មេបញ្ជាការយោធាកំពូលភូមា ចង់ក្តាប់អំណាចយោធាបន្ត?

បុរសថ្ងៃច័ន្ទុ ទី01 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 10:56 នាទី ព្រឹក

ចាំមើល តើនាយឧត្តមសេនីយ៍ មិន អង់ឡាយ មេបញ្ជាការកំពូលមីយ៉ាន់ម៉ា (ភូមា) តើគាត់ជាអ្នកនៅពីក្រោយរដ្ឋប្រហារឬទេ ឬក៏លោក ហ្ស័រ វីន (Zaw Win) ដែលនឹងកាន់កាប់តំណែងពីគាត់ ?

ឥឡូវនេះ ក្រោយសម្រុកចូលចាប់លោកស្រី អ៊ុង សានស៊ូឃ្យី និងថ្នាក់ដឹកនាំគណបក្សរដ្ឋាភិបាលមួយចំនួនមក មេយោធាភូមាបានចេញប្រកាសថា នឹងគ្រប់គ្រងប្រទេសមួយឆ្នាំដោយអះអាងថា ដាក់ប្រទេសក្នុងភាពមានអាសន្ន រក្សាស្ថិរភាពប្រទេស និងដើម្បីឆ្លើយតបនឹងការកេងបន្លំសន្លឹកឆ្នោត ដែលបោះឆ្នោតសកលកាលពីខែវិច្ឆិកាឆ្នាំទៅ ។

នៅពេលរបាយការណ៍ត្រូវបានសរសេរ កងទ័ពមីយ៉ាន់ម៉ាមិនបានប្រកាសជាផ្លូវការអំពីការធ្វើរដ្ឋប្រហារទេ ប៉ុន្តែមានឱកាសខ្ពស់ដែលថារឿងនេះនឹងកើតឡើង ហើយអ្នកដែលនៅពីក្រោយ អាចជាឧត្តមសេនីយ៍ មិន អង់ឡាយ មេបញ្ជា​ការយោធាកំពូលរបស់មីយ៉ាន់ម៉ា, គាត់មានអាយុគម្រប់ ៦៥ ឆ្នាំនៅខែកក្កដាខាងមុខ តាមច្បាប់មីយ៉ាន់ម៉ាមេបញ្ជា​ការយោធាជាន់ខ្ពស់ ឬមេបញ្ជាការរងនឹងចូលនិវត្តន៍នៅអាយុ ៦៥ ឆ្នាំ ។

ឧត្តមសេនីយ៍ឯក មិន អង់ឡាយ កាន់តំណែងជាមេបញ្ជាការយោធាកំពូលនៅក្នុងខែមីនា ឆ្នាំ ២០១១ និងកំពុងជិត​ឈានដល់វ័យចូលនិវត្តន៍នៅក្នុងឆ្នាំនេះ អាចជ្រើសរើសចូលនិវត្តន៍ដោយស្ម័គ្រចិត្ត ដោយងាកទៅរកនយោបាយ និងពន្យាររយៈពេលនៅការិយាល័យ ប្រសិនបើគាត់ចូលនិវត្តន៍ ត្រូវបានគេរំពឹងថា អ្នកដែលនឹងឡើងកាន់តំណែងជំនួស គឺឧត្តមសេនីយ៍ ហ្ស័រវីន អគ្គមេបញ្ជាការរងយោធា និងជាមេបញ្ជាការកងទ័ពជើងគោក ដែលមានកេរ្តិ៍ឈ្មោះមិនល្អដោយ​សារបញ្ហាពុករលួយ ។

នៅមុនការបោះឆ្នោតសកល ឧត្តមសេនីយ៍ មិន អង់ឡាយ បានផ្តល់សម្ភាសន៍ថា ទិភាពទីមួយគឺរៀបចំការបោះឆ្នោតឆ្នាំ ២០២០ ឲ្យស្រេច ហើយបន្ទាប់មកប្រសិនបើយើងទុកចិត្តយើងប្រហែលជាត្រូវពិចារណាពីរបៀបដែលយើងអាចចូលរួមក្នុងនយោបាយបាន ។

មុននេះ គាត់ធ្លាប់មានប្រសាសន៍ថា បទពិសោធន៍ដឹកនាំយោធារបស់លោក អាចមានអត្ថប្រយោជន៍ខាងនយោបាយ តែទោះយ៉ាងណា កិច្ចខិតខំប្រឹងប្រែងនយោបាយរបស់លោក មិនត្រូវបានគាំទ្រទេ នៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែ​វិច្ឆិកា ដោយគណបក្សសាមគ្គី និងអភិវឌ្ឍន៍ (Union Solidarity and Development Party: USDP) បានទទួលលទ្ធផលបោះឆ្នោតត្រឹម ៧១ កៅអី ប៉ុណ្ណោះ គឺធ្លាក់ចុះពីចំនួន ១១៧ កាលពីឆ្នាំ ២០១៥ ។ នេះមានន័យថា ប្រជាជនភូមា​ភាគច្រើនមិនទុកចិត្តយោធា ពួកគេមិនចង់ឲ្យទាហាន និងមិនត្រូវការឲ្យរបបយោធាវិលត្រឡប់មកវិញ ក្រោមការប្រកួតប្រជែងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឡើយ ហើយលោក មិន អង់ឡាយ គ្មានឱកាសធ្វើជាប្រធានាធិបតីទេ ។ គណបក្ស NLD ដែលទទួលបាន ៩២០ អាសនៈ ក្នុងចំណោម ១១១៧ អាសនៈកំពុងរៀបចំបង្កើតរដ្ឋាភិបាលថ្មីនៅខែមេសាខាងមុខនេះ ។

ទោះយ៉ាងណាក៏ដោយ នៅតែមានឱកាសដែល មិន អង់ឡាយ នឹងបន្តអាណត្តិរបស់គាត់ ដោយនៅថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងមក ឧត្តមសេនីយ៍ មិនទុន អ្នកនាំពាក្យកងទ័ពមីយ៉ាន់ម៉ា បានបដិសេធមិនឆ្លើយនឹងសំណួរអំពីការចូលនិវត្តន៍របស់លោក មិ​ន អង់ឡាយ ដោយបញ្ជាក់ថាយោធានឹងធ្វើប្រតិបត្តិការក្នុងវិសាលភាពនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ។

រដ្ឋធម្មនុញ្ញចែងថា យោធាមានសិទ្ធិគ្រប់គ្រងដោយឯករាជ្យនូវរាល់សកម្មភាពរបស់យោធា និងផ្តល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NDSC) ក្នុងការស្នើ និងអនុម័តមេបញ្ជាការយោធាទៅប្រធានាធិបតី នោះគឺមាន​ន័យថា រយៈពេលនៃការគ្រប់គ្រងរបស់មេបញ្ជាការអាចត្រូវបានពង្រីកដោយមេដឹកនាំយោធា ។

ហេតុការណ៍នេះ បានកើតឡើងក្នុងឆ្នាំ ២០១៦ នៅពេលដែលមន្រ្តីយោធាជាន់ខ្ពស់មួយរូបបានសម្រេចចិត្តបន្តអាណត្តិរបស់មេបញ្ជាការ និងមេបញ្ជាការរងដល់ ៥ ឆ្នាំ ។

 

រូបថត Ye Aung THU / AFP

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម