ធ្វើដូចម្តេច ដើម្បីជាអ្នកនាំពាក្យដែលល្អ?

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី17 ខែសីហា ឆ្នាំ2021 ម៉ោង 12:42 នាទី ល្ងាច

ស្រាវជ្រាវពីឯកសារបរទេស

ដោយ សូរ្យរិទ្ធ

វីគីភីឌា បានឲ្យអត្ថន័យនៃពាក្យ «អ្នកនាំពាក្យ (spokesman) មានន័យថា អ្នកប្រកាស អ្នកផ្សព្វផ្សាយ អ្នកថ្លែងព័ត៌មាន ជាអ្នកផ្តល់ព័ត៌មាន និងបកស្រាយ ដល់សាធារណជន ឬ ប្រជាជន មហាជនបានដឹង ។

មនុស្ស ​២​នាក់​ដែល​ត្រូវ​ការ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក គឺ«អ្នក​នាំ​ពាក្យ​ និង​អ្នក​សារព័ត៌មាន»​ ដើម្បី​ទំនាក់​ទំនង​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​សាធារណៈ​ ។ ដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់ គ្រប់​ជ្រុង​ជ្រោយ ចាំ​បាច់​ត្រូវ​មាន​អ្នក​នាំ​ពាក្យ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ​នៃ​ការ​ផ្សព្វផ្សាយរបស់ស្ថាប័ន អង្គភាពសាម៉ី ​ដែលជាការជួយ​បំពេញ​បន្ថែម ។

លក្ខណសម្បត្តិរបស់អ្នកនាំពាក្យដែលល្អ គឺ៖

១. មានចំណេះដឹង មានទិន្ន័យស្រាប់ មានព័ត៌មាន និងការយល់ដឹងអំពីអ្វីដែលខ្លួននិយាយ

២. មានភាពជឿជាក់ និង ជំនឿទុកចិត្ត

៣. ជាអ្នកដែលមានសម្ព័ន្ធភាពល្អ (ទំនាក់ទំនង) ការចូលចិត្តដោយសាធារណជន ឬ អ្នកសារព័ត៌មាន

៤. មានទេពកោសល្យខាងនិយាយទំនាក់ទំនង

អ្នកនាំពាក្យគួរមានជំនាញក្នុងការទំនាក់ទំនងល្អដូចខាងក្រោម ៖

១. ការប្រើពាក្យដ៏ត្រឹមត្រូវ សមរម្យ

២. ការប្រើទឹកដមសំលេង ពាក្យពេចន៍ឲ្យត្រូវជាមួយស្ថានការណ៍នោះ

៣. ការប្រើភាសា ប្រើឥរិយាបថក្នុងការនិយាយយ៉ាងសមស្រប

៤. រក្សាលំនឹងចិត្ត កុំឆេវឆា

បច្ចុប្បន្ន មាន​ក្រសួង ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន​ បាន​បង្ហាញ​ពី​ការ​ចាត់​តាំង​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​ដែរ ដោយ​ក្រសួង​ស្ថាប័ន​ខ្លះ មាន​អ្នក​នាំ​ពាក្យ​ម្នាក់ ឬ ២នាក់ និង​អាច​ផ្តល់​ព័ត៌មាន បាន​គ្រប់​រឿង ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន។ រី​ឯ​ស្ថាប័ន​មួយ​ចំនួន​ទៀត មាន​អ្នកនំាពាក្យ​ដូច​គ្នា​ដែរ តែ​មិន​មាន​ភាព​សកម្ម ឬ​ក៏​មាន​ការ​រារែក​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​កាសែត ឬ​ក៏​មាន​ការ​គេច​វេស​ដោយ​ប្រការ​ផ្សេង​ៗ យោង​ទៅ​តាម​ប្រធាន​បទរឿង​ដែល​បាន​កើត​ឡើង រសើប​ ​ស្រពិច​ស្រពិល មិន​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ ។ល។

ការ​ដែល​មាន​អ្នក​នាំ​ពាក្យ​ច្បាស់​លាស់​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ មិន​ថា​រដ្ឋ​ ឬ​ឯកជន​ ពិត​ជា​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​វិស័យ​សារព័ត៌មាន​យ៉ាង​ខ្លាំង ។ នៅ​ប្រទេសណាក៏មានអ្នក​នាំ​ពាក្យ ព្រោះ​ជា​ការ​ចាំបាច់ ។ ន័យមួយ បញ្ជាក់​ពី​ព័ត៌មាន​ផ្លូវ​ការ​ទៅ​កាន់​សាធារណជន, ការ​ថ្លែង ​ឬ​សរសេរ​របស់​អ្នក​នាំ​ពាក្យ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​ឲ្យ​ព័ត៌មាន​មួយ​មាន​រសជាតិ ។

ន័យមួយទៀត  អ្នកនាំពាក្យ​ជួយ​ឲ្យ​ព័ត៌មាន​មួយ​របស់​អ្នក​កាសែត ប្រកប​ទៅ​ដោយ​ការ​ថ្លឹង​ថ្លែង និង​មាន​វិជ្ជាជីវៈ។ ការ​ពោល​ចេញ​ទៅ​ក្រៅ​របស់​អ្នក​នាំ​ពាក្យ ​មាន​ផល​ប្រយោជន៍​ដែលធ្វើ​ឲ្យ​អស់​មន្ទិល​ លើ​ប្រធាន​បទ​ណា​មួយ និង​មាន​សារសំខាន់​ក្នុង​ការ​បង្ហាញ​ដល់​សង្គម​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងភារកិច្ច​របស់​ស្ថាប័ន អង្គភាពខ្លួន ការពារ​រាល់​ការ​រិះគន់​ដែល​មិន​មាន​ហេតុ​ផល​ពី​ខាង​ក្រៅ ។

ការក្រឡេកមើលនៅ​ក្នុង​របៀប​ធ្វើ​ការងារ​របស់​ក្រសួង ​ឬ​ស្ថាប័ន អង្គភាព​នីមួយ​ៗ ​អាស្រ័យ​ទៅ​លើ​ការ​ដឹកនាំ​ចាត់​ចែង​របស់​អ្នក​ដឹក​នាំ​ស្ថាប័ន​នោះ ។ ជា​លទ្ធផល អង្គភាព ស្ថាប័ន ដែល​បាន​រៀបចំ​អ្នក​«នាំ​ពាក្យ»​ត្រឹមត្រូវ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា មាន​ភាព​រលូន​ផ្នែក​ទំនាក់​ទំនង មាន​ប្រសិទ្ធភាព និង​តម្លាភាព​ខ្ពស់​ក្នុង​ការងារ ដែល​ជា​ការ​លើក​មុខ​មាត់​ដល់​ស្ថាប័ន អង្គភាពនោះ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម