FBI អាមេរិក ស្ទាក់ចាប់ផែនការប៉ងវាយប្រហារអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅ UN

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី08 ខែសីហា ឆ្នាំ2021 ម៉ោង 7:10 នាទី ល្ងាច

លោក ចរ ម៉ូតុន អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រ៤ចាំអង្គការសហប្រជាជាតិ

បកប្រែពី sanook

ដោយ សូរ្យសែង៖

ទីភ្នាក់ងារ Associated Press រាយការណ៍ថា ជនជាតិមីយ៉ាន់ម៉ា ២ រូបត្រូវអាជ្ញាធរសហរដ្ឋអាមេរិកចាប់ឃុំខ្លួនពីបទរៀបចំផែនការវាយប្រហារទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN)។ បុគ្គល ២ រូប ឈ្មោះ ពៀវ ហៀនហាត់ និង យី ហៀនស័រ ត្រូវព្រះរាជអាជ្ញាសហរដ្ឋអាមេរិកចោទប្រកាន់ពីបទរៀបផែនការបំផ្លាញ ឬប៉ងធ្វើឃាតលោក ចរ ម៉ូតុន អគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដែលបានប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការធ្វើរដ្ឋប្រហារកន្លងមក ។

AP ដកស្រង់ឯកសារតុលាការនៅខោនធី White Plains  រដ្ឋញូវយ៉កបានបញ្ជាក់ដូច្នេះថា បុរសទាំងពីរ គឺជាឈ្មួញលក់អាវុធជាមួយថៃដែលលក់ទៅឱ្យកងទ័ពមីយ៉ាន់ម៉ា ក្នុងការប៉ុនប៉ងធ្វើបាបឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធឱ្យគាត់លាលែងពីតំណែង ។ អាជ្ញាធរអាមេរិកនិយាយថា ប្រសិនដាក់សម្ពាធមិនសម្រេច អគ្គរដ្ឋទូត ចរ ម៉ូតុន អាចត្រូវប្រហារ ។ អ្នកការទូតរូបនេះបានអំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធឲ្យធ្ងន់បំផុត ក្នុងការជួយនាំប្រជាធិបតេយ្យមកឲ្យប្រទេសរបស់ខ្លួនវិញ ។

ទោះយ៉ាងណាយោធាមីយ៉ាន់ម៉ាបានព្យាយាមដកគាត់ (ម៉ូតុន) ចេញពីទូតប្រចាំសហវប្រជាជាតិ ប៉ុន្តែមហាសន្និបាត UN ដែលទទួលខុសត្រូវលើតំណែងទូត មិនធ្វើតាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឡើយ ។

នៅក្នុងផែនការអាក្រក់ទៅលើលោក ចរ ម៉ូតុន អ្នកបង្កហេតុមានគោលដៅធ្វើសកម្មភាពក្នុងតំបន់វេសឆេស្ទ័រ នៃរដ្ឋញូវយ៉ក ដែលជាទីស្នាក់អាស្រ័យរបស់អ្នកការទូតរូបនេះ ។

ចំពោះឈ្មួញជនជាតិថៃដែលជាអ្នកលក់អាវុធ ឯកសារតុលាការនិយាយថា គាត់បានទាក់ទងជាមួយ ពៀវ ហៀនហាត់ កាលពីខែកក្កដាមុន និងសុខចិត្តសងប្រាក់រាប់ពាន់ដុល្លារក្នុងការបង្កហេតុនេះ ក្រៅពីនេះនៅបានបង់ប្រាក់ ២០០០ ដុល្លារជាមុន ដល់លោក ហាត់ នៅថ្ងៃទី ២៣ ខែកក្កដា ។

ភ្នាក់ងារស៊ើបអង្កេត FBI បានដឹងផែនការមុន នៃការធ្វើឃាតអ្នកការទូតរូបនេះ ហើយបានសាកសួរចម្លើយកាលពីសប្តាហ៍មុន ។ ជនជាប់ចោទអាយុ ២៨ ឆ្នាំបាននិយាយថា គាត់បានត្រៀមបង្កឧប្បត្តិហេតុធ្វើជាគ្រោះថ្នាក់ចរាចរណ៍ទៅលើឯកអគ្គរដ្ឋទូត ចរ ម៉ូ តុន ដោយធ្វើឲ្យកង់រថយន្តមិនប្រក្រតី ជនជាប់ចោទនឹងទទួលបានប្រាក់ចំនួន ៤.០០០ ដុល្លារ និងប្រាក់បន្ថែម ១.០០០ ដុល្លារប្រសិនបើសម្រេចការ ។ ចំណែកជនជាប់ចោទទីពីរ អាយុ ២០ ឆ្នាំ បានសារភាពក្រោយត្រូវចាប់ខ្លួន ថាបានគុបគិត និងអ្នកយកប្រាក់ឲ្យលោក ហាត់ ។

ប្រសិនជនសង្ស័យទាំង ២ នាក់ត្រូវរកឃើញទោសពីបទប៉ងធ្វើឃាត ចំពោះជនបរទេស ច្បាប់នៅសហរដ្ឋអាមេរិកមានទោសខ្ពស់បំផុតជាប់ពន្ធនាគារ ៥ ឆ្នាំ ៕

រូបឯកសារ  AFP PHOTO / UNITED NATIONS VIA YOUTUBE


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម