មិននឹកស្មានដល់សោះ ទេសចរណ៍បារាំង ដោះស្បែកជើងដើរលើថ្មប្រាសាទ គាត់ថា មានអត្ថអត្ថប្រយោជន៍ពីរ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:45 នាទី ល្ងាច

អត្ថបទ ម៉ារ៉ា៖

កំពុងតែជក់ចិត្តដិតអារម្មណ៍ជាមួយនឹងទិដ្ឋភាពចម្លាក់ថ្មប្រាសាទនៅលើប្រាសាទបាភួន អ្នកសារព័ត៌មានគេហទំព័រ មតិអ្នក លោក ភូនម៉ារ៉ា បានក្រឡេកឃើញបុរសម្នាក់ ក្នុងចំណោម ៣ នាក់ យួរស្បែកជើង ដើរលើថ្មប្រាសាទដោយជើងទទេ ។

ពួកគាត់គឺជាក្រុមទេសចរណ៍មកពីអឺរ៉ុប ១. អាឡិចសាន់ដ្រូ ( Alexandro) ជនជាតិប៊ែលហ្ស៊ីក មកពីទីក្រុងប្រ៊ុចស៊ែល, លោក ប្រ៊ូយ៊េ (Bruier) ជនជាតិបារាំង មកពីទីក្រុងប៉ារីស និង វ៉ាំងសង់ (Vancent)  ជនជាតិបារាំង មកពីទីក្រុង​ប៉ារីស ដែលដោះស្បែកជើងកាន់ ។ ពួកគាត់ទាំងបីនាក់ជាវិស្វករព័ត៌មានវិទ្យា (IT) ធ្វើការនៅក្រុមហ៊ុនព័ត៌មានវិទ្យាជាមួយគ្នានាទីក្រុងប៉ារីស ។

ជាមួយនឹងកម្តៅថ្ងៃចែងចាំងលើថ្មប្រាសាទនារដូវរំហើយចុងខែវិច្ឆកា បុរស វ៉ាំងសង់ ដៃកាន់ស្បែកជើង ដើរដោយជើងទទេរ ទឹកមុខញញឹម និងដៃម្ខាងកាន់អាយហ្វូនទុកថតគ្នាគាត់ ។ ខ្ញុំក៏សួរទៅគាត់ថា «ហេតុអ្វីអ្នកដើរដោះស្បែកបែកជើង? គាត់ញញឹមមកកាន់ខ្ញុំ ហើយពោលថា «ខ្ញុំមិនពាក់ស្បែកជើងទេ នៅពេលខ្ញុំដើរជាន់ថ្មប្រាសាទដែលមានប្ញទ្ធិបារមី ជាថ្មបុរាណធម្មជាតិ អាចរក្សារកម្តៅបានយូរ ដោយស្ថិតក្នុងសីតុណ្ហភាពស្មើល្អ ។ កាលណាយើងដើរលើវា កំដៅពីថ្មនឹងបញ្ជូនកំដៅតាមរយៈបាតជើងចម្លងចូលមកក្នុងខ្លួនប្រាណយើង ធ្វើអោយចរន្តឈាមយើងរាវ ឈាមរត់ល្អ នាំឱ្យយើងស្រួលខ្លួន សុខភាពល្អ បាត់នឿយហត់ បាត់ឈឺចាប់សាច់ដុំ» ។ មួយទៀត ប្រាង្គប្រាសាទរបស់ខ្មែរ ស្អាតម៉ត់រលោង មិនគួរពាក់ស្បែកជើងដើរលើថ្មទាំងអស់នេះឡើយ ជាមួយនឹងការគោរព ប្រតិបតន៍ដល់បុព្វបុរសខ្មែរ… គាត់ពេញចិត្តនឹងដើរជើងទទេ!» ។ ពិតជាគួរឲ្យគោរព គាត់ជាពូជសាសន៍អឺរ៉ុប តែការគោរពប្រណិបតន៍ចំពោះប្រាង្គប្រាសាទដែលស្នាដៃរបស់បុព្វបុរសខ្មែរ មិនអាចកាត់ថ្លៃបាន ។ តើយើងជាខ្មែរគួរដោះស្បែកជើងដូចគាត់បានទេ ? សុំចម្លើយ ។

តាមទស្សនៈរបស់លោក វ៉ាំងសង់ ដែលបានលើកឡើងខាងលើ តាមវេជ្ជសាស្ត្រគឺជាការសមហេតុផលមួយ ពីព្រោះកម្តៅដែលមានសីតុណ្ហភាពស្ថិរ ដូចជាការយកកៅអ៊ៀកបិទបាតជើង ធ្វើឲ្យបន្ថយការឈឺចាប់ គេងលក់ស្រួល ក្រោកឡើងមានថាមពល ជួយកំចាត់ជាតិពុល ជាតិអាស៊ីត ជាតិខ្លាញ់ពីក្នុងរាងកាយ ជួយសម្រួលសរសៃឈាមក្នុងរាងកាយ ជួយសម្រួលបញ្ហាសន្លាក់ សាច់ដុំ ជួយសម្រួលអាការឈឺខ្នង ឈឺស្មា ឈឺចង្កេះ និង រំលាយខ្លាញ់ក្នុងរាងកាយ ។ សម្រាប់អ្នកបុរាណវិទ្យា យល់យ៉ាងណាដែរ សូមជួយបកស្រាយផង!

សម្រាប់យើងជាកូនខ្មែរ ប្រសិនបើថ្មប្រាសាទទាំងអម្បាលមាណ មានអត្ថប្រយោជន៍បែបនឹងមែន ជាមោទនៈ យើងកាន់តែកោតស្ញប់ស្ញែងនូវប្រាជ្ញា បណ្ឌិតរបស់បុព្វបុរស ដែលបានកសាងប្រាសាទថ្មដ៏​អច្ឆរិយៈទុកជា​កេរដំណែលឲ្យកូនខ្មែរជំនាន់ក្រោយហើយ ថែមទាំងមានប្រយោជន៍យ៉ាងមហាសាលចំពោះសុខភាព​មនុស្សទៀត ។

ក្នុងដំណើរទេសចរណ៍របស់ពួកគាត់មកកាន់ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០២៣ គឺជាថ្ងែបុណ្បអុំទូកទីមួយ ។ លោក ប្រ៊ូយ៊េ ជនជាតិបារាំង បានរៀបរាប់ថា «គាត់បានទស្សនាប្រាសាទបាយ័នកាលពីព្រឹកមិញ ប្រាសាទបាយ័នស្អាតអស្ចារ្យណាស់ រាល់ច្រកចូលទាំងបួនទិសស្អាតប្រណីត ទទួលបាន ៤ រូបភាពខុសគ្នា គយគន់មិនចេះឆ្អែត ថតមិនចេះធុញ! គាត់ថា ដំណើរកម្សាន្តមកកម្ពុជាលើកនេះ គឺជាការទស្សនាសិក្សាបុរេប្រវត្តិរបស់ខ្មែរ ហើយមកទល់នឹងពេលនេះ ជីវិតរបស់គាត់បានធ្វើដំណើរកម្សាន្តជាច្រើនប្រទេស តែមិនដូចប្រទេសណា ដែលមានប្រាង្គប្រាសាទច្រើនសន្ទឹកសន្ទាប់ ដូចប្រទេសកម្ពុជាឡើយ» ។

លោក អាឡិចសាន់ដ្រូ ជនជាតិប៊ែលហ្ស៊ីក ក៏មានអារម្មណ៍ស្ញប់ស្ញែង ជាមួយនឹងប្រជុំនៃប្រសាទទាំងឡាយ នៅម្តុំជិតៗគ្នា ងាយស្រួលក្នុងការទស្សនា ហើយសបញ្ចាក់ថា ទីក្រុងអង្គរធំសម្បើមណាស់ និងមានប្ញទ្ធិអំណាចខ្លាំងកាលពីសម័យដើម​​។​ ពួកគាត់បានស្ងើចសរសើរថា កម្ពុជាជាប្រទេសអច្ឆរិយៈ ដូចពិភពលោកស្ងើចសរសើរមិនខុសមែន។

ពួកគាត់បានប្រាប់យើងថា ក្រោយពីបញ្ចប់បុណ្បអុំទូក ពួកគាត់នឹងទៅទស្សនាបឹងទន្លេសាប កំពង់ភ្លុក បារាយណ៍ ទឹកថ្លា និងរមណីយដ្ឋានភ្នំគូលេនបន្តទៀត ៕

លោក ភូនម៉ារ៉ា អ្នកយកព័ត៌មានគេហទំព័រ មតិអ្នក

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម