មិន អង ឡាយ នឹងចូលរួមកិច្ចប្រជុំអាស៊ានលើកដំបូង នៅថ្ងៃទី ២៤ មេសា

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី19 ខែមេសា ឆ្នាំ2021 ម៉ោង 3:49 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

អ្នកនាំពាក្យក្រសួងការបរទេសមីយ៉ាន់ម៉ាថា​ នាយឧត្តមសេនីយ៍ មិន​ អង​ឡាយ អគ្គបញ្ជាការយោធាជាន់ខ្ពស់របស់ មីយ៉ាន់ម៉ានឹងចូលរួមប្រជុំមេដឹកនាំកំពូលអាស៊ាន នៅថ្ងៃទី ២៤ មេសា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី តាមសំណើរបស់ប្រទេសប៊្រុយណេក្នុងឋានៈជាប្រធានអាស៊ាន ហើយនេះជាការចេញមុខដំបូងរបស់ មិន អង ឡាយ ក្រោយមានរដ្ឋប្រហារថ្ងៃទី ១ កុម្ភៈ ២០២១ មក ។

បណ្តាមេដឹកនាំប្រទេសអាស៊ានមួយចំនួន នៅមិនទាន់បញ្ជាក់ច្បាស់ថានឹងចូលរួមកិច្ចប្រជុំនេះនៅឡើយ ប៉ុន្តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែមេសាសប្តាហ៍មុន បានសរសេរនៅលើហ្វេសប៊ុកសម្តេចថា «ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី ២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។ ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឲ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី» ។

«ព្រឹកថ្ងៃទី២៤ មេសា ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។ ពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវ​យកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត» ។

ចំណែកសារព័ត៌មានក្នុងស្រុកថៃលើកឡើងថា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅមិនទាន់ឆ្លើយតបពីការចូលរួមកិច្ចប្រជុំនេះនៅឡើយ ហើយគេជឿថា មានរបៀបវារៈនៃការប្រជុំកំពូលមេដឹកនាំអាសា៊ននេះ  ចៀសមិនផុតពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាឡើយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម