អង្គភាពប្រឆាំងអំពើពុករលួយ បន្តចុះយុទ្ធនាការផ្សព្វផ្សាយទិវា ៩ធ្នូ នៅតាមបណ្តាខេត្តមួយចំនួន

ព័ត៌មានសង្គមថ្ងៃពុធ ទី15 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 3:33 នាទី ល្ងាច

Bong Rith

ក្រុមការងារផ្សព្វផ្សាយអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រុមទី៤ ដឹកនាំដោយលោក កេ វជិរ៉ាវុធ ជំនួយការឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបន្តយុទ្ធនាការផ្សព្វផ្សាយទិវា ៩ធ្នូ ដំណាក់កាលទីពីរ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១១-១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងគោល​បំណង​បំផុសចលនាមហាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ពីអត្ថន័យនៃទិវា ៩ធ្នូ ដែលជាថ្ងៃប្រយុទ្ធប្រឆាំងអំពើពុករលួយជាតិ-អន្តរជាតិ ។

កម្មវិធីយុទ្ធនាការផ្សព្វផ្សាយនេះ រួមមាន ៖ (១) បទបង្ហាញដោយសង្ខេបឱ្យសាធារណជនបានស្គាល់អំពី អ.ប.ព. (២) បទបង្ហាញពីគោលបំណង និងអត្ថន័យ ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ (៣) កម្មវិធីសំណួរ-ចម្លើយ យករង្វាន់ (៤) ថតរូបអនុស្សាវរីយ៍រួមគ្នា  (៥) បិទ Poster និង យន្តការដាក់ពាក្យប្តឹងមក អ.ប.ព.។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានបើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ ក្នុងដំណាក់កាលទីមួយ តាមអនុវិទ្យាល័យ-វិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមានក្រុមការងារផ្សព្វផ្សាយចំនួន ៧ ក្រុមរួចមកហើយ ហើយនៅដំណាក់កាលទីពីរនេះទៀតសោត ក្រុមការងារចុះទៅផ្សព្វផ្សាយនៅតាមបណ្តាខេត្តមួយចំនួន មានដូចជា ខេត្តព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង កំពត កំពង់ចាម មណ្ឌលគិរី និងសៀមរាប ចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃប្រារព្ធទិវា ៩ ធ្នូតែម្តង ។

គោលដៅដែលក្រុមទី ៤ ចុះទៅផ្សព្វផ្សាយ រួមមាន មណ្ឌលសុខភាពក្រុងព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ  អគាររដ្ឋបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (សង្កាត់លេខ ១ សង្កាត់លេខ ២ សង្កាត់លេខ ៣ និងសង្កាត់លេខ ៤) មណ្ឌលសុខភាពក្រុង មន្ទីរពេទ្យបង្អែកខេត្ត បុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៤ ក្នុងឆ្នេរអូត្រេះ អូរឈើទាល ។

នៅគោលដៅចុងក្រោយនៃយុទ្ធនាការក្នុងខេត្តព្រះសីហនុរបស់ក្រុមទី ៤ នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានចុះផ្សព្វផ្សាយនៅផ្សារលើ ដោយបានបិទផ្ទាំងផ្សព្វផ្សាយរបស់ អ.ប.ព. នៅក្នុងបរិវេណផ្សារ និងបានចែកសៀវភៅច្បាប់ អ.ប.ព. សៀវភៅសរសេរ និងប្រតិទិន ជូនគណៈកម្មការ និងអាជីវករផ្សារលើផងដែរ ៕

 

រូបថត ACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម