ការងារសំណង់ និង ភោជនីយដ្ឋាន...នៅអាមេរិក កំពុងខ្វះកម្លាំងពលកម្ម ស្របពេលសេដ្ឋកិច្ចកំពុងស្តារឡើងវិញ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែឩសភា ឆ្នាំ2021 ម៉ោង 2:15 នាទី ល្ងាច

ដោយ សូរ្យសែង៖

កាសែតវ័រស៊ីងតុន ប៉ុស្តី (Washington Post) ផ្សាយថា កាលពីប៉ុន្មានអាទិត្យកន្លងមក អ្នកប្រកបរបរភោជនីយដ្ឋាន សំណង់ និងឧស្សាហកម្មផ្សេងៗក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមនឹងខ្វះកម្លាំងពលកម្ម ស្របពេលសេដ្ឋកិច្ចប្រទេសកំពុងត្រឡប់មក ស្តារជាថ្មី ក្រោយគ្រប់គ្រងវីរុសកូវីដ-១៩ និង យុទ្ធនាការចាក់វ៉ាក់សាំង ។

របាយការណ៍ព័ត៌មានបង្ហាញថា ភោជនីយដ្ឋាន«តាកូបេល» ខ្វះបុគ្គលិករាប់ពាន់នាក់ រហូតដល់សម្ភាសមនុស្សដែលដាក់ពាក្យ​សុំការងារជាក្រុមធំៗនៅចំណតរថយន្ត ខណៈពេលដែលភោជនីយដ្ឋានអាហារ «McDonald's»បង្ហាញថា ភោជនីយដ្ឋាននេះកំពុងតែខ្វះកម្លាំងពលកម្ម រហូតទាល់តែភោជនីយដ្ឋានខ្លះប្រហែលជាមិនអាចត្រឡប់មកបើកសេវាកម្មវិញនៅឆ្នាំនេះ ។

លោកBrian Dees ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (NEC) មានប្រសាសន៍ថា បញ្ហាកង្វះកម្លាំងពលកម្ម អាចត្រូវបានពិភាក្សា ទោះយ៉ាងណារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកJanet Yellen បាននិយាយថា គាត់នៅតែត្រូវពិនិត្យមើលយ៉ាងដិតដល់លើផ្នែកនេះ ដូច្នេះវាអាចត្រូវបានកំណត់ថា តើវាជាបញ្ហាជាមួយសេដ្ឋកិច្ចអាមេរិកនៅពេលនេះទេ ។

Business Insider បានរាយការណ៍ថា មូលហេតុនៃកង្វះកម្លាំងពលកម្ម មួយផ្នែកពីនោះ មកពីរដ្ឋាភិបាលបានបន្តកម្មវិធីផ្តល់អត្ថប្រយោជន៍គ្មានការងារធ្វើចំនួន ៣០០ ដុល្លារក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី ៦ ខែកញ្ញា ដែលធ្វើឱ្យមនុស្សជ្រើសរើសគ្មានការងារធ្វើទទួលបានអត្ថប្រយោជន៍ ជំនួសឱ្យការទៅធ្វើការ ។

កត្តាផ្សេងទៀត រួមមានប្រជាជនភ័យខ្លាចការផ្ទុះឡើងនៃការរាតត្បាតកូវីដ-១៩ ជាថ្មី ។ ទោះបីជាស្ថានភាពនៅក្នុងប្រទេសនឹងប្រសើរឡើងក៏ដោយ ប៉ុន្តែអាចនៅតែមានការផ្ទុះឡើង រួមទាំងកត្តាដែលមនុស្សពេញវ័យមួយចំនួននៅតែត្រូវថែរក្សាកូនៗរបស់ពួកគេ ដោយសារតែសាលាមិនទាន់បើកឱ្យសិក្សា រួមទាំងមនុស្សមួយចំនួន រង់ចាំការងារដែលមានប្រាក់ចំណូលល្អ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម