កិច្ចប្រជុំរវាង អង្គភាពប្រឆាំងអំពើពុករលួយ និងប្រតិភូក្រសួងយុត្តិធម៌ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី29 ខែធ្នូ ឆ្នាំ2020 ម៉ោង 8:34 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ បានបើកកិច្ចប្រជុំមួយ ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស នៅអង្គភាពប្រឆាំងអំពើពុករលួយ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ថា កិច្ចប្រជុំរបស់ស្ថាប័នទាំងពីរនៅថ្ងៃនេះ គឺមានគោលបំណងលើការលើកឡើងពីបញ្ហាប្រឈមនានា និងខិតខំស្វែងរកដំណោះស្រាយធ្វើឲ្យប្រសើរឡើងថែមទៀត នូវការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសនេះ ។

 ឯកឧត្តមទេសរដ្ឋមន្ត្រី មានបំណងស្នើដល់ក្រសួងយុត្តិធម៌ ពិនិត្យពិចារណា រវាងក្រសួង និងអង្គភាពប្រឆាំងអំពើពុករលួយ ថាតើអាចការបង្កើតជាក្រុមការងារបច្ចេកទេសរួមគ្នាមួយ សម្រាប់ការសិក្សា ការអនុវត្តន៍បន្ត ពាក់ព័ន្ធនឹងការគ្រប់គ្រង ចាត់ចែង និងរឹបអុសផលនៃបទល្មើស ។

ក្រុមការងារនេះមានភារកិច្ចចង់ឲ្យជួយជំរុញពន្លឿនសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់ យក ឬក៏រៀបចំក្របខណ្ឌគតិយុត្តថ្មីៗទៀត អាចជាអនុក្រឹត្យ សម្រាប់ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនេះឯង ។ រៀបចំគោលការណ៍ណែនាំ ឬក៏យន្តការគ្រប់គ្រង ចាត់ចែងនៃការអនុវត្តនូវការរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើស ក៏ដូចជាពន្លឿននូវការអនុវត្តន៍ការរឹបអូសនេះ តាមអំណាចសាលក្រម ឬតាមដីកាស្ថាពរ ពិសេសទៅលើការសម្អាតប្រាក់ ដើម្បីកម្ពុជាផាត់ចេញពីពណ៌ប្រផែះ ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថ្លែងអំណរគុណនូវមូលវិចារដ៏ថ្លៃថ្លារបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ដែលបានផ្តល់ការវាយតម្លៃមួយចំពោះការងារក្រសួងកន្លងមក និងចាត់ទុកថានេះជាសមិទ្ធផលរួម រវាងក្រសួង និងអង្គភាពប្រឆាំងអំពើរពុករលួយ ហើយការនេះសម្រេចទៅបាន ក៏ដោយសារការសហការគាំទ្រពីស្ថាប័ននានា ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ។ ឯកឧត្តមលើកឡើងថា ការងារដោះស្រាយការកកស្ទះនៅតាមតុលាការបានដំណើរទៅដោយរលូន  ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីការប្រែប្រួលដ៏សំខាន់នៅក្នុងអារម្មណ៍សង្គមយើង ចំពោះក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមហាជនក៏មានការចាប់អារម្មណ៍ទៅលើមានភាពស្វាហាប់ មានថាមពល គួរជាទីសង្ឃឹមកក់ក្តៅ ។

តួនាទីក្រសួងយុត្តិធម៌គឺជាឆ្អឹងខ្នងមួយនៃនីតិរដ្ឋ នៃការងារគតិយុត្តទាំងអស់របស់ប្រទេសជាតិ កាន់តែមានភាពលេចធ្លោក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម