ដោយ សូរ្យសែង៖
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា ជាប្រធានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ២០០.០០០ ដូសរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ បៃអូថេក (SINOVAC BIOTECH CO., LTD.) នៃសាធារណរដ្ឋប្រជាមានិតចិន មកដល់នៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១០.០៥ ព្រឹក ។
វ៉ាក់សាំងមានចំនួន ២០០.០០០ ដូស ទម្ងន់ ២.៦ តោន ដឹកជញ្ជូនចេញពីទីក្រុងប៉េកាំង-បាងកក ជើងហោះហើរ TG675 របស់ថៃ ចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ។
លោក ប្រាយុទ្ធ បានអរគុណរដ្ឋាភិបាលចិន និងផ្នែកពាក់ព័ន្ធ ដែលធ្វើឲ្យប្រទេសថៃបានទទួលវ៉ាក់សាំងលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ថៃ ហើយនឹងចាប់ផ្តើមចាក់នៅខែមីនាខាងមុខនេះ ។
លោក ប្រាយុទ្ធ ថ្លែងថា «រឿងក្រុមហ៊ុនឯកជនចង់នាំចូលវ៉ាក់សាំងដោយខ្លួនឯង នោះជារឿងមួយ តែចំពោះរឿងសម្ព័ន្ធភាពជាមួយចិនជារឿងសំខាន់ ដែលចង់ឲ្យគ្រប់ភាគីបង្កើតស្នាមញញឹម រួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាធ្វើឲ្យអាស៊ានរួចចាកផុតពីកូវីដ-១៩ ។
ឯកអគ្គរដ្ឋទូតស្តីទីនៃឯកអគ្គរដ្ឋទូតចិន នៅប្រទេសថៃបាននិយាយថាវាជាមោទនភាពមួយ ក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងថៃ នោះបានធ្វើឱ្យមានលទ្ធភាពដឹកជញ្ជូនវ៉ាក់សាំងលើកដំបូងជាច្រើនពីប្រទេសចិនទៅកាន់ប្រទេសថៃដោយជោគជ័យ នេះគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងថៃនិងចិន អស់រយៈពេលជាយូរមកហើយ និងបង្កើតអនាគតរួមគ្នា ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចយកឈ្នះលើ COVID-19 និងស្តារសេដ្ឋកិច្ចឡើងវិញ រួមទាំងការបង្កើតស្នាមញញឹមដើម្បីត្រឡប់ទៅកាន់ប្រជាជនថៃវិញ ៕