សប្បាយលេងហើយ Team យើង ! TikTok ប្រជែង YouTube អាចផលិតវីដេអូបាន ៣០នាទី

បច្ចេកវិទ្យាថ្ងៃអាទិត្យ ទី28 ខែមករា ឆ្នាំ2024 ម៉ោង 7:05 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ទោះបីកន្លងមក TikTok ជាកម្មវិធីផលិតបានវីដេអូខ្លីក៏ដោយ ប៉ុន្តែវាបានក្លាយជាការពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ជុំវិញពិភពលោក ហើយឥឡូវនេះ វាកំពុងចាប់ផ្តើមសាកល្បងសមត្ថភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការបង្ហោះវីដេអូដែលមានរយៈពេលរហូតដល់ 30 នាទី ដើម្បីទាញយកប្រជាប្រិយភាពពីអ្នកទ្សនាវីដេអូនៅលើ YouTube ។

ចាប់ផ្តើមពីដំបូងជាមួយនឹងការកំណត់ពេលវេលាខ្លី Content ត្រឹមតែ 15 វិនាទីប៉ុណ្ណោះ ក្រោយមកបានបង្កើនដែនកំណត់ដល់ 1 នាទី 3 នាទី និង 10 នាទី រហូតដល់ 15 នាទីកាលពីប៉ុន្មានខែមុននេះ ។

អត្ថប្រយោជន៍នៃការបង្កើនដែនកំណត់រយៈពេលខ្លីដល់ 30 នាទីនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពបត់បែនកាន់តែច្រើនក្នុងការចែករំលែក ដូចជា រូបមន្តធ្វើម្ហូប ដំបូន្មានក្នុងវិស័យផ្សេងៗ ទៅមាតិកាអប់រំ ដែលត្រូវការពេលវេលាដើម្បីពន្យល់លម្អិត រួមទាំងសមត្ថភាពក្នុងការអាប់ឡូត Upload កម្មវិធីទូរទស្សន៍កន្លងមកក្នុងរយៈពេលយូរ ដើម្បីកុំឱ្យពួកគេត្រូវកាត់ជាឈុតតូចៗ ខ្លីៗ ដើម្បីរំខានអ្នកគាំទ្ររឿងភាគ ។ ចំណែកមាតិកាព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក៏ជាការល្អមួយដែរ ដែលអាចសរសេរបានវែងសមល្មមចិត្តនឹងអ្នកទទួលព័ត៌មាន ។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ដើមរបស់ TikTok ប្រហែលជាមិនចូលចិត្តមើលវីដេអូវែងៗនោះទេ ដូច្នេះហើយ ក្រុមហ៊ុនត្រូវតែរៀបចំខ្លួនដើម្បីដោះស្រាយដើម្បីងាយស្រួលមើល។ ជាឧទាហរណ៍ ចុចឱ្យយូរនៅជ្រុងខាងស្តាំនៃអេក្រង់ ដើម្បីបញ្ជូនវីដេអូទៅមុខយ៉ាងលឿន រួមទាំងការសាកល្បងមុខងារទេសភាពពេញអេក្រង់ ដែលបានចាប់ផ្តើមសាកល្បងនៅក្នុងតំបន់មួយចំនួនផងដែរ។

ទន្ទឹមនឹងនេះ YouTube បានចាប់ផ្តើមគាំទ្រការបង្កើតខ្លឹមសារវីដេអូខ្លី ឬ Shorts បន្ថែមទៀតចាប់តាំងពីឆ្នាំមុន នេះធ្វើឱ្យបន្ទាត់រវាងវេទិកាវីដេអូយក្សទាំងពីរកាន់តែប្រជែងគ្នា ។

ក្រុមហ៊ុន TikTok មិនទាន់ឲ្យដឹងអំពីកាលបរិច្ឆេទ​សម្រាប់​ពេល​ណា​ដែល​អ្នក​ប្រើ​នឹង​អាច​បង្ហោះ​ឃ្លីប​រយៈពេល 30 នាទី​បាន​នៅឡើយទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម