ឡូយមែន មានតែប្រទេសអ៊ីស្រាអែលមួយគត់ លើកលែងវិធានការពាក់ម៉ាសនៅទីសាធារណៈ ក្រោយប្រជាជនចាក់វ៉ាក់សាំងបានពាក់កណ្តាលប្រទេស

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី18 ខែមេសា ឆ្នាំ2021 ម៉ោង 2:18 នាទី ល្ងាច

គេហទំព័ររបស់ Times of Israel ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃទី ១៥ ខែមេសាថា រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាស «លុបចោលវិធានការពាក់ម៉ាសក្នុងទីសាធារណៈ» ដោយចាប់ផ្តើមពីថ្ងៃទី ១៨ ខែមេសា បន្ទាប់ពីរដ្ឋាភិបាលបានចាក់វ៉ាក់សាំងឲ្យប្រជាជនជាងពាក់កណ្តាល ជាលទ្ធផលចំនួនអ្នកឆ្លងបានថយចុះមកត្រឹមតែមួយរយនាក់ប៉ុណ្ណោះ ។

លោក យូលិ អេឃេលស្ទីន រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអែល ថ្លែងក្នុងបុណ្យជាតិអ៊ីស្រាអែលថា មានការបញ្ជាឲ្យឈប់ពាក់ម៉ាសនៅទីកន្លែងសាធារណៈ ពីថ្ងៃទី ១៨ មេសានេះតទៅ ប៉ុន្តែការពាក់ម៉ាសនៅក្នុងកន្លែងបិទជិតនៅតែឲ្យពាក់ម៉ាសដដែល ។

របាយការណ៍បានបង្ហាញថា បន្ទាប់ពីអ៊ីស្រាអែលជួបប្រទះការរីករាលដាលនៃ COVID-19 នៅក្នុងរលកទីបី ស្ថានការណ៍បានប្រសើរឡើងវិញក្នុងរយៈពេលមួយខែកន្លងមកនេះ បន្ទាប់ពីអ៊ីស្រាអែលជាប្រទេសដែលដំណើរការកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាជនលឿនបំផុតនៅលើពិភពលោក តាមរយៈការជ្រើសរើសវ៉ាក់សាំង Pfizer / BioNTech ។

ប្រជាជនអ៊ីស្រាអែលជាងពាក់កណ្តាលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលអ្នកទទួលវ៉ាក់សាំងយ៉ាងតិច ១ ដូសមានចំនួន ៥,៣ លាននាក់ ស្របពេលដែលអ្នកទទួលបាន ២ ដូស មានចំនួន ៤,៩ លាននាក់ ក្នុងចំណោមប្រជាជន ៩ លានទូទាំងប្រទេស ។

គិតត្រឹមថ្ងៃទី ១៥ ខែមេសា ករណីចុងក្រោយនៃអ្នកឆ្លងកូវីដ-១៩ បានធ្លាក់ចុះមកនៅត្រឹម ១៩៦ នាក់ប៉ុណ្ណោះ ក្នុងតួលេខសរុបដល់ ៨៣៦.៧០៦ នាក់ ខណៈចំនួនអ្នកស្លាប់មាន ៦.៣១៤ នាក់ ។

នៅពេលនេះអ៊ីស្រាអែលនៅសល់តែ ២.៩៤៥ នាក់ទៀតដែលកំពុងឆ្លងនៅឡើយ ក្នុងនោះ ២០៩ នាក់មានជំងឺធ្ងន់ធ្ងរ និង ១២៦ នាក់ត្រូវការម៉ាស៊ីនខ្យល់ ៕

ប្រែសម្រួលពី matichon

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម