តំបន់ទេចរណ៍ដែលមិនធ្លាប់ទៅដល់ ! សត្វស្លាបរាប់ម៉ឺនក្បាល ទេសភាពបៃតងល្អប្រណីត នៃសហគមន៍ពានបាង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែមិីនា ឆ្នាំ2024 ម៉ោង 10:47 នាទី ព្រឹក

 

 

 

ជាបឋមខ្ញុំសូមកោតសរសើរអាខោន TikTok ឈ្មោះ @dancherngadventure ដែលបានផលិត Content ដ៏អស្ចារ្យមួយនេះ ឲ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ទាំងជាតិ អន្តរជាតិ បានស្គាល់ កន្លែងប្រណីត ដែលជាការរួមចំណែកជួយផ្សព្វផ្សាយតំបន់ទេចរណ៍ដ៏ប្រណីតៗរបស់ប្រទេសខ្មែរ ហើយ Admin មតិអ្នក សូមស្រង់យកវីដេអូរបស់គាត់ ជួយផ្សព្វផ្សាយដើម្បីទេសចរណ៍របស់ខ្មែរយើង ។

សត្វបក្សីរាប់ម៉ឺនក្បាល ត្រូវបានគេប្រទះឃើញនៅក្នុងភូមិសាស្ត្រសហគមន៍«ពានបាង» បណ្តែតទឹក ។ សហគមន៍ពានបាង ស្ថិតនៅភូមិពានបាង ឃុំពានបាង ស្រុកស្ទោង ខេត្តកំពង់ធំ ពលរដ្ឋខ្មែរ​ភាគច្រើន​មិនសូវស្គាល់ទីកន្លែងនេះទេ និងមិនធ្លាប់បានទៅដល់ តែបើបានទៅដល់វិញ ពិតជាមាន​អារម្មណ៍ស្រស់ថ្លា ជាប់ចិត្តដិតឱរ៉ា ដោយសារតែជាតំបន់ភរិក្សសម្បូរសត្វបក្សាបក្សីរាប់ម៉ឺនក្បាល ហិចហើរទាំងហ្វូងៗនៅលើផ្ទៃទឹក​ដ៏ស្រស់ស្អាត អមដោយទេសភាពពណ៌បៃតង ស្រស់ស្អាតគួរជាទីមនោរម្យ ។

តើហេតុអ្វីបានជាសហគមន៍ពានបាងសម្បូរសត្វបក្សីច្រើនសន្ធឹកសន្ធាប់បែបនេះ ? ទោះតំបន់មួយនេះ ស្ថិតក្នុងរដូវប្រាំង គឹនៅតែមានទេសភាពពណ៌បៃតង ដោយសារវានៅជាប់​នឹងផ្ទៃបឹងទន្លេសាបដែលមានទឹកជាប្រចាំ​ ហើយរក្សាព្រៃលិចទឹកបានល្អ ទើបវាលស្មៅមាន​ភាពបៃតងជានិច្ច ។ ទឹកនៅរដូវប្រាំង មានសភាពរាក់ តែបើនៅរដូវវស្សា ផ្ទៃទឹកលាតសន្ធឹងដូច​ផ្ទៃទឹក​សមុទ្រ ដែលមានកម្ពស់ដល់ចុងឈើ ។

ចំពោះសក្តានុពលនៅសហកមន៍មួយនេះ សម្បូរត្រីជាច្រើនប្រភេទ ច្រើនពូជ រំលេច​ទៅដោយសត្វ​ស្លាប​ជាច្រើនឥតគណនី ។ ពានបាង ក៏មានតំបន់អភិរក្សមួយ ជិតបឹងទន្លេឆ្មាផងដែរ មិនអនុញ្ញាតឲ្យចូលនេសាទដោយសេរីនោះទេ ព្រោះវាជាតំបន់ហាមឃាត់ ក្នុងករណីបំពាន នឹង​ត្រវមាន​ទោសតាមបញ្ញត្តិច្បាប់

ហេតុអ្វីបានជាបង្កើត​ឲ្យមាន​តំ​​បន់អភិរក្សានៅជាប់បឹងទន្លេសាប ?​គឺក៏ព្រោះតែសហគមន៍​រក្សានូវ​ពូជត្រីមិ​នឲ្យបាត់ បង់ ជាពិសេសនៅក្នុងរដូវត្រីពង ។ តាមពិតទៅ តំបន់សហគមន៍នៅតាម​ទន្លេសាប​មួយចំនួន តម្រូវឲ្យមានតំបន់អភិរក្ស ជាក់ស្តែង ដូចជាសហគមន៍ពានបាងនេះ មាន​បងប្អូនប្រជាការពារក្នុងរួមគ្នាមើលថែ អភិរក្សបានល្អណាស់ ប្រជាជននៅតាម​តំបន់នេះភាគច្រើន ពួកគេមានឆន្ទៈភ្ញាក់រឭកដោយបេះដូង ស្រឡាញ់ធនធានធម្មជាតិ ការពារសម្បត្តិធម្មជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងបរិស្ថាន មិនអនុញ្ញាតឲ្យនរណា​ម្នាក់បំពានតាមតែអំពើចិត្ត ។

យើងគួរកោតសរសើរនូវទឹកចិត្តការពារ និងស្រឡាញ់សម្បត្តិធនធានធម្មជាតិ របស់សហគន៍ពានបាង ក៏ដូចសហគមន៍ដទៃទៀត ដែលថែរក្សាការពារបានគង់វង្ស ហេតុដូច្នេះ​ហើយទើបយើងឃើញពូជបក្សាបក្សី ត្រីសម្បូរបែប និងកកូន កចៅហិចហើរទាំងហ្វូង បង្ហាញនូវទស្សនីយភាពមួយគួរគយគន់ ថ្លាអារម្មណ៍ ។

សក្តានុពលមួយទៀត សហគមន៍ពានបាង ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ អាចទៅបោះតង់ ជាមួយវាលស្មៅដ៏ខៀវខ្ចី មើលថ្ងៃលិច ថ្ងៃរះ ជិះទូកទស្សនាសត្វស្លាប ស្ទូចត្រី ថតរូបផ្តិតយក ទេសភាពពណ៌បៃតង ហើយប្រសិនមានការសហការពីស្ថាប័នពាក់ព័ន្ធ ពីអាជ្ញាធរមូលដ្ឋាន សហគមន៍ពានបាង​នឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍អេកូឡូហ្ស៊ីដ៏ប្រណីត បែបធម្មជាតិពិតៗនាពេលយូរអ្វែង ។

ការធ្វើដំណើរមកកាន់ទីនេះ បងប្អូនអាចជិះទូកពីឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ឬ ពីស្រុកកំពង់ហ្លួង​ស្រុកក្រគរ ខេត្តពោធិសាត់ ក៏បាន ។

តោះចាំអីទៀត មកភ្លក្សរសជាតិជាមួយទេសភាពដ៏ប្រណីត នៃសហគមន៍ពានបាង លោកអ្នកនឹងមិនខុសបំណងឡើយ ជាមួយទឹកដីសុវណ្ណភូមិខ្មែរ នៃសហគមន៍ពានបាង ៕

ប្រភព TikTok « @dancherngadventure »

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម