ចិនព្រមាននាវារបស់អង់គ្លេស ចូលដែនទឹកសមុទ្រចិនខាងត្បូងថា «ចិនត្រៀមជាស្រេចក្នុងការប្រយុទ្ធ»

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី31 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:30 នាទី ល្ងាច

ពីវេបសាយ bbc.com.

ដោយ សូរ្យរិទ្ធ៖

កាសែត Globle Times របស់រដ្ឋាភិបាលចិនរាយការណ៍ថា «កងទ័ពរំដោះប្រជាជនចិនត្រៀមជាស្រេចក្នុងការប្រយុទ្ធ» ។ ចិនបានតាមដានយ៉ាងជិតស្និទ្ធចំពោះកងនាវា Carrier Strike Group ដែលនាំដោយនាវាហ្លួង អាលីហ្សា​ប៊េត​(HMS Queen Elizabeth)ដែលពេលនេះកំពុងបើកឆ្លងចូលដែនសមុទ្រចិនខាងត្បូង ដើម្បីឆ្ពោះទៅកាន់ប្រទេស​ជប៉ុន ។ ចិនបាននិយាយថា «អង់គ្លេសកុំប្រព្រឹត្តអំពើមិនសមរម្យ» ។

កងទ័ពជើងទឹកចក្រភពអង់គ្លេស បានធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកសិង្ហបុរី ហើយរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បេន វ៉លឡេស (Ben Wallace) បានបង្ហាញពីចេតនាប្រើប្រាស់ «សេរីភាពខាងនាវា» ដើម្បីឆ្លងកាត់សមុទ្រចិនខាងត្បូង ។

ចិនបានច្រានចោលសេចក្តីសម្រេចឆ្នាំ ២០១៦ ដោយតុលាការអន្តរជាតិ ដែលចិនបានទាមទារកម្មសិទ្ធិភាគច្រើននៃសមុទ្រចិនខាងត្បូង ហើយបានសាងសង់ថ្មប៉ប្រះទឹកសិប្បនិម្មិត និងផ្លូវដង្ហើមជាច្រើន ដែលខ្លះនៅក្បែរដែនទឹកនៃប្រទេសជិតខាង ។

ទាំងនាវាចម្បាំងអាមេរិក និងអង់គ្លេស បានជំទាស់នឹងអធិបតេយ្យភាពរបស់ចិននៅសមុទ្រចិនខាងត្បូងដោយការបើកនាវាឆ្លងកាត់តំបន់នោះ ។

ដូច្នេះសំណួរនៅក្នុងពេលនេះថា តើនឹងមានការប្រឈមមុខដាក់គ្នាក្នុងរយៈពេលខ្លីស្រដៀងនឹងអ្វីដែលបានកើតឡើងនៅសមុទ្រខ្មៅកាលពីខែមិថុនា ឆ្នាំ ២០២១ ឬទេ? នៅពេលដែលនាវាហ្លួង Defender HMS របស់អង់គ្លេស ជានាវាពិឃាតប្រភេទ ៤៥ (Type 45) ត្រូវបានតាមដានដោយយន្តហោះចម្បាំងរបស់រុស្ស៊ីជាច្រើនគ្រឿង ចូលទៅជិតឧបទ្វីបគ្រីមៀដែលមានជម្លោះ ។

លោក វីឡឺ ណូវេនស៍ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន រ៉ូយ៉ាល់ យូណៃធីត សឺវីស (Royal United Services) នៅទីក្រុងឡុងដ៍បាននិយាយថា «ចិនមិនចង់ប្រឈមមុខដោយផ្ទាល់ជាមួយសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកនៅសមុទ្រចិនខាងត្បូងទេ ប៉ុន្តែចិនកំពុងបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ខ្លួន» ។

ប្រសិនបើចក្រភពអង់គ្លេសប្រើសេរីភាពក្នុងការធ្វើដំណើរតាមនាវាចរណ៍ឆ្លងកាត់ដែនទឹកខាងលើ លោកណូវែនស៍ ជឿថា យើងនឹងបានឃើញហេតុការណ៍ស្រដៀងនឹងអ្វីដែលនាវាហ្លួង HMS ALBION បាន បានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១៨ ដែលចិនបញ្ជូននាវាចម្បាំងមួយទៅជិត ២០០ ម៉ែត្រ ហើយព្រមានឲ្យចាកចេញ ខណៈយន្តហោះចិនបានហោះទាបលើកប៉ាល់អង់គ្លេស ។

អំឡុងសប្តាហ៍នេះ ចិនបានធ្វើសមយុទ្ធយោធា ហាត់សមវាយប្រហារតាមឆ្នេរខ្សាច់ ដែលបណ្តាលឱ្យអ្នកវិភាគមួយចំនួនព្រួយបារម្ភអំពីរឿងចិនដែលកំពុងរៀបចំយកតៃវ៉ាន់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម