សហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 និងដឹកទៅ ១៤៥កន្លែង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី15 ខែធ្នូ ឆ្នាំ2020 ម៉ោង 3:32 នាទី ល្ងាច

ប្រភពពី REUTERS បកប្រែដោយ សុកាន៖

ជនជាតិអាមេរិកដំបូងត្រូវបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 នៅថ្ងៃទី ១៤ ខែធ្នូ ដោយចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការជាផ្លូវការនៅក្នុងប្រទេស ។

គិលានុបដ្ឋាយិកា អង្គភាពថែទាំមនុស្សចាស់នៅទីក្រុងញូវយ៉ក បានក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាមេរិកដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្របពេលដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសចំនួនជាង ៣០ ម៉ឺននាក់ ។

វ៉ាក់សាំងបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE, វ៉ាក់សាំងនេះបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ នៅយប់ថ្ងៃចន្ទ វ៉ាក់សាំងត្រូវបានដឹកជញ្ជូនទៅស្ទើរតែទាំងអស់នៃទីតាំងចែកចាយចំនួន ១៤៥កន្លែង ក្នុងសហរដ្ឋអាមេរិក។

ការមកដល់របស់វ៉ាក់សាំងនេះ ផ្តល់នូវភាពធូរស្បើយខ្លះនៅពេលដែលប្រទេសនេះបានបាត់បង់ជីវិតមនុស្សចំនួន ៣០០.០០​០ នាក់ដែលបានបាត់បង់ជីវិតដោយសារជំងឺនេះ ខណៈករណីឆ្លងច្រើនជាង ១៦ លាននាក់នៅសហរដ្ឋ​អាមេរិកត្រូវបានកត់ត្រារហូតមកដល់បច្ចុប្បន្ន។

វ៉ាក់សាំងដំបូងត្រូវបានចាក់ឲ្យអ្នកជំនាញថែទាំសុខភាព និងអ្នករស់នៅមណ្ឌលថែទាំខណៈកម្មករចាំបាច់ មនុស្សចាស់ និង​បុគ្គលដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃ គឺទទួលបាននាពេលបន្តបន្ទាប់។

ឡានដឹកទំនិញដែលបំពាក់ដោយម៉ាស៊ីនទឹកកកបានដឹកវ៉ាក់សាំងនៅទូទាំងសហរដ្ឋអាមេរិក នៅថ្ងៃទី ១៤ ខែធ្នូ។ ក្រុមហ៊ុនដឹកជញ្ជូនទំនិញក្រុមហ៊ុន FedEx និង UPS បានដាក់ពង្រាយរថយន្តដឹកទំនិញនិងយន្តហោះជាច្រើនគ្រឿងដើម្បីបញ្ជូនវ៉ាក់សាំងទៅរដ្ឋចំនួន ៥០ ។

ក្នុងអំឡុងពេលនៃដំណើរការដឹកជញ្ជូនវ៉ាក់សាំង នឹងត្រូវបានដាក់ក្នុងប្រអប់ដែលមានផ្ទុកនូវទឹកកកស្ងួតនិងរក្សាទុកនៅ -៧០ អង្សាសេ ហើយនេះក៏ជាកិច្ចការដ៏លំបាកសម្រាប់មន្រ្តីអាមេរិកក្នុងការចែកចាយវ៉ាក់សាំងដល់ប្រជាជន ៣៣០ លាននាក់។វ៉ាក់សាំងដំបូងនៃវ៉ាក់សាំង Covid-19 នៃថ្នាំ Pfizer-BioNTech ត្រូវបានបញ្ជូនទៅទីតាំងចំនួន ១៤៥ កន្លែងនៅទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃទី ១៤ ខែធ្នូ។ កន្លែងដែលនៅសល់ចំនួន ៦៣៦ កន្លែងនឹងត្រូវបានជ្រើសរើសដោយរដ្ឋនិងទឹកដីទូទាំងសហរដ្ឋអាមេរិកហើយនឹងទទួលថ្នាំបង្ការនៅថ្ងៃទី ១៥-១៦ ខែធ្នូ។

វ៉ាក់សាំងប្រមាណ ២,៩ លានដូសនឹងត្រូវបានចែកចាយជាលើកទី ១ មុនថ្ងៃទី ១៦ ខែធ្នូ ។ អាជ្ញាធរនិយាយថាជនជាតិអាមេរិកចំនួន ២០ លាននាក់នឹងទទួលបានវ៉ាក់សាំងចំនួនពីរដងនៅចុងឆ្នាំនេះហើយប្រជាជន ១០០ លាននាក់នឹងចាក់វ៉ាក់សាំងនេះមុនខែមីនាឆ្នាំក្រោយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម