អ្នកកាសែតរាយការណ៍ថា បំពង់អុកស៊ីហ្សែនជារបស់មនុស្សធម៌ទិញពីថៃ ត្រូវយោធាមីយ៉ាន់ម៉ារឹបអូស

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី30 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:42 នាទី ល្ងាច

ប្រភពពីវេបសាយ sanook ដោយ សូរ្យសែង៖

អ្នកកាសែត អ៊ីរ៉ាវ៉ាឌី (Irrawaddy News) បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ា បានរឹបអូសបំពង់អុកស៊ីហ្សែនចំនួន ១០០ បំពង់ដែលនាំចូលពីប្រទេសថៃ ជាជំនួយមនុស្សធម៌មួយក្នុងទីក្រុងយ៉ាំងហ្គូន ដើម្បីជួយប្រជាជនឈឺកូវីដ-១៩ ហើយជាសេចក្តីត្រូវការដ៏ចាំបាច់ក្នុងស្ថានការណ៍មេរោគកូវីដ-១៩ កំពុងរាតត្បាតខ្លាំង ។

បំពង់អុកស៊ីហ្សែនទាំង ១០០ បំពង់នេះដឹកពីប្រទេសថៃតាមស្ពានមិត្តភាព តាំងពីថ្ងៃទី ២៤ កក្កដា តែត្រូវយោធាបញ្ជាឲ្យរឹបអូស ប៉ុន្តែក្រោយពីបានផ្សាយតាមកាសែតមក ខាងយោធាបានបដិសេធ ដោយនិយាយថា «ខ្ចីយកទៅប្រើព្យាបាលក្នុងមន្ទីរពេទ្យ  និងនៅមជ្ឈមណ្ឌលអ្នកជំងឺកូវីដ-១៩!» ។

«យើងបានកុម្មង់ទិញបំពង់អុកស៊ីហ្សែនចំនួន ១០០ បំពង់ សម្រាប់យកទៅប្រើនៅរដ្ឋការៀង និងបានបង់ប្រាក់រួចហើយ ប៉ុន្តែគួរឲ្យស្តាយដែលរោងចក្រផលិតអុកស៊ីហ្សែននៅរដ្ឋការៀង សម្រាប់អ្នកជំងឺត្រូវខូចខាត ដូច្នេះយើងបានសម្រេចចិត្តទិញអុកស៊ីហ្សែន ១០០ បំពង់យកមកប្រើ» លោក មៀម មីន ណង និយាយ ។

ទោះយ៉ាងណា មានសេចក្តីរាយការណ៍ពីអ្នកភូមិដែលបានចូលរួមនៅក្នុងហេតុការណ៍នោះថា កម្លាំងយោធារដ្ឋាភិបាល ចូលមកគំរាមកំហែង ដោយសំញ៉ែងអាវុធ និងដឹកធុងអុកស៊ីសែនចេញ ដោយអះអាងថា យកទៅប្រើសម្រាប់អ្នកជំងឺ​កូវីដ-១៩ នៅរដ្ឋការៀង ។

កាលពីល្ងាចថ្ងៃទី ២៤ ខែកក្កដាកន្លងទៅ យោធាមីយ៉ាន់ម៉ាបានផ្តល់ប្រាក់ ៤០ លានចាត(ប្រាក់មីយ៉ាន់ម៉ា) ប្រមាណ ២.៥០០០ ដុល្លារ ឲ្យទៅអ្នកនាំចូលអំពង់អុកស៊ីហ្សែន ហើយសន្យាថា នឹងទិញសងវិញ តែរហូតមកដល់ពេលនេះមិនទាន់បានប្រគល់មកវិញ ។

មុននេះមានគេរាយការណ៍ថា ប្រជាជនភូមារាប់រយនាក់បានតម្រង់ជួរទិញបំពង់អុកស៊ីសែនសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដោយសារតែមានការខ្វះខាតយ៉ាងខ្លាំងនៅមន្ទីរពេទ្យ ។ ដោយសារតែច្បាប់របស់របបយោធាមិនផ្គត់ផ្គង់បំពង់អុកស៊ីសែនដល់មន្ទីរពេទ្យឯកជន ត្រូវបានហាមឃាត់មិនឱ្យលក់បំពង់អុកស៊ីហ្សែនដល់សាធារណជន  ជាលទ្ធផលប្រជាជន​មីយ៉ាន់ម៉ាត្រូវជួយខ្លួនឯង ។ បំពង់ត្រូវបានបញ្ជូនពីអ្នកស្លាប់ម្នាក់ ដាក់ទៅបន្តដល់អ្នកជំងឺម្នាក់ទៀត ។ កាសែតបានរាយការណ៍ថា បំពង់ដែលប្រើក្នុងមន្ទីរពេទ្យរដ្ឋ យកទៅព្យាបាលយោធា និងក្រុមគ្រួសាររបស់ពួកគេ ចំពេលមានវិបត្តិរាតត្បាតរបស់ប្រទេសនេះចំនួនអ្នកស្លាប់បានកើនឡើង ៤ ទៅ ៥ ដងក្នុងរយៈពេលតែ ២ ខែប៉ុណ្ណោះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម