បៃដេន ព្រមាន! ព្រលានយន្តហោះក្រុងកាប៊ុលអាចត្រូវវាយប្រហារម្តងទៀត ឯក្រុម ISIS  មិនរួចខ្លួនឡើយ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី29 ខែសីហា ឆ្នាំ2021 ម៉ោង 12:07 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន (Jor Biden) បានព្រមានកាលពីម្សិលមិញ (២៨ សីហា) ថា អាកាសយានដ្ឋានទីក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន អាចត្រូវវាយប្រហារម្តងទៀត នេះបើតាមមេបញ្ជាការកងទ័ពប្រាប់ ហើយការវាយប្រហារយ៉ាងនឿនបំផុត កើតឡើងនៅថ្ងៃអាទិត្យ ទី ២៩ សីហា នេះ ។

ឥឡូវនេះ កងទ័ពអាមេរិកកំពុងប្រតិបត្តិការជម្លៀសជនជាតិអាមេរិក ចេញពីអាហ្វហ្គានីស្ថាន តែត្រូវរំខានដោយពួកភេរវករបំផ្ទុះអត្តឃាតនៅអាកាសយានដ្ឋានអន្តរជាតិ ហាមីត ខាសៃ បណ្តាលឲ្យស្លាប់ ១៧០ នាក់ រួមទាំងមន្ត្រីអាមេរិក ១៣ នាក់ ដែលជាស្នាដៃរបស់ក្រុម ISIS-K  ថាជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារដោយគ្រាប់បែកនេះ ។

ជាការសងសឹកវិញ អាមេរិកបានបញ្ជូនដ្រូន (Drone) វាយប្រហារតាមអាកាសនៅភាគខាងកើតអាហ្វហ្គានីស្ថាន កាល​ពី​កណ្តាលយប់ថ្ងៃសុក្រ ទី ២៧ សីហា ដោយបានសម្លាប់ពួក ISIS-K ២ នាក់ដែលជាអ្នកដាក់ផែនការវាយប្រហារ ។ លោក បៃដេន និយាយដោយម៉ឺងម៉ាត់ថា នឹងតាមប្រមាញ់នរណាក៏ដោយដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារដ៏អាក្រក់នេះ ។

អាមេរិកចាប់ផ្តើមជម្លៀសប្រជាជន និងដកទាហាន ចំនួន ៥.៨០០ នាក់ នៅសល់ ៤.០០០ នាក់កាលពីសប្តាហ៍កន្លង​មក ដោយឱសានវាទនៅត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ស្អែកនេះ ។

ពីវិមានរដ្ឋាភិបាលអាមេរិកនិយាយថា ក្នុងរយៈពេល ២-៣ ថ្ងៃចុងក្រោយនេះ ជាពេលវេលាដ៏គ្រោះថ្នាក់បំផុត ចាប់តាំងមានការជម្លៀសប្រជាជនមក ហើយមានរបាយការណ៍ថា ក្រុមតាលីបង់នឹងចាប់ផ្តើមចូលត្រួតពិនិត្យ និងមិនអនុញ្ញាតឲ្យជនជាតិអាហ្វហ្គានីស្ថានចូលក្នុងព្រលានយន្តហោះទៀតឡើយ ។

សរុបមក សហរដ្ឋអាមេរិក និង ប្រទេសផ្សេងៗបានជម្លៀសជនជាតិអាហ្វហ្គានីស្ថាន និងជនបរទេសចេញពីប្រទេសអាហ្វហ្គានីស្ថានបានចំនួន ១១០.០០០ នាក់ ក្នុងរយៈពេល ២ សប្តាហ៍ ទោះយ៉ាងណា ប្រតិបត្តិការជម្លៀសមនុស្សកំពុង​ឈានដល់ថ្ងៃចុងក្រោយហើយ ដោយនៅថ្ងៃសៅរ៍នេះ យន្តហោះចុងក្រោយរបស់អង់គ្លេស និងអ៊ីតាលី បានចេញដំណើរពីទីក្រុងកាប៊ុលហើយ ។

BBC រាយការណ៍ថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើនបានភៀសខ្លួនទៅកាន់តំបន់ភាគខាងជើង ដើម្បីឆ្លងព្រំដែនទៅប្រទេសប៉ាគីស្ថាន តែឆ្លងបានមួយចំនួន ឯមួយចំនួនទៀតត្រូវឆ្លងទៅស្រុក Torkham តែត្រូវបិទ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម