជំងឺ។ ចំណែក​ជាន់​ទី​១០ ដល់​ជាន់​ទី​១១ ជា​បន្ទប់​ពេទ្យ​ផ្ទៃក្នុង​ពិសេស ចែក​ជា​បុរស ស្ត្រី និង​អ្នក​ប្រើ​ការងារ​គឺ​មន្ត្រី​ប៉ូលិស ។ ជាន់ទី ១២ ដល់ ១៣ ជាបន្ទប់ពេទ្យពិសេស ហើយនៅជាន់ទី ១៤ ដែលលោក ថាក់ស៊ីន ត្រូវបានគេរាយការណ៍ថា កំពុងសម្រាកព្យាបាល ជា «បន្ទប់ពិសេសកម្រិតខ្ពស់»។ ជាន់ទី ១៥-១៦ ជាបន្ទប់ ICU  និងបន្ទប់អ្នកជំងឺព្យាបាលរោគស្ត្រី ។ ជាន់ទី 17-18 គឺជាបន្ទប់សម្ភពពិសេស និង សម្រាប់អ្នកជំងឺវ័យចំណាស់ និងផ្នែកជំងឺដាច់សរសៃឈាមខួរក្បាល (stroke unit) ។ ចំណែកជាន់ទី ១៩ ជាការិយាល័យរបស់ប្រធានគ្រូពេទ្យ និងចុងក្រោយ ជាន់ទី ២០ គឺជាបន្ទប់ប្រជុំ ។

សម្រាប់បន្ទប់ Royal Suite នៃមន្ទីរពេទ្យប៉ូលីស អគារមហាភូមិភុនរាឆានុសន ព្រះជន្ម ៨៨ វស្សា ដែលបានព្យាបាលលោក ថាក់ស៊ីន នៅជាន់ទី ១៤ នៅពេលក្រុមព័ត៌មានចុះពិនិត្យ ជាន់នេះបែងចែកជាបន្ទប់ធំៗ នៅខាងក្នុងជាន់នេះចែកចេញជា 2 ស្លាប ។

បន្ទប់មានគ្រឿងបរិក្ខារដូចជា ទូរទស្សន៍ធំ ទូទឹកកក សាឡុង តុបរិភោគអាហារ គ្រែអ្នកជំងឺស្វ័យប្រវត្តិ ហើយ​មាន​គិលានុបដ្ឋាយិកា​មើលថែ​ទាំយ៉ាង​ដិតដល់ ​២៤ ​ម៉ោង ​ហើយ​បរិយាកាស​ពេល​មើល​ពី​ជាន់​ទី 14 នឹង​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ទីលាន​ប្រណាំង​សេះរបស់ Royal Bangkok Sports Club។ ក្រឡេកមើលពីលើ នឹងឃើញដើមឈើបៃតងខៀវស្រងាត់ និងស្មៅនៃទីលានវាយកូនហ្គោលនៅចំកណ្តាលទីក្រុង។

សម្រាប់ថ្លៃឈ្នួលបន្ទប់ពិសេសនៃមន្ទីរពេទ្យប៉ូលិស ត្រូវបានគេរាយការណ៍ថា មានផាសុកភាពល្អ តម្លៃមានចាប់ពី 5,000បាត ទៅ 8,500 បាត (140$ - 240$) ។

ការសាងសង់អគារមន្ទីរពេទ្យប៉ូលីសនេះ បានចំណាយថវិកាប្រមាណ ២,០០០លានបាត ដើម្បីផ្គត់ផ្គង់អ្នកជំងឺ និងប្រជាពលរដ្ឋទូទៅ រួមទាំងមន្ត្រីប៉ូលីស ដែលបានដំណើរការតាំងពីខែមករា ឆ្នាំ 2018 មក ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម