នាយកមន្ទីរពេទ្យមួយរបស់ថៃ ពុករលួយទារប្រាក់ក្រោមតុ អាចមានទោសខ្ពស់បំផុតជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី06 ខែសីហា ឆ្នាំ2021 ម៉ោង 7:47 នាទី ល្ងាច

បកប្រែពី khaosod របស់ថៃ

ដោយ សាវុឌ្ឍ៖

នាយកមន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ ដែលទារប្រាក់ក្រោមតុក្នុងការដេញថ្លៃដំឡើងប្រព័ន្ធកុំព្យទ័រក្នុងមន្ទីរពេទ្យ ត្រូវការិយាល័យបង្ក្រាបអំពើពុករលួយតំបន់ ៩ របស់ថៃ ឃាត់ខ្លួន ។

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ ការិយាល័យបង្រ្កាបអំពើពុករលួយតំបន់ ៩ ប្រទេសថៃ បានផ្តល់យោបល់តាមរយៈហ្វេស​ប៊ុក ចំពោះករណីព័ត៌មានអំពីការចាប់នាយកមន្ទីរពេទ្យបាងគ្រួយ ដែលទារប្រាក់ពីអ្នកម៉ៅការដំឡើងប្រព័ន្ធកុំព្យូទ័រ ៣៥% ដោយអះអាងថានឹងប្រើវានៅក្នុងមន្ទីរពេទ្យ ធ្វើឱ្យផ្ទុះកក្រើកនៅក្នុងមជ្ឈដ្នានពេទ្យ ។

គ្រូពេទ្យជាអ្នកមានវិជ្ជាជីវៈខ្ពស់ ដែលមនុស្សគ្រប់គ្នាលើកដៃសំពះ ផ្តល់ការគោរព ត្រូវបានទទួលបណ្តឹងពីជនរងគ្រោះ ដែលបានប្តឹងទៅការិយាល័យបង្ក្រាបអំពើពុករលួយ ឲ្យជួយពិនិត្យអំពើល្មើសរបស់នាយកមន្ទីរពេទ្យបាងគ្រួយ ។

បន្ទាប់ពីជនរងគ្រោះដេញថ្លៃទិញប្រព័ន្ធកុំព្យូទ័រនៅក្នុងមន្ទីរពេទ្យ ដែលមានតម្លៃជាង ២៨០.០០០ បាត ប៉ុន្តែនាយករូបនេះ ទាមទារប្រាក់ក្រោមតុ ១៥% បន្ថែម មុននឹងសុំដំឡើងដល់ ៣៥% ឬប្រហែល ៩៣.០០០ បាត ពីជនរងគ្រោះ ដោយ​សារធ្វើឱ្យអ្នកម៉ៅការខាតបង់ច្រើន ហេតុនេះហើយទើបគាត់សម្រេចចិត្តរាយការណ៍ទៅគណៈកម្មការបង្ក្រាបអំពើទុច្ចរិត ។ បន្ទាប់មកធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រហូតដល់ពេលដែលត្រូវប្រគល់ប្រាក់ រួចក៏ត្រូវបានគេយកប្រាក់ធ្វើជា«នុយ» ពេលនោះហើយដែលនាយកនោះ ត្រូវមន្រ្តីប៉ូលីសចូលព័ទ្ធ ហើយចាប់ឃាត់ខ្លួនគាត់តែម្តង ៕

ច្បាប់ព្រហ្មទណ្ឌថៃ មាត្រាទី ១៤៩ ចែងថា អ្នកជាមន្ត្រី សមាជិកនីតិប្បញ្ញត្តិ សមាជិកក្រុមប្រឹក្សាខេត្ត-ក្រុង ទាមទារយក ឬយល់ព្រមទទួលយកទ្រព្យសម្បត្តិ ឬផលប្រយោជន៍ផ្សេងទៀតសម្រាប់ខ្លួនឯង ឬអ្នកដទៃដោយខុសច្បាប់ ធ្វើសកម្មភាព ឬមិនធ្វើសកម្មភាពក្នុងឋានៈណាក៏ដោយ ទោះបីទង្វើនោះត្រូវ ឬខុសក៏ដោយ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំទៅម្ភៃឆ្នាំ ឬអាចជាប់ពន្ធនាគារអស់មួយជីវិត និងការផាកពិន័យពីមួយសែនបាតទៅ ៤ សែនបាត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម