ក្មេងកំព្រាខ្មែរ ពីការមើលងាយរើសអើងពូជសាសន៍ ក្លាយជាម្ចាស់មេដាយអូឡាំពិក

កីឡាថ្ងៃសៅរ៍ ទី07 ខែសីហា ឆ្នាំ2021 ម៉ោង 12:55 នាទី ល្ងាច

អរគុណកាសែត Good Morning AmericaYahooSecret Life of MomTEAM USA

អត្ថបទ សូរ្យរិទ្ធ៖

ពីក្មេងកំព្រា ដែលទទួលការស្អប់ខ្ពើមពីអ្នកនៅជុំវិញ បានរសាត់អណ្តែតគ្មានគោលដៅទៅដល់សហរដ្ឋអាមេរិក តែជីវិតមនុស្សបានផ្លាស់ប្តូរមិននឹកស្មានដល់ រហូតក្លាយជាកីឡាករជាទីសង្ឃឹមអូឡាំពិកមេដាយមាស ។

បុរសGay ចង់បានកូន

ងាកត្រឡប់ទៅរកអតីតកាលជាង ២០ ឆ្នាំមុន ជើរី វិនឃើល បុរសជនជាតិអាមេរិក ជាបុរសហ្គេយ (Gay ស្រឡាញ់ភេទដូចគ្នា) បានបាត់បង់ម្តាយ និងបានផ្លាស់ពីកាលីហ្វ័រនៀ ទៅផ្ល័រីដា ដើម្បីចាប់ផ្តើមជីវិតថ្មី គាត់ចង់មានកូន តែអនិច្ចាគាត់ជា Gay ធ្វើឲ្យគាត់ឈឺចាប់ និងកើតទុក្ខរហូត ។

រហូតដល់ថ្ងៃមួយ ចៃដន្យ ជើរី បានអានអត្ថបទមួយក្នុងទស្សនាវដ្តីអំពីស្វែងរកឪពុកចិញ្ចឹម ភ្លាមៗនោះគាត់បានទាក់ទងទីភ្នាក់ងារ និងសម្រេចចិត្តបន្តគ្រប់ជំហាន បំពេញឯកសារទាំងអស់ បោះត្រាស្នាមមេដៃទទួលយកពីប្រទេស កម្ពុជា ។

កុមារដែលត្រូវគេបោះបង់ចោល

ក្នុងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ ទារកអាយុ ១ ខួប បានបើកភ្នែកមើលពិភពលោកនៅទីក្រុងព្រះសីហនុ ប្រទេស កម្ពុជា បានត្រូវគេយកទៅទុកក្នុងមជ្ឈមណ្ឌលអប់រំស្ត្រី និងកុមារ ដែលទទួលក្មេងកំព្រា ស្ថិតនៅតំបន់ចោមចៅ រាជធានីភ្នំពេញ ។

ក្រុមមេដោះបានដាក់ឈ្មោះឲ្យក្មេងតូចថា ពិសី (Pisey) មានន័យថា កូនតូចជាទីស្រឡាញ់ ។ ពេលនោះគ្មាននរទៅដឹង រយៈពេល ៨ ខែក្រោយមក ជោគវាសនាមនុស្សប្រែប្រួល ធ្វើឲ្យគាត់បានជួបជីវិតថ្មី ។

ឪពុក បានជួបមុខកូន

មិនយូរប៉ុន្មាន ជើរី បានរកឃើញក្មេងខ្មែរម្នាក់កំពុងរង់ចាំអ្នកជួយ ភ្លាមៗនោះគាត់បានឃើញរូបថតរបស់ក្មេងកំព្រានោះ, ជែរី ប្រផ្នូលក្នុងចិត្តថា នេះគឺជាកូនប្រុសរបស់គាត់ ។ គាត់បានផ្ញើរូបថតរបស់គាត់ និងខ្សែកមកកម្ពុជា ដើម្បីសុំឱ្យមន្រ្តីប្រាប់ ពិសី នោះថា មនុស្សនៅក្នុងរូបថតនេះ គឺជាឪពុករបស់គាត់ ហើយគាត់នឹងនាំមកជាមួយនៅសហរដ្ឋអាមេរិក ។

ក្រោយរយៈពេល ៥ ខែ ជើរី ក៏បានទៅយក ពិសី មកសហរដ្ឋអាមេរិកក្នុងខែមិថុនា ឆ្នាំ ២០០០ គាត់និយាយថា «ដរាបណាខ្ញុំឱបគាត់នៅក្នុងរង្វង់ដៃខ្ញុំ ខ្ញុំបានសន្យាជាមួយកូនថា ប៉ាធ្វើជាឪពុកដ៏ល្អបំផុតដែលអាចធ្វើបាន ។ ខ្ញុំចង់ឲ្យជីវិតរបស់គាត់ពោរពេញដោយសុភមង្គល នេះគឺជាការសន្យាដំបូងរបស់ខ្ញុំ» ។

ទេពកោសល្យត្រូវបានរកឃើញ

ពិសី បានទទួលឈ្មោះថ្មីថា «ចរដេន ពិសី វីនដល(Jordan Pisey Windle)»​ ។ ពេលអាយុ ៧ ឆ្នាំ ចរដេន ទៅចូលជំរំនារដូវក្តៅ នៃមជ្ឈមណ្ឌលហ្វឹកហាត់កីឡាហែលទឹក ។ ក្នុងថ្ងៃទីពីរ ខណៈដែល ជើរី នាំ ចរដេន ពិសី ទៅជួបអ្នកគ្រប់គ្រងមជ្ឈមណ្ឌល បានហៅគាត់ទៅនិយាយ និងប្រាប់ថា «អ្នកគួរឲ្យកូននេះជាអ្នកកីឡាលោតទឹក គង់នឹងថ្ងៃណាមួយ គាត់នឹងក្លាយជាជើងឯកថ្នាក់ជាតិ ហើយថ្ងៃណាមួយគាត់នឹងអាចទៅដល់អូឡាំពិក!» ។

ប្រាកដណាស់នាយកមជ្ឈមណ្ឌលរូបនោះគឺលោក ធីម អូប្រាយអាន់ កូនប្រុសរបស់លោកវេជ្ជបណ្ឌិត រ៉ន អូប្រាយអាន់ ជាគ្រូបង្វឹកហាត់កីឡាលោតទឹក និងធ្លាប់បង្ហាត់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិកបានទទួលមេដាយមាស ៤ ។

ក្មេងពូកែអនាគតភ្លឺស្វាង ជាមួយនឹងជីវិតដែលមិនងាយស្រួល

ពីការសម្រេចចិត្តរបស់ឪពុក ចាប់តាំងពីពេលនោះមក ចរដេន បានចាប់ផ្តើមដើរលើផ្លូវមួយក្នុងនាមជាអ្នកលោតទឹក ។ គាត់បានផ្លាស់ទៅរដ្ឋ ណ័ត ការ៉ូលីណា (North Carolina)ដើម្បីសិក្សា ។ គ្រូបង្វឹករូបនេះបាននិយាយថា ចរដេន តែងតែញញឹម ទាំងស្រលាញ់និងប្តេជ្ញាចិត្តហាត់ គាត់បានប្រកួតប្រជែងក្នុងកម្រិតបឋម មធ្យម និងកម្រិតមហាវិទ្យាល័យ ជាបទពិសោធន៍ប្រមូលផ្តុំគួរកត់សម្គាល់ ។

យ៉ាងណាក៏ដោយ ជីវិតវ័យក្មេង និងវ័យជំទង់របស់ ចរដេន ពិសី មិនភ្លឺស្វាងប៉ុន្មានទេ ដោយគាត់ត្រូវគេមើលងាយ ប្រកាន់ពូជសាសន៍ ដោយសម្លុតចំអកថា ជាក្មេងកំព្រា មានឪពុកជាបុរសស្រលាញ់ភេទដូចគ្នា ប៉ុន្តែ ចរដេន ស្រឡាញ់ឪពុកគាត់ខ្លាំងណាស់ ។

ចរដេន រឹងមាំខ្លួនឯង មិនរវីរវល់នឹងការប្រមាថទាំងអស់ ។ ក្រោយៗមក គេបានឈ្នះជើងឯកយុវជនថ្នាក់ជាតិចំនួន ៦ និងជើងឯកថ្នាក់ជាតិចំនួន ៧ ក្នុងព្រឹត្តិការណ៍លោតទឹកចំនួន ៣ ប្រភេទ ហើយបច្ចុប្បន្នតំណាងឱ្យក្រុមលោតទឹករបស់សាកលវិទ្យាល័យតិចសាស់ ។

ក្នុងវ័យ ២២ ឆ្នាំ ចរដេន បានជាប់ក្នុងក្រុមជម្រើសជាតិអាមេរិក ហើយបានធ្វើដំណើរទៅប្រកួតអូឡាំពិកនាទីក្រុងតូក្យូ ២០២០(Tokyo 2020) ក្នុងនាមជាអត្តពលិកអូឡាំពិក និងជាកីឡាករជម្រើសជាតិ មានដើមកំណើតខ្មែរលើកដំបូងរបស់ក្រុមអាមេរិកនៅអូឡាំពិកផងដែរ ។

មិនភ្លេចដើមកំណើតជាជនជាតិកម្ពុជា

ចរដេន បានសាក់ទង់ជាតិកម្ពុជានៅដៃរបស់គាត់ ដើម្បីជាការកត់សម្គាល់ថា គាត់មាន«ដើមកំណើតមកពីកម្ពុជា» ។ គាត់បានមកស្រុកកំណើតនៃប្រទេសខ្មែរលើកដំបូង កាលពីអាយុ ១៦ ឆ្នាំ ដើម្បីប្រកួត ដែលគាត់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរសាទរបីពលរដ្ឋខ្មែរ ដោយហៅឈ្មោះ ពិសី ពិសី! ។

ក្តីស្រមៃ និងគោលដៅអនាគត

រាល់លើកប្រកួត លោកឪពុករបស់ ចរដេន ពិសី ទៅទស្សនារហូត ប៉ុន្តែអូឡាំពិកលើកនេះ ឪពុកមិនអាចធ្វើដំណើរទៅបាន ដោយសារស្ថានការណ៍កូវីដ-១៩ តែឪពុកនៅតែជួយលើកកម្លាំងចិត្តតាមរយៈផេកអនឡាញ ។

ចរដេន ពិសី ប្រឹងដើម្បីដណ្តើមមេដាយជូនឪពុក និងប្រទេសជាតិមាតុភូមិ និងបង្កើតក្តីស្រមៃថា នឹងទៅដល់ចំណុចខ្ពស់បំផុត បន្ទាប់ពីនោះ គេនឹងជាគ្រូបង្វឹកបង្រៀនក្មេងៗបន្តទៀត ។

ចរដេន នឹងតស៊ូដើម្បីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(LGBTQ) និងចូលរួមជាមួយគម្រោងាការ(It Gets Better Project) ដែលជួយនិងការពារការធ្វើអត្តឃាតក្នុងចំណោមយុវជន ដែលត្រូវបានគេរំលោភបំពានដោយសារភេទ ឬត្រូវគេមើលងាយ រើសអើងពូជសាសន៍ ដោយសារឪពុកម្តាយជាអ្នកស្រឡាញ់ភេទដូចគ្នា ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម