នៅព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) មានជំនួបរវាង អ.ប.ព. និងគណៈប្រតិភូគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និង គណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគណៈប្រតិភូ អ.ប.ព. មានចំនួន ៦រូប ដឹកនាំដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. និងគណៈប្រតិភូគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និង គណៈកម្មការត្រួតពិនិត្យ កិច្ចការខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួន ៦ រូប ដឹកនាំដោយ លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈ កម្មាធិការបក្សកុម្មុនិស្តចិន ខេត្តហឺណាន, លេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅ អ.ប.ព. ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងនាមរាជរដ្ឋាភិបាលផង និងក្នុងនាម អ.ប.ព. ផង ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. បានមានប្រសាសន៍ជម្រាបជូនភ្ញៀវអំពី៖
-ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាអ្នកដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ
-អង្គភាពប្រឆាំងអំពើពុករលួយ ជាអ្នកអនុវត្តផែនការសកម្មភាព
ឯកឧត្តម កិត្តិ នីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានគាំទ្រចំពោះការសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ត្រង់ទៅ ត្រង់មក រវាងគណៈកម្មការអធិការកិច្ចវិន័យខេត្តហឺណាន និង អ.ប.ព. ហើយ និងរីករាយឆ្លើយតបរាល់សំណូមពររបស់គណៈប្រតិភូ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ផ្ញើជូនតាមរយៈគណៈប្រតិភូខេត្តហឺណាន ជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន ដែលធ្លាប់បានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងកិច្ចការផ្សេងៗ ។
ជាការតបវិញ លោកស្រី Qu Xiaoli មានប្រសាសន៍ថា លោកស្រី និងគណៈប្រតិភូមានកិត្តិយស និងសេចក្តីរីករាយដែលបានជួបជុំជាមួយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងសហការី ដែលបានទទួលការរាក់ទាក់ យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូខេត្តហឺណាន ។
លោកស្រីប្រធានប្រតិភូ មានប្រសាសន៍ទៀតថា ទំនាក់ទំនង ចិន-កម្ពុជា មានចំណងមេត្រីរាប់ពាន់ឆ្នាំមកហើយ ហើយឆ្នាំនេះ ថ្នាក់ដឹកនាំទាំងពីរ គឺលោកប្រធានាធិបតី ហ្ស៊ី ជិនពីង និង សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានរំឭកអំពីមិត្តភាព ថាជា«ឆ្នាំមិត្តភាព» ហើយការមកទស្សនកិច្ចរបស់គណៈកម្មការខេត្តហឺណាននៅ អ.ប.ព. លើកនេះ ក៏ជាឆ្នាំមិត្តភាពផងដែរ។
លោកស្រីថា គណៈប្រតិភូចិនខេត្តហែណានបានទទួលអត្ថប្រយោជន៍ច្រើនណាស់អំពីទស្សនកិច្ចនៅ អ.ប.ព. លើកនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សហប្រតិបត្តិការ ក្នុងគោលដៅរួមគ្នាប្រឆាំងអំពើពុករលួយឲ្យកាន់តែល្អប្រសើរ ។
លោកស្រី Qu Xiaoli បានជម្រាបប្រតិភូ អ.ប.ព. អំពីសកម្មភាពរបស់គណៈកម្មការអធិការវិន័យបក្សកុម្មុយនិស្តចិនខេត្តហឺណាន ដែលបានអនុវត្តយ៉ាងសកម្មលើគោលនយោបាយរបស់បក្សកុម្មុយនិស្តចិន ដោយរឹតបន្តឹងចំពោះច្បាប់ប្រឆាំងអំពើពុករលួយ មិនលើកលែងអ្នកប្រព្រឹត្តអំពើទុច្ចរិត អនុវត្តគោលការណ៍ «មិនហ៊ានពុករលួយ មិនចង់ពុករលួយ និង មិនអាចពុករលួយ» និងទ្រឹស្តី «វ៉ៃខ្លា ទះរុយ និង ចាប់កព្ជ្រោង» ។
គណៈប្រតិភូ ក៏បានអញ្ជើញទស្សនាបន្ទប់វាស់ស្ទង់ចម្លើយកុហក (Polygraph) បន្ទប់វិភាគពាក្យប្តឹង បន្ទប់ស្តាប់ចម្លើយ និងបន្ទប់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ផងដែរ ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. លើកបង្ហាញស្រោមឯកសារប្រកាសទ្រព្យរបស់
សម្តេចតេជោ ដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល មុនគេរហូត
ចុងបញ្ចប់នៃកិច្ចប្រជុំ គណៈប្រតិភូទាំងពីរ បានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងថតរូបរួមគ្នា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានតបតាមសំណូមពររបស់លោកស្រីប្រធានគណៈប្រតិភូខេត្តហឺណាន ចំពោះការអញ្ជើញប្រតិភូ អ.ប.ព. ទៅទស្សនកិច្ចនៅខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ ៕
រូបថត ACU