ដោយ សាវុឌ្ឍ៖
វៀតណាមប្រឈមនឹងការខាតបង់ដំណាំដែលមានតម្លៃជិត ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែទឹកប្រៃកាន់តែច្រើនហូរចូលដីស្រែចម្ការ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃនេះ (១៧ មីនា) ។
ការខូចខាតទំនងជាស្ថិតនៅកណ្តាលតំបន់ដីសណ្តទន្លេមេគង្គ ដែលត្រូវបានគេស្គាល់ថា ជាឆ្នាំងបាយរបស់វៀតណាម ព្រោះវាជាប្រភពអាហារ និងការចិញ្ចឹមជីវិតសម្រាប់មនុស្សរាប់សិបលាននាក់ ។ ការស្រាវជ្រាវរបស់ក្រសួងបរិស្ថានរបស់វៀតណាមនិយាយ ។
កម្រិតទឹកប្រៃមានកម្ពស់ឡើងក្នុងរដូវប្រាំង ប៉ុន្តែវានឹងកាន់តែធ្ងន់ធ្ងរជាមួយនឹងការកើនឡើងកម្រិតទឹកសមុទ្រ គ្រោះរាំងស្ងួត ការប្រែប្រួលនៃខ្សែទឹក និងកង្វះទឹកសាប ជាដើម ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការបាត់បង់ដំណាំ ក្នុងតម្លៃរហូតដល់ 70 ពាន់ពាន់លានដុង (2.94 ពាន់លានដុល្លារ) ដោយលើកឡើងពីការស្រាវជ្រាវថ្មីពីវិទ្យាស្ថានវិទ្យាសាស្ត្រធនធានទឹក ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងបរិស្ថាន ។
ការស្រាវជ្រាវបានរកឃើញថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងតំបន់ គឺខេត្តកាម៉ៅ ដែលជាខេត្តស្ថិតនៅភាគខាងត្បូងបំផុត នោះអាចនឹងមានតម្លៃដល់ទៅ 665 លានដុល្លារ ។
ចំណែកខេត្ត បិន តេ (Ben Tre) អាចប្រឈមនឹងការខាតបង់ប្រហែល ៤៧២ លានដុល្លារ នេះបើយោងតាមការសិក្សាដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំគ្រប់គ្រងធនធានទឹកកាលពីសប្តាហ៍មុន ។
«ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ដើមឈើហូបផ្លែចំនួន 29 ភាគរយនៃការខូចខាតនៅតំបន់ដីសណ្តទន្លេមេគង្គ។ របាយការណ៍នេះបានបន្តថា ដំណាំស្រែមានចំនួន ២៧ ភាគរយ និងស្រូវជិត ១៤ ភាគរយ ខណៈឧស្សាហកម្មនេសាទមានចំនួន ៣០ ភាគរយ ដែលស្មើនឹងជាង ២១ ពាន់ពាន់លានដុង (៨៤០ លានដុល្លារ)។
ការសិក្សានិយាយថា តំបន់នេះនឹងប្រឈមនឹងការខាតបង់បន្ថែមទៀតនៅពេលអនាគត ដោយកើនឡើងជាង 3.1 ពាន់លានដុល្លារ។
នៅដើមខែ ក្រសួងធនធានទឹកបានព្រមានថា ការលិចលង់ទឹកប្រៃអាចប៉ះពាល់ដល់ការដាំដុះស្រូវ និងដំណាំចម្ការ ប្រមាណ 80,000 ហិកតានៅតំបន់ដីសណ្តទន្លេមេគង្គ ។
នេះបើតាមមជ្ឈមណ្ឌលជាតិឧតុនិយម-ជលសាស្ត្របានបញ្ជាក់ថា ការហូរចូលទឹកប្រៃក្នុងតំបន់ក្នុងកំឡុងឆ្នាំ 2023-2024 គឺលើសពីមធ្យមភាគ ហើយតំបន់ដីសណ្តទន្លេមេគង្គបានប្រឈមមុខនឹងរលកកម្តៅដ៏យូរខុសពីធម្មតាក្នុងខែកុម្ភៈ ដែលនាំឱ្យមានគ្រោះរាំងស្ងួតនៅតំបន់ជាច្រើន និងកម្រិតទឹកទាបនៅតាមប្រឡាយ ៕