មួយផ្លែរបស់ គីម ស្វាគមន៍ប្រធានាធិបតីអាមេរិកថ្មី ដោយពាក្យថា «សត្រូវទី ១» របស់កូរ៉េខាងជើង

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី09 ខែមករា ឆ្នាំ2021 ម៉ោង 9:49 នាទី ព្រឹក

 ដោយ សូរ្យសែង៖

គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានពោលពាក្យថា «ប្រធានាធិបតីសហរដ្ឋអាមេរិកណាក៏ដោយ មិនមែនជារឿងសំខាន់ទេ ព្រោះប្រទេសមួយនេះជា សត្រូវ និងជាឧបសគ្គលេខ ១ របស់រដ្ឋាភិបាលកូរ៉េខាងជើង ។

ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ៩ មករានេះ ទីភ្នាក់ងារព័ត៌មាន KCNA កាសែតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង រាយការណ៍ថា មហាសន្និបាតលើកដំបូងរយៈពេល ៥ ឆ្នាំរបស់បក្សពលករ កាលពីថ្ងៃទី ៨ មករាកន្លងមក លោក គីម ជុងអ៊ុន បានពោលដល់នយោបាយការបរទេសរបស់ខ្លួន ដោយនិយាយឲ្យផ្លែទៅកាន់សហរដ្ឋអាមេរិកថា តើផ្លូវនៃការស្តារទំនាក់ទំនងឡើងវិញនឹងទៅជាយ៉ាងណា? វាអាស្រ័យទៅលើ ថាតើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុននឹងបញ្ចប់គោលនយោបាយ«ប្រឆាំងរដ្ឋាភិបាលក្រុងព្យុងយ៉ាងឬទេ?» ។

មេដឹកនាំរូបនេះបានបន្តទៀតថា កូរ៉េខាងជើងត្រូវតែខិតខំផ្តោតលើ«ការអភិវឌ្ឍ» ដើម្បី«កម្ចាត់» សហរដ្ឋអាមេរិកដែលជាប្រទេសមួយត្រូវបានចាត់ទុកថា ជា«សត្រូវ និងឧបសគ្គលេខ​១» ដែលរារាំងការអភិវឌ្ឍ និង បដិវត្តរបស់កូរ៉េខាងជើងយ៉ាងចំហជានិច្ច ហើយមិនថាប្រធានាធិបតីអាមេរិករូបណាទេ គឺ ទស្សនៈវិស័យដើមរបស់អាមេរិកមិនដែល «ផ្លាស់ប្តូរ» ឡើយ ។

 

រឿងមួយត្រឡប់ទៅឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ លោក គីម ជុងអ៊ុន បានបង្កើតប្រវត្តិសាស្ត្រជាមេដឹកនាំកំពូលកូរ៉េខាងជើងដំបូងគេកាន់តំណែងជាន់ខ្ពស់ ដែលបានចេញទៅក្រៅប្រទេស ដើម្បីជួបជាមួយមេដឹកនាំអាមេរិក គឺប្រធានាធិបតី ដូណាល់ ត្រាំ ។

លើសពីនេះទៀត លោក គីម ជុងអ៊ុន ក៏បានថ្លែងសុន្ទរកថានៅក្នុងពិធីជួបសំណេះសំណាលជាមួយបក្សពលករ ដាក់បញ្ជាឱ្យទីភ្នាក់ងារពាក់ព័ន្ធជំរុញកម្មវិធីអភិវឌ្ឍន៍មីស៊ីលនុយក្លេអ៊ែរ មីស៊ីលក្រោមទឹក ផ្កាយរណបចារកម្ម និងនាវាមុជទឹកបំពាក់ដោយថាមពលនុយក្លេអ៊ែរបាញ់ពីក្រោមទឹក ។ គីម ស្នើដោយទទូចថា កាំជ្រួចត្រូវមានចម្ងាយយ៉ាងតិច ១៥.០០០ គីឡូម៉ែត្រ ដែលជាចម្ងាយពីកូរ៉េខាងជើងទៅដល់ដីគោកអាមេរិក ។

ទោះយ៉ាងណា លោក គីម បាននិយាយនៅថ្ងៃទី ៧ មករាថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងស្វែងរកដំណោះស្រាយសមស្រប ដើម្បីបង្កើនទំនាក់ទំនងរវាងកូរ៉េទាំងពីរ តែមិនមានការពន្យល់លម្អិតទេ និងស្តារទំនាក់ទំនងឡើងវិញ «ទៅពិភពខាងក្រៅ» គឺចាំបាច់ ដែលនៅពេលនោះវាត្រូវបានគេវិភាគថា គួរតែជាសញ្ញា «សម្របសម្រួល» ដល់រដ្ឋាភិបាលថ្មីរបស់ ចូ បៃដេន ៕

 

ពី REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម