ដោយ សូរ្យរិទ្ធ៖
ស្ថិតក្នុងស្ថានភាពដ៏លំបាក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអង្វរដល់ម្ចាស់ផ្ទះជួល ឲ្យបញ្ចេញកាយវិការមនុស្សធម៌ សម្រាប់កម្មករ-កម្មការិនីរបស់យើង កុំផ្តោតរឿងលុយ ពីព្រោះពួកគាត់ខ្លះបាត់បង់ប្រាក់ចំណូល ខ្លះមិនទាន់បានបើកប្រាក់បៀរ៍វត្ស សូមរួមគ្នាចុះថ្លៃឈ្នួល តិចឬច្រើនតាមលទ្ធភាពអាចធ្វើទៅបាន ឬការលើកលែង ២ ឬ៣ខែក៏សុំការលើកលែង ។ ម្ចាស់ផ្ទះក៏យកលុយធនាគារមកសាងសង់ផ្ទះ ម្ខាងជាកូនបំណុល ម្ខាងជាម្ចាស់បំណុល ស្ថានភាពនេះសូមធ្វើឲ្យបានគ្រប់កន្លែងទាំងអស់ ទូទាំងប្រទេស(កន្លែងបិទខ្ទប់ តំបន់ក្រហម) សុំឲ្យមានការយោគយល់ ។
កន្លងទៅក៏មានម្ចាស់ផ្ទះ«ចិត្តបុណ្យ»មួយចំនួន មិនបានយកប្រាក់ឈ្នួលផ្ទះ ឬបន្ទប់ ថែមទាំងចូលរួមចែករំលែកផ្តល់អំណោយដល់ពួកគាត់អ្នកជួលថែមទៀតផង កាយវិការនេះពិតជាគួរឲ្យកោតសរសើរ ដែលសម្តេចតេជោបានកោតសរសើរកន្លងមករួចមកហើយចំពោះម្ចាស់ផ្ទះ «ចិត្តបុណ្យ ចិត្តធម៌» មិនយកប្រាក់ឈ្នួលផ្ទះ-បន្ទប់ ៣ខែ និងខ្លះមិនយកទាលតែស្ងាត់កូវីដទៀតផង ។
សម្តេចតេជោក៏បានអំពាននាវដល់ក្រុមហ៊ុនអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើផ្ទះឈ្នួលជាកម្មករ-កម្មការិនីជាមុន រកដំណោះស្រាយក្នុងការអនុគ្រោះយកថ្លៃទឹក ភ្លើង រួមចំណែកជាមួយម្ចាស់ផ្ទះ ជួយបន្ថយទុក្ខលំបាករបស់កម្មករ-ការិនីរបស់យើង ។
សម្តេចអំពាវនាវម្ចាស់រោងចក្រ ដែលមានគោលការណ៍យកអ្នកចាក់វ៉ាក់សាំងហើយបានចូលធ្វើការ ក្នុងពេលកម្មករ-ការិនីមួយចំនួនមិនទាន់បានចាក់វ៉ាក់សាំង ដែលខ្លះចាក់បានដូសទី១ ខ្លះមិនទាន់បានចាក់ ប្រសិនបើរឿងនឹងពិតមែន យើងមិនអាចយកការចាក់វ៉ាក់សាំងរួចឲ្យចូលធ្វើការងារបានទេ ម្ចាស់រោងចក្រកុំបំភ័យកម្មករ-កម្មការិនីពីរឿងចាក់វ៉ាក់សាំង កុំអាលដាក់បញ្ហានឹងដើម្បីបានការងារធ្វើ មិនទាន់ដំណើរការបែបនឹងទេ រង់ចាំប្រទេសទាំងមូលចាក់វ៉ាក់សាំងរួចរាល់ហើយទាំងអស់សិន សឹមចាត់ការចំពោះអ្នកដែលមិនព្រមទៅចាក់ ដោយសារចាញ់ការឃោសនារបស់ជនមួយចំនួន ថាចាក់វ៉ាក់សាំងនឹងស្លាប់ក្រោយមក ថ្ងៃក្រោយអ្នកមិនចាក់នោះនឹងមិនបានធ្វើការងារទេ ។ ប៉ុន្តែ ចំពោះបងប្អូនខ្លះមិនអាចចាក់វ៉ាក់សាំងបានទេ ដោយមូលហេតុបញ្ហាសុខភាព ដូច្នេះថ្ងៃក្រោយក៏ត្រូវមានភាពអនុគ្រោះនៅកន្លែងធ្វើការផ្សេងៗដែរ ។
សម្តេចក៏អំពាវនាវចំពោះអ្នកមាន អ្នកមានជីវភាពគ្រាន់បើ កុំទៅដណ្តើមជំនួយ ទុកជូនអ្នកដែលខ្សត់ត្រូវការជំនួយ កុំទាមទាររកសមធម៌ តែគួរឲ្យខ្មាស់អៀនអ្នកមានលទ្ធភាព បែរជាទាមទារជំនួយ ៕