សង្គ្រាមអាចចៀសមិនផុត រវាងរុស្ស៊ី និងអាមេរិក ក្នុងករណីរឿង «អ៊ុយក្រែន»

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី16 ខែមេសា ឆ្នាំ2021 ម៉ោង 3:47 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ភាពតានតឹងរវាងរុស្ស៊ី និង សហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលដែលប្រទេសរុស្ស៊ីចាប់ផ្តើមពង្រឹងកងទ័ពរបស់ខ្លួននៅតាមព្រំដែនប្រទេសអ៊ុយក្រែន ដូចរុស្ស៊ីធ្លាប់ធ្វើកន្លងមកដែលបានចូលជ្រៀតជ្រែកឧបទ្វីបក្រៃមៀមក​គ្រប់គ្រង ហើយមានទាំងក្រុមឧទ្ទាមអ៊ុយក្រែនដែលស្មោះត្រង់នឹងរុស្ស៊ីទៀតផង ។ ការចូលអន្តរាគមន៍ និងការដណ្តើមយកទឹកដីអ៊ុយក្រែនរបស់រុស្ស៊ីឆ្នាំ ២០១៤ បានធ្វើឱ្យប្រទេសរុស្ស៊ី និងលោកខាងលិចមានជម្លោះយ៉ាងធ្ងន់ធ្ងរចាប់តាំងពីពេលនោះ មក ប៉ុន្តែឥឡូវភាពតានតឹងបានកើតឡើងជាថ្មីម្តងទៀតនៅឆ្នាំ ២០២១ ។

នៅថ្ងៃទី ១៣ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន បានព្រមានថា សហរដ្ឋអាមេរិកនឹង «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់» ប្រសិនរុស្ស៊ីមិនបញ្ឈប់សកម្មភាពនៅជិតព្រំដែនអ៊ុយក្រែន ។ មានសេចក្តីរាយការណ៍មកថា សហរដ្ឋបានបញ្ជូននាវាពិឃាតចំនួន ២ គ្រឿង គឺនាវា Roosevelt និង Donald Cook កំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រខ្មៅ ។

នៅថ្ងៃទី ១៣ ខែមេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Riyabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាននៃប្រទេសរុស្ស៊ីថា «សហរដ្ឋអាមេរិកជាសត្រូវរបស់យើង ហើយការសន្និដ្ឋានរបស់យើង គឺគេធ្វើអ្វីគ្រប់វិធីដើម្បីបំផ្លាញឋានៈរបស់រុស្ស៊ីនៅលើឆាកពិភពលោក» ។ Riyabkov និយាយទៀតថា «យើងសុំព្រមានសហរដ្ឋអាមេរិកថា វាល្អប្រសើរហើយសម្រាប់ពួកគេដែលនៅឆ្ងាយពីក្រៃមៀ និងឆ្នេរសមុទ្រខ្មៅរបស់យើង...» ។

លោក Riyabkov បានបន្ថែមទៀតថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសរុស្ស៊ី ហើយបានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង អង្គការណាតូថា បានធ្វើឲ្យប្រទេសអ៊ុយក្រែនក្លាយជា«សមរភូមិ» ដោយបង្កើនឧបករណ៍យោធារបស់ខ្លួន ។

លោក Riyabkov ក៏បានព្រមាននាវាចម្បាំងអាមេរិកនៅលើសមុទ្រខ្មៅផងដែរ ឲ្យរក្សាចម្ងាយរបស់ពួកគេ ព្រោះអ្វីដែលលោកបាននិយាយគឺស្ថិតក្នុងហានិភ័យខ្ពស់នៃឧប្បត្តិហេតុដែលមិនអាចពន្យល់បាន ហើយនៅថ្ងៃទី ១៤ ខែមេសា នាវាមីស៊ីលរបស់រុស្ស៊ីឈ្មោះ Graivoron និង Vyshny Volochek បានចូលរួមក្នុងសមយុទ្ធតម្រង់គោលដៅកម្រិតទឹកសមុទ្រ និងផ្លូវអាកាស សរុបទៅនាវាចូលរួមសមយុទ្ធចំនួន ១៥ គ្រឿង នៅសមុទ្រខ្មៅរបស់រុស្ស៊ីស្ថិតនៅក្នុងតំបន់ក្រៃមៀ និងមានមូលដ្ឋានមីស៊ីល រួមទាំងរ៉ាដាដ៏មានឥទ្ធិពលមួយត្រូវបានដំឡើងនៅលើឧបទ្វីបនេះ ។

ស្ថានការណ៍ដ៏តានតឹងនេះ លោកស្រី ម៉ារការិតា ស៊ីម៉នយ៉ាន់ ប្រធានបណ្ណាធិការរបស់ទីភ្នាក់ងារ RT និង Sputnik របស់ប្រទេសរុស្ស៊ីបាននិយាយថា សង្គ្រាមរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក គឺ «ចៀសមិនផុត»  ប៉ុន្តែទោះយ៉ាងណា លោកស្រីជឿថាសង្រ្គាមអាចកើតមាន តែជា«សង្គ្រាមបែបធម្មតា» ។

«ក្នុងសង្គ្រាមធម្មតា យើងអាចយកឈ្នោះអ៊ុយក្រែនបានតែរយៈពេល ២ ថ្ងៃប៉ុនណោះ តែសង្គ្រាមមួយបែបទៀតយើងនឹងធ្វើ បន្ទាប់ពីអាមេរិកឆ្លើយតបដោយរារាំងថាមពលនៅវេរ៉ូនេក (ទីក្រុងរបស់រុស្ស៊ី) ។ លោក ស៊ីម៉ន និយាយ ។

ទោះយ៉ាងណានៅថ្ងៃទី ១៥ ខែមេសាសហរដ្ឋអាមេរិកបានលុបចោលប្រតិបត្តិការនាវាចម្បាំងពីរដែលគ្រោងធ្វើនៅសប្តាហ៍នេះ។ រឿងរ៉ាវនេះត្រូវបានមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយទួរគីបង្ហើបប្រាប់ AFP ។

កាលពីសប្តាហ៍មុន ប្រទេសទួរគីបានប្រកាសថា ខ្លួនត្រូវបានគេជូនដំណឹងតាមរយៈបណ្តាញការទូតថា នាវាចម្បាំងអាមេរិកចំនួន ២ គ្រឿង «នឹងឆ្លងកាត់សមុទ្រខ្មៅ» (តាមច្រកបូសហ្វ័ររ៉ាសរបស់ទួរគី) ហើយនឹងស្ថិតនៅក្នុងតំបន់នេះរហូតដល់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ ។

សមុទ្រខ្មៅមិនមែនជាតំបន់ឥទ្ធិពលរបស់អាមេរិកទេ សហរដ្ឋអាមេរិកត្រូវជូនដំណឹងដល់ប្រទេសទួរគីយ៉ាងហោចណាស់ ១៥ ថ្ងៃមុនពេលបញ្ជូននាវាចម្បាំងតាមរយៈច្រកបូសហ្វ័ររ៉ាស និង ដាដារណែល ក្រោមលក្ខខ័ណ្ឌនៃសន្ធិសញ្ញាម៉ុងត្រេអាល់ ១៩៣៦ ដែលជាលក្ខខណ្ឌនៃសន្ធិសញ្ញាដែលអនុញ្ញាតឱ្យនាវាចម្បាំងបរទេសបន្តស្ថិតនៅក្នុងសមុទ្រខ្មៅបានរយៈពេល ២១ ថ្ងៃ ៕

រូបថត  UKRAINE'S SECURITY SERVICE / AF


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម