iPhone 15 ធ្វើពីទីតានីញ៉ូម តើទីតានីញ៉ូមជាអ្វី?

បច្ចេកវិទ្យាថ្ងៃច័ន្ទុ ទី18 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:58 នាទី ល្ងាច

 

ដោយ ម៉ារ៉ា៖

ក្រោយពីក្រុមហ៊ុន Apple បង្ហាញរូបឆោម iPhone 15 ស៊េរីថ្មីនៅសប្តាហ៍នេះ ដោយភ្ជាប់មកជាមួយនូវតួធ្វើពីទីតានី​ញ៉ូម ដែលធ្វើឱ្យវាក្លាយជាទូរសព្ទស្រាលបំផុតដែលក្រុមហ៊ុនមិនធ្លាប់ផលិត។ នេះជាព័ត៌មានមួយថ្មី អំពីអំពីទីតានីញ៉ូមគួរឱ្យចាប់អារម្មណ៍។ ទីតានីញ៉ូមត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងក្នុងការផលិតទូរស័ព្ទចល័ត។ ក្រុមហ៊ុនផលិតទីតានីញ៉ូមរបស់ចិន បាននិយាយថា ពួកគេរំពឹងថា តម្រូវការរ៉ែនឹងកើនឡើង បន្ទាប់ពីក្រុមហ៊ុន Apple ចេញលក់ iPhone ស៊េរីថ្មី ។

អ្វីដែលយើងលើកមកនិយាយនេះ មិនមែន Promote សម្រាប់ iPhone 15 ទេ តែឲ្យអ្នកប្រើស្គាល់អំពីរ៉ែទីតានីញ៉ូម ។
ទីតាញ៉ូមផលិតនៅឯណា?

រ៉ែទីតាញ៉ូម ត្រូវបានគេប្រើជាអេប៉ុងទីតានីញ៉ូម ដែលអាចបំប្លែងទៅជាលោហៈសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម។ ប្រទេសចិនគឺជាប្រទេសផលិតអេប៉ុងទីតាញ៉ូមដ៏ធំបំផុតរបស់ពិភពលោក ។ កាលពីឆ្នាំមុន ប្រទេសចិនបានផលិតអេប៉ុងទីតានីញ៉ូមច្រើនជាង 150,000 តោន ឬស្មើនឹង 58% នៃទិន្នផលពិភពលោកចំនួន 260,000 តោន។

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ក៏ត្រូវបានចង្អុលបង្ហាញផងដែរថា ប្រទេសផលិតអេប៉ុងទីតានីញ៉ូមធំជាងគេទីពីរគឺប្រទេសជប៉ុន (19%) បន្ទាប់មករុស្ស៊ី (10%) ខណៈដែលកាហ្សាក់ស្ថានផលិតបាន 16,000 តោន និងអ៊ុយក្រែន 1,000 តោន។

តើអ្នកណាជាអ្នកនាំចូល-នាំចេញ ទីតានីញ៉ូម?

យោងតាម ​​Trade Data Monitor (TDM) កាលពីឆ្នាំមុន សហរដ្ឋអាមេរិកគឺជាអ្នកនាំចូលធំបំផុតនៃអេប៉ុងទីតានី​ញ៉ូម ដែលស្មើនឹង 36% នៃទិន្នផលសរុបជិត 83,000 តោន។

ប្រទេស​ចិន​ជា​ប្រទេស​នាំ​ចូល​អេប៉ុង​ទីតាញ៉ូម​ធំ​ជាង​គេ​ទី​ពីរ​ដែល​មាន​ចំនួន​ជាង 13,000 តោន​កាល​ពី​ឆ្នាំ​មុន។ តាម​ពី​ក្រោយ​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន 9,000 តោន។

ប្រទេសជប៉ុនគឺជាប្រទេសនាំចេញអេប៉ុងទីតានីញ៉ូមដ៏ធំបំផុតរបស់ពិភពលោកកាលពីឆ្នាំមុន និងបានដឹកជញ្ជូនជិត 35,000 តោន តាមពីក្រោយដោយប្រទេសកាហ្សាក់ស្ថានដែលមាន 16,000 តោន និងអារ៉ាប៊ីសាអូឌីតមាន 10,000 តោន។

តើទីតានីញ៉ូមប្រើសម្រាប់អ្វី?

ទីតាញ៉ូមត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងឧស្សាហកម្មយន្តហោះ និងអវកាស ដើម្បីផលិតប្រព័ន្ធឧបករណ៍ចុះចត និង ផ្នែកឧស្សាហកម្មសមុទ្រ ។ សន្លឹកទីតានីញ៉ូមត្រូវបានប្រើក្នុងការផលិតកប៉ាល់ និងនាវាមុជទឹក ខណៈពេលដែលនៅក្នុងវិស័យរថយន្ត ទីតានីញ៉ូមត្រូវបានគេប្រើជាធាតុផ្សំនៅក្នុងម៉ាស៊ីនចំហេះខាងក្នុង ព្រោះវាជួយការពារការប្រេះនៅក្នុងដំណើរការគីមី។

ក្រៅពីនេះ ទីតានីញ៉ូមក៏ត្រូវបានប្រើប្រាស់សម្រាប់ការជំនួសប្ញស និងការផ្សាំធ្មេញផងដែរ ដោយសារតែវាស្រដៀងនឹងឆ្អឹងមនុស្ស។

ទីតានីញ៉ូម​ជា​លោហៈ​ដែល​រឹងមាំ​ដូច​ដែក ​តែ​ស្រាល​ជាង ៤៥% និង​មាន​ភាព​ធន់​នឹង​ការ​ច្រេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម