លោក ម៉ម ប៊ុនហេង អំពាវនាវកម្លាំងព្រំដែនគ្រប់ផ្នែក ត្រូវត្រួតពិនិត្យសុខភាពឲ្យបានតឹងរឹង

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:33 នាទី ព្រឹក

ប្រទេសកម្ពុជាបានប្រកាសផ្អាក មិនឲ្យពលករធ្វើដំណើរទៅខេត្តសាមុតសាខន ដែលមានចម្ងាយពីព្រំដែនប្រវែង ៣០០ គីឡូម៉ែត្រ ។ លោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង បានថ្លែងទៅកាន់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្រ្តីពាក់ព័ន្ធថា «ការបញ្ជូនពលករទៅប្រទេសថៃ ដែលយោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) និងតាមរដូវកាល ត្រូវបានផ្អាកចាប់ពីពេលនេះរហូតដល់មានការជូនដំណឹងជាថ្មី» ដោយជំរុញឱ្យទីភ្នាក់ងារជ្រើសរើសពលករធ្វើការជាមួយនិយោជកថៃ ឬសមាគមនិយោជកថៃ ដើម្បីផ្តល់ការជួយឧបត្ថម្ភចាំបាច់ដល់ពលករចំណាកស្រុកកម្ពុជានៅប្រទេសថៃ ។

សព្វថ្ងៃប្រទេសថៃ ជាទីផ្សារដ៏ធំបំផុតរបស់ពលករកម្ពុជា ដែលទិន្នន័យការងារបានឲ្យដឹងថា មានកម្លាំងពលករកម្ពុជាធ្វើការនៅក្នុងប្រទេសថៃមានប្រមាណ ១,១ លាននាក់ ។ ក៏បានជំរុញឱ្យកម្មករ និយោជិកបង្កើនស្មារតីយល់ដឹង និងធ្វើតាមគោលការណ៍ក្រសួងសុខាភិបាល ដើម្បីការពារការរាតត្បាតនៃមេរោគកូវីដ១៩ រួមទាំងពាក់ម៉ាសឱ្យបានត្រឹមត្រូវ លាងដៃឱ្យបានទៀងទាត់ និងចៀសវាងតំបន់ដែលមានមនុស្សច្រើនផងដែរ ។

សេចក្តីថ្លែងការណ៍ពីក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី ២០ ខែធ្នូ បានណែនាំមន្ត្រីមូលដ្ឋាន ត្រូវមានវិធានការតាមបណ្តោយព្រំដែនជាប់ប្រទេសថៃឲ្យបានតឹងរឹង ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានអំពាវនាវកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ឲ្យត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរចូលមកក្នុងប្រទេសឲ្យបានគ្រប់ៗគ្នា វាស់កម្តៅ និងឲ្យពួកគាត់បំពេញព័ត៌មានសុខភាពផងដែរ ។

លោករដ្ឋមន្ត្រី ម៉ម​ ប៊ុនហេង និយាយថា «...អ្នកធ្វើដំណើរចូលកម្ពុជារាល់រូប ចាំបាច់ត្រូវកកាក់ខ្លួន ១៤ ថ្ងៃ ស្របពេលដែលសំណាករបស់ពួកគាត់ នឹងត្រូវបានពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ឬនៅមន្ទីរពេទ្យខេត្ដសៀមរាបនៅថ្ងៃចូលប្រទេស» ។ លោកបានបន្ថែមថា ប្រសិនបើអ្នកណាម្នាក់មានរោគសញ្ញាសង្ស័យនៃជំងឺកូវីដ១៩ អាចទូរស័ព្ទទៅខ្សែទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ» ។

រហូមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ៣៦៣ នាក់ ព្យាបាលជាសះស្បើយ ៣៤៥ នាក់ មិនមានអ្នកស្លាប់ដដែល ៕

អរគុណ កាសែតស៊ិនហួ

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម