តើដឹងទេ កូវីដ-១៩ សម្លាប់អ្នកកាសែតប៉ុន្មានរយនាក់?

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី10 ខែមករា ឆ្នាំ2021 ម៉ោង 9:00 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

អង្គការយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន (Pres Emblem Campaign) ដែលមានស្នាក់ការនៅទីក្រុងចេនីវ៉ា ប្រទេសស្វីសឲ្យដឹងថា មានអ្នកកាសែតស្លាប់ដោយសារមេរោគកូវីដ-១៩ យ៉ាងតិច ៦០២នាក់ក្នុងរយៈពេល ១០ខែឆ្នាំ ២០២០ ឬស្លាប់ ៦០នាក់ក្នុងមួយខែនៅទូទាំងពិភពលោក ឬ ២នាក់ក្នុងមួយថ្ងៃ ។

អង្គការនេះបាននិយាយថា ការស្លាប់របស់អ្នកកាសែតគឺអាចបង្ការបាន ហើយអ្នកធ្វើការផ្នែកព័ត៌មានគួរតែជាអ្នកទីមួយដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩  ចំណែកក្រុមគ្រួសារនៃអ្នកស្លាប់គួរតែទទួលបានជំនួយហិរញ្ញវត្ថុ ។

លោក ប្លេស លេមផេន (Bless Lampen) អគ្គលេខាធិការអង្គការ Pres Emblem Campaign និយាយថា អ្នកធ្វើការព័ត៌មានជាច្រើន ដូចជាអ្នកយកព័ត៌មានផ្ទាល់ អ្នកយកព័ត៌មានឯករាជ្យ និងអ្នកថតរូប មិនអាចធ្វើការពីផ្ទះបានទេ ធ្វើឱ្យពួកគេងាយរងគ្រោះណាស់ ជាពិសេសចំពោះការឆ្លងមេរោគកូវីដ-១៩ ។

របាយការណ៍របស់អង្គការខាងលើឲ្យដឹងទៀតថា បណ្តាប្រទេសអាមេរិកឡាទីនបានស្លាប់ដោយសារកូវីដ-១៩ ជាងពាក់កណ្តាល (៣០៣ នាក់), ប្រទេសប៉េរូស្លាប់ច្រើនជាងគេ ៩៣ នាក់ បន្ទាប់មកប្រទេសប្រេស៊ីល ៥៥ នាក់ និងប្រទេសអេក្វាឌ័រ ៤២ នាក់ ។ ប្រទេសផ្សេងទៀតមាន ឥណ្ឌា ៥៣ នាក់, ប្រទេសមិកស៊ិក ៤៥ នាក់, បង់ក្លាដែស ៤១ នាក់, អ៊ីតាលី ៣៧ នាក់ និងសហរដ្ឋអាមេរិក ៣១ នាក់ ។

អង្គការយុទ្ធនាការផ្សព្វផ្សាយព័ត៌មានបន្ថែមថា តួលេខបានផ្អែកលើប្រភពជាច្រើនកន្លែង និងអាចទាបជាងនេះ ដោយ​សារតែមិនត្រូវបានគេរាយការណ៍ពិតប្រាកដ ។

អង្គការយុទ្ធនាការផ្សព្វផ្សាយព័ត៌មានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាននៅជុំវិញពិភពលោក ជាពិសេសនៅក្នុងតំបន់ដែលមានជម្លោះ ភាពចលាចល អសន្តិសុខ ឬក្នុងពេលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ ៕

ពីវេបសាយ naewna

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម