អត្ថបទ សូរ្យសែង៖
អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់ប្រទេសអ្នកមាន ប្រទេសមហាអំណាច ជួយផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសក្រីក្រ ដែលកំពុងខ្វះខាត ។
ទោះយ៉ាងណាក៏ដោយ ស្ថិតក្នុងឱកាសដែលប្រទេសជាច្រើនមិនមានវ៉ាក់សាំងការពារ ជាពិសេសប្រទេសក្រីក្រ និងនៅឆ្ងាយ អង្គការសុខភាពពិភពលោកស្នើសុំបណ្តាប្រទេសដែលមានវ៉ាក់សាំងច្រើន សម្រាប់កុមារនិងមនុស្សវ័យជំទង់ និងសុំបរិច្ចាគវ៉ាក់សាំងមួយចំនួនដល់ប្រទេសដែលមានស្ថានភាពសេដ្ឋកិច្ចទាប ។
តួលេខរបស់ WHO ឲ្យដឹងថា ការចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ នៅលើពិភពលោកបានចំនួន ១.២៦០ លានដូសរួចទៅហើយ ប៉ុន្តែលោក វេជ្ជបណ្ឌិត Tedros Adnahom Ghebreyesus ប្រធាន WHO មានប្រសាសន៍ថា ការរាត ត្បាតនៃមេរោគកូវីដ-១៩ ក្នុងឆ្នាំទីពីរ មានសភាពខ្លាំងជាងឆ្នាំដំបូង ដោយស្ថានការណ៍ក្នុងឥណ្ឌាពេលនេះ «គួរឲ្យកង្វល់» បំផុត ដោយអ្នកឆ្លងកើនឡើងដល់ ២៤ លាននាក់ហើយ និងអ្នកស្លាប់ ៤.០០០ នាក់ក្នុងមួយថ្ងៃជាប់ៗគ្នា ។
កុមារ និងក្មេងជំទង់អាយុពី ១២-១៥ ឆ្នាំនៅរដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក ចាប់ផ្តើមចាក់ Pfizer រួចហើយ ក្រោយពី ទីប្រឹក្សាខាងវេជ្ជសាស្ត្រប្រកាសឲ្យ Pfizer ចាក់ចំពោះកុមារអាយុ ១២ ឆ្នាំឡើងទៅ មានន័យថា ប្រជាជនអាយុប៉ុនណាក៏ដោយក៏អាចចាក់វ៉ាក់សាំងការពារកូវីដ-១៩បានដែរ ។
ប្រទេកាណាដា ជាប្រទេសមុនគេដែលចាក់វ៉ាក់សាំង Pfizer ឲ្យកុមារអាយុ ១២ ឆ្នាំឡើងទៅ ។ ប្រទេសអង់គ្លេសបានចាក់វ៉ាក់សាំងឲ្យប្រជាជនលឿនជាងគេ ប្រជាជនបានចាក់មួយម្ជុលមានចំនួន ៧០% និង ៣៦% ទៀតចាក់បានពីរម្ជុល ៕