អូស្ត្រាលី ប្រទេសដំបូងគេបង្កើតច្បាប់ឲ្យ Facebook និង Google បង់ថ្លៃព័ត៌មាន!

បច្ចេកវិទ្យាថ្ងៃសុក្រ ទី26 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 3:14 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ប្រទេសអូស្ត្រាលីជាដំបូងគេ ដែលបានអនុម័តច្បាប់កំណត់ឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ដូចជា ហ្វេសប៊ុក និងហ្គូហ្គល (Facebook & Google) ត្រូវបង់ប្រាក់ទៅឲ្យអ្នកផលិតព័ត៌មាន សម្រាប់មាតិកាព័ត៌មានដែលត្រូវបានចែកចាយ (Share) លើវេទិកា(Platform)របស់ពួកគេ ហើយរឿងនេះក៏អាចក្លាយជាបទដ្ឋានថ្មីមួយ សម្រាប់ប្រទេសផ្សេងៗទៀតទូទាំងពិភពលោក ដើរតាមគន្លងនេះផងដែរ ។

លោក ចូស ហ្វ្រាយដេនបឺក (Josh Frydenberg) រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងធានាថា អាជីវកម្មរបស់អ្នកសារព័ត៌មានត្រូវបានបង់យ៉ាងសមរម្យសម្រាប់ខ្លឹមសារដែលពួកគេបង្កើតឡើង ។

ច្បាប់នេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រុមហ៊ុន Facebook & Google បានចេញមកប្រឆាំងនឹងសេចក្តីព្រាងច្បាប់បឋមនេះ ដែលអនុញ្ញាតឱ្យអ្នកផលិតប្រព័ន្ធផ្សព្វផ្សាយចរចាតម្លៃព័ត៌មានតាមករណីនីមួយៗ និងរួមបញ្ចូល ឬប្រសិនបើមិនអាចព្រមព្រៀងគ្នា នឹងចូលក្នុងនីតិវិធីនៃច្បាប់ ។

សប្ដាហ៍​មុន ហ្វេសប៊ុកបានឈានដល់ចំណុចមួយនៃការប្លុក (Block) មិនឲ្យមើលឃើញ និងការចែករំលែកមាតិកាព័ត៌មាននៅអូស្ត្រាលីបាន ដើម្បីសម្តែងការប្រឆាំងនឹងច្បាប់នេះ រហូតមកដល់ដើមសប្តាហ៍នេះ ភាគីទាំងពីរបានចរចាត្រូវរ៉ូវគ្នា ដោយអូស្រ្តាលីយល់ព្រមកាត់បន្ថយចំណុចមួយចំនួន បណ្តាលឱ្យហ្វេសប៊ុកដោះលែងការហាមឃាត់ ខណៈពេលដែល Google បានដោះស្រាយបញ្ហានេះដោយប្រកាសភាពជាដៃគូជាមួយបណ្តាញសារព័ត៌មាន «Corp.,» ដែលជាអាណាចក្រប្រព័ន្ធផ្សព្វផ្សាយដ៏ធំរបស់លោក Rupert Murdoch ។

ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនផ្សេងៗបានផ្លាស់ប្តូរវិធីផ្សព្វផ្សាយឃោសនាច្រើនឡើងៗរបស់ពួកគេទៅខាង Facebook និង Google  ធ្វើឲ្យកាសែតបោះពុម្ពផ្សាយ និងទីភ្នាក់ងារព័ត៌មានផ្សេងៗ ប្រឈមមុខនឹងបញ្ហាការរស់រានមានជីវិត នៅពេលមានការខ្វះខាតនៃការផ្សាយពាណិជ្ជកម្ម ដោយនៅអូស្ត្រាលី Facebook និង Google  បានទទួលតម្លៃលើការផ្សព្វផ្សាយរួម គិតជាភាគរយ ៨០% នៃតម្លៃផ្សាយពាណិជ្ជកម្មតាមអនឡាញ ទាំងអស់ដែលកើតឡើងនៅក្នុងប្រទេស ៕

 បកប្រែពីវេបសាយ thairath

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម