អីយ៉ា! ACU បើកវគ្គបណ្តុះបណ្តាល អត់យកលុយមួយរៀល ទទួលបាយថ្ងៃត្រង់ និងជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាទៀត!

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:06 នាទី ព្រឹក

 

by my Eye

អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាត់ថា អ.ប.ព. ឬ ACU នឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាល «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ» ដល់បេក្ខជនត្រៀមប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចូលបម្រើ អ.ប.ព. ឆ្នាំ២០២៣ ដោយឥតបង់ថ្លៃមួយរៀល និង ជូនអាហារថ្ងៃត្រង់ រួមទាំងជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមគ្រប់រូបទៀតផង ។ រហូតមកដល់ថ្ងៃនេះ (៥ កញ្ញា) មានបេក្ខជនចុះឈ្មោះរៀនជាងពីរពាន់នាក់ហើយ ។

មិនត្រឹមតែលើកនេះទេ កាលប្រឡងក្របខណ្ឌមន្ត្រីរាជការចូលបម្រើនៅ អ.ប.ព. ឆ្នាំ ២០២១ អ.ប.ព. ក៏បានបើកវគ្គបណ្តុះបណ្តាលដល់បេក្ខជនត្រៀមប្រឡងដូចគ្នានេះដែរ ដែលមានចំនួនជាង ២.០០០ នាក់ដោយមិនមាន​យកប្រាក់ពីបេក្ខជន​ណាមួយសេនឡើយ ។

ប៉ុន្តែថ្មីៗនេះ មានផេកហ្វេសប៊ុកមួយ បានយករូបសញ្ញា (Logo)របស់អង្គភាពប្រឆាំងអំពើពុករលួយទៅប្រើ ខុសច្បាប់ ដោយផុសបើកវគ្គបណ្តុះបណ្តាល ដល់បេក្ខជនត្រៀមប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃ អ.ប.ព. ឆ្នាំ២០២៣ដោយយកថ្លៃ30$/វគ្គទាំង អ.ប.ព. មិនដឹងខ្លួន

ទង្វើបែបនេះ ធ្វើឲ្យសាធារណជនយល់ច្រឡំថា អ.ប.ព. បង្រៀនយកលុយពីបេក្ខជន តែការពិត អ.ប.ព. មិនត្រីងៀត ឆ្លៀតពង អ៊ីចឹងទេ មានតែជួយសម្រួល​ជីវភាពដល់សិស្ស និស្សិត និងថែមទាំងយកគ្រូជំនាញផ្នែក​ច្បាប់​ចំណានៗ​របស់ អ.ប.ព.  មកបង្រៀនដោយមិនគិតថ្ងៃសៅរ៍ អាទិត្យឡើយ ។

បានឃើញ និងបានអានអត្ថបទនេះហើយ សូមសាធារណជន សិស្ស និស្សិត ឬអាណាព្យាបាលទាំងឡាយ ឈប់យល់ច្រឡំ ថា ផេកបង្រៀននោះជារបស់មន្ត្រីរបស់ អ.ប.ព. ហើយក៏សូមបញ្ឈប់យក Logo របស់ ACU មកដាក់បន្តទៅទៀត ។

អ.ប.ព. ក៏សូមអរគុណ ដែលគេនោះបានយកមេរៀនរបស់ អ.ប.ព. មកបង្រៀន និងមានទឹកចិត្ត​​ផ្តល់​ចំណេះដឹងដល់សិស្ស និស្សិតបែប​នេះ ក៏ប៉ុន្តែសូមចៀសវាងយក Logo របស់ អ.ប.ព. ទៅផុសលើ​បណ្តាញសង្គម នាំឲ្យគេយល់ច្រឡំមក​លើអង្គភាពប្រឆាំងអំពើពុករលួយតទៅទៀត ។

សូម សិស្ស និស្សិត មកចុះឈ្មោះរៀននៅ អ.ប.ព. ដែលនឹងចាប់ផ្តើមបើក​វគ្គ​នៅថ្ងៃសៅរ៍-អាទិត្យ ទី ៩-១០ កញ្ញា និងថ្ងៃសៅរ៍-អាទិត្យ ទី១៦-១៧ កញ្ញា ឆ្នាំ ២០២៣ នេះតទៅ សូមអានសេចក្តី​ជូនដំណឹង និងស្កេន QR code ដែលបានភ្ជាប់ជូនដូចខាងក្រោមនេះ ឬចុច Link: https://shorturl.at/aEFUX ដើម្បីចុះឈ្មោះ ៕

 

សូមអានលម្អិត ដូចខាងក្រោម៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម