...ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅឆាប់ចប់ និងកុំឲ្យក្មេងៗភ័យ... សូមអរគុណសម្តេចតេជោ ដែលមានការយោគយល់ ផ្តល់សិស្សទី ១២ ជាប់ទាំងអស់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែធ្នូ ឆ្នាំ2020 ម៉ោង 3:04 នាទី ល្ងាច

ដោយ សូរ្យសែង៖

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើយ ។

ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានក្រសួងអបើរំ យុវជន និងកីឡា លើកពេល ២ ដងមកហើយ គឺនៅថ្ងៃទី ២១-២២ ខែធ្នូ និង ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ តែទីបំផុត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យជាប់ទាំងអស់គ្នាតែម្តងទៅ ដោយមូលហេតុ កម្ពុជាជួបប្រទះវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។

 

ប្រសាសន៍របស់សម្តេចយ៉ាងដូច្នេះថា «ខ្ញុំសុំយោគយល់ពីសិស្សានុសិស្ស ដែលមិនទាន់មានលទ្ធភាពអនុញ្ញាតឲ្យប្រឡងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ។ យើងត្រូវទទួលយកនូវអ្វីដែលវាបានកើតសម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោក, គុណភាពអប់រំធ្លាក់ចុះបន្ដិចហើយ ហើយខ្ញុំពិតជាឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះជាប់ អ្នកនេះធ្លាក់ ខ្ញុំឃើញការលំបាក។ ប្រសិនបើការលំបាកអ៊ីចឹងឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅឆាប់ចប់ ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅ ហើយកុំឲ្យក្មេងៗភ័យ»។

បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០ នេះមានចំនួន១២១.១០៨នាក់ (ស្រី ៦៣.៩០៨នាក់) ក្នុងនេះមានបេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០.៧៤៦នាក់ (ស្រី ២៣​.៦២៩នាក់ ) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០.៣៦២នាក់ (ស្រី៦៦.៣៥នាក់) ។សម្ដេចតេជោបានសម្រេចចិត្តចុងក្រោយបែបនេះ គឺថា សម្ដេចមិនខ្វល់ពីការប្រមាថមើលងាយរបស់មនុស្សមួយចំនួនតូចនោះទេ ព្រោះសម្ដេចគ្មានជម្រើសណាផ្សេងល្អជាងនេះឡើយ... សម្ដេចមិនទុកឲ្យមនុស្សផ្សេងទៀតឆ្លងជំងឺកូវីដ-១៩ ចេញពីការរៀបចំប្រឡងបាក់ឌុបនោះឡើយ ។

សម្តេចតេជោសម្រេចចិត្តបែបនេះ ត្រូវបានសាធារណជនសាទរ ពិសេសឪពុកម្តាយ ឬអាណាព្យាបាលសិស្ស រួមទាំងបេក្ខជនសាម៉ីខ្លួនផង ។ បើឈ្វេងយល់ឃើញថា ការសិក្សានៅតាមប្រព័ន្ធអនឡាញ វាមិនបានផ្តល់ការយល់មេរៀនស៊ីជម្រៅ​ឲ្យបានច្រើនសម្រាប់សិស្សទូទៅនោះទេ ពីព្រោះលទ្ធភាពមានមិនដូចគ្នាទេ, មានទូរស័ព្ទក៏ពិតមែន តែនៅតំបន់មួយ​ចំនួន ខ្វះល្បឿនអ៊ីនធើណេត ឬ មានអ៊ីនធើណេត តែសិស្សក្រីក្រគ្មានទូរស័ព្ទទំនើបប្រើ។ ម្យ៉ាងទៀតអាណាព្យាបាល​សិស្សត្រូវរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចគ្រួសារ ដោយសារអត់ការងារធ្វើ លក់ដូរក៏មិនដាច់ ហាងត្រូវបិទទ្វារ រត់ ​PasApp គ្មានមនុស្សជិះ...។ល។ ដូច្នេះសូមអរគុណសម្តេចតេជោ ដែលមានការយោគយល់បានល្អណាស់ ផ្តល់ឲ្យសិស្សទី ១២ ជាប់ទាំងអស់ និង កុំឲ្យក្មេងៗភ័យ... ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម