តើសង្គ្រាម ១០ឆ្នាំដ៏អាក្រក់អាក្រីក្នុងប្រទេសស៊ីរី​ នរណាឈ្នះ នរណាចាញ់?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី19 ខែមេសា ឆ្នាំ2021 ម៉ោង 12:21 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖ 

សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី (Syria) បានឈានដល់គម្រប់ ១០ ឆ្នាំហើយ អ្នកដែលត្រូវទទួលមរតកដ៏អាក្រក់សម្បើមនេះគឺ«កុមារ» ដែលកើតមកស្គាល់តែពាក្យថា «សង្គ្រាម» រួចពេលធំដឹងក្តីឡើងបានទទួលទុក្ខវេទនាពីមនុស្សជំនាន់មុន ។

  • ទោះសង្គ្រាមស៊ីវិលស៊ីពេល ១០ឆ្នាំមកហើយក្តី ក៏ប្រធានាធិបតី បាសារ អាល់-អាសាដ នៅតែកាន់អំណាចរដ្ឋាភិបាលរបស់គាត់នៅឡើយ ប៉ុន្តែអ្វីដែលបាត់បង់ទៅ គឺស្ថិរភាព ការផ្សះផ្សារ និង វិបុលភាពរបស់ប្រទេសស៊ីរី ។
  • សង្គ្រាម ១០ ឆ្នាំទទួលនូវភាពហិនហោច មនុស្សស្លាប់ ៥៨០.០០០ នាក់ ទឹកដីត្រូវបែងចែកជាអបគមន៍ ប្រជាជនជាច្រើនលាននាក់ក្លាយជាជននិរទេស ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចត្រូវដួលរលំ ។

អំពើហិង្សា និងសោកនាដកម្មនៅក្នុងប្រទេសស៊ីរីបានបន្តអស់រយៈពេល ១០ ឆ្នាំ ទោះបីជាការប្រយុទ្ធគ្នាបានថមថយចុះក៏ដោយ ប៉ុន្តែការឈឺចាប់មិនទាន់បញ្ចប់ទេ ។ នៅឆ្នាំ ២០១១ លោក បាសារ អាល់-អាសាដជាមួយរដ្ឋាភិបាលរបស់លោក ត្រូវបានគេមើលឃើញថាគ្រាន់តែជាដូមីណូមួយ ដែលធ្លាក់ចុះនៅពេលដែលបដិវត្តទាមទារប្រជាធិបតេយ្យនៅមជ្ឈឹមបូព៌ា ប៉ុន្តែ ១០ ឆ្នាំបានកន្លងផុតទៅហើយ អាសាដ នៅតែមានមុខ ប៉ុន្តែស្ថិរភាព ការផ្សះផ្សារ និងភាពលូតលាស់របស់ប្រទេស រសាត់ទៅឆ្ងាយដោយសង្គ្រាមមួយនេះ។

អ្វីដែលកើតឡើងក្នុងប្រទេសស៊ីរី បានក្លាយជាការកំណត់នៃពាក្យថា «សង្គ្រាម» នៅដើមសតវត្សរ៍ទី ២១ បណ្តាលឲ្យមនុស្សស្លាប់ជាងកន្លះលាននាក់ ហើយក្រោយនេះ ជនរងគ្រោះពិតប្រាកដគឺជាកុមារ ប្រជាជនស៊ីរីរាប់លាននាក់បានកើត និងធំឡើងដោយស្គាល និងឮតែពាក្យថា«សង្គ្រាម» ។ ពួកគេត្រូវរស់នៅក្នុងជំរុំជនភៀសខ្លួន គ្មានឱកាសចូលរៀន ស្របពេលដែលកុមារជាងកន្លះលាននាក់ កង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ហើយមនុស្សរាប់សែននាក់មានជំងឺផ្លូវចិត្ត ។

តើសង្គ្រាមនេះនឹងបញ្ចប់នៅពេលណា? នេះជាសំណួរដែលមនុស្សគ្រប់គ្នាបានដឹង ប៉ុន្តែគួរឲ្យស្តាយ គ្មាននរណាម្នាក់ឆ្លើយសំណួរនេះបាន ។

សង្គ្រាមស៊ីវិលស៊ីរី មានបុព្វហេតុមកការបះបោរប្រឆាំងអំណាចផ្តាច់ការនៅក្នុងពិភពអារ៉ាប់ ឬត្រូវបានគេស្គាល់ថាជា «បដិវត្តផ្កាម្លិះ» ដែលបានចាប់ផ្តើមនៅប្រទេសទុយនីស៊ីកាលពីថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១០ កើតឡើងជាមួយនឹងមេដឹកនាំនៃប្រទេសផ្សេងៗដែលត្រូវទម្លាក់ចេញពីអំណាច ចាប់តាំងពីទុយនីស៊ី អេហ្ស៊ីប លីប៊ី និង យេម៉ែន បន្តទៀតប្រជាជនបានងើបបះបោរនៅក្នុងប្រទេសអាល់ហ្សេរី អ៊ីរ៉ាក់ហ្ស៊កដានី គុយវ៉ែត ម៉ារ៉ុក និង ស៊ូដង់ ស្របពេលដែលមេដឹកនាំលីបង់ ម៉ូរីតានី អូម៉ង់ និង អារ៉ាប់ប៊ី សាអ៊ូឌីត បន្ទន់ខ្លួនតាមការទាមទាររបស់អ្នកតវ៉ា ។

ពេលនោះអណ្តាតភ្លើងបានរាលដាលដល់ប្រទេសស៊ីរី នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១១ ។ ហ្វូងមនុស្សបានងើបបះបោរឡើងប្រឆាំងនឹងការគ្រប់គ្រងរបស់«ត្រកូល អាសាដ» ដែលក្តាប់អំណាចអស់រយៈពេល ៤០ ឆ្នាំ ប៉ុន្តែរដ្ឋាភិបាលរបស់ប្រធានាធិបតី បាសារ អាល់-អាសាដ បានបង្ក្រាបក្រុមបាតុករម៉ាពេញទំហឹង ដែលធ្វើឱ្យមនុស្សជាច្រើនបានស្លាប់ ។

អ្វីដែលសំខាន់ និងគួរឲ្យខ្លាចដែលពិភពលោកនាំគ្នាចៀសនៅពេលនេះ គឺពាក្យថា «សង្គ្រាម» ស៊ីរីជាប្រទេសមួយដែលផ្តល់គំរូមួយដ៏សោកនាដកម្ម ដែលក្នុងនេះកម្ពុជាក៏ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ទម្រាំដណ្តើមបានសន្តិភាពក៏របួសផ្លូវចិត្តមនុស្សខ្មែរមិនតិចទេ ។

កម្ពុជាបានទទួលសន្តិភាពពីស្នាដៃបុរស ហ៊ុន សែន ដែលប្រើយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ គាត់លះបង់អ្វីគ្រប់យ៉ាងដើម្បីពន្លត់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ។ ដោយសារដូច្នេះហើយទើប សម្តេច ហ៊ុន ហែន ដាក់ចេញពាក្យស្លោកទន្ទេញឲ្យចាំមាត់ «តម្លៃសន្តិភាពមិនអាចកាត់ថ្លៃបាន», «មានសន្តិភាព មានការអភិវឌ្ឍ», «អរគុណសន្តិភាព»... ។

សន្តិភាពផ្តល់ឱកាសឱ្យកូនចៅយើងបានរៀនសូត្រ, សន្តិភាពផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមលើអនាគតខ្លួន អនាគតកូនចៅខ្លួន ក៏ដូចជាលើអនាគតប្រទេសជាតិយើង។ សន្តិភាពបានធ្វើឱ្យកម្ពុជាកាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័ស រហូតអាចធ្វើដំណើរចាកចេញពីស្ថានភាពប្រទេសក្រីក្រ មកទទួលឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សុខសន្តិភាព បានអនុញ្ញាតឱ្យយើងទាំងអស់គ្នាមានឱកាសគ្រប់គ្រាន់ក្នុងការស្តារ និងកសាងសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ និងបានគិតគូរលើការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ៕

 

ប្រែសម្រួលពីវេបសាយ thairath

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម