របត់នយោបាយនៅអាហ្វហ្គានីស្ថាន ៖ តួអង្គ ៤ លេចមុខចេញសម្តែង និងត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរដ៏ធំ ក្នុងពេលតាលីបង់ឡើងក្តាប់អំណាច!

នយោបាយថ្ងៃអង្គារ៍ ទី31 ខែសីហា ឆ្នាំ2021 ម៉ោង 8:29 នាទី ល្ងាច

ពី khaosod ប្រែសម្រួលដោយលោកបណ្ណាធិការ លៀង សូរ្យរិទ្ធ៖

ក្នុងពេលកងកម្លាំងចម្រុះ ដឹកនាំដោយអាមេរិកកំពុងដកទ័ពចេញពីអាហ្វហ្គានីស្ថាន តួអង្គ ៤ កំពុងលេចមុខចេញសម្តែង និងត្រូវប្រឈមជាមួយនឹងការផ្លាស់ប្តូរដ៏ធំ តួ ៤ នោះគឺ ចិន រុស្ស៊ី ប៉ាគីស្ថាន និង អ៊ីរ៉ង់ ។ តើក្រុមប្រទេសទាំងនេះ រួមទាំងក្រុមប្រដាប់អាវុធផ្សេងៗ នរណា«បាន» នរណា«បាត់» ប្រយោជន៍ ក្នុងពេលប្រទេសអាហ្វហ្គានីស្ថានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់?

ប៉ាគីស្ថាន

ដោយមានខ្សែបន្ទាត់ព្រំដែនជាប់នឹងប្រទេសអាហ្វហ្គានីស្ថានយ៉ាងវែងប្រវែង ២.៤០០ គីឡូម៉ែត្រ ច្បាស់ណាស់ថា ប៉ាគីស្ថានកំពុងប្រឈមនឹងការប្រែប្រួលដ៏ធំ គឺជនភៀសខ្លួនអាហ្វហ្គានីស្ថានបានភៀសខ្លួនមកចុះឈ្មោះនៅក្នុងប្រទេសប៉ាគីស្ថានចំនួន ១,៤ លាននាក់ និងអាចមានអ្នកមិនបានចុះឈ្មោះជាច្រើនទៀត ។

ក្រុម«តាលីបង់» បកប្រែថា«សិស្ស» ជាភាសាផាសតូ (Pashto) ចាប់ផ្តើមលេចចេញជារូបរាងនៅចន្លោះដើមទសវត្សរ៍ឆ្នាំ១៩៩០ នៅភាគខាងជើងរបស់ប៉ាគីស្ថាន ដោយជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់បានចូលរួមក្នុងក្រុមនេះ ហើយ ក៏ធ្លាប់បានរៀននៅក្នុងសាលាបង្រៀនសាសនានៅប៉ាគីស្ថាន ។

ទោះបីបដិសេធថាមិនបានជួយតាលីបង់ក៏ដោយ ក៏ប៉ាគីស្ថានគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបី រួមជាមួយអារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួម អេមីរ៉ាត់ ដែលបានទទួលស្គាល់អត្តសញ្ញាណរបស់តាលីបង់នៅពេលដែលពួកគេឡើងកាន់អំណាចក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងក៏ជាប្រទេសចុងក្រោយដែលកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតាលីបង់ដែរ ។

ទោះបីជាទំនាក់ទំនងរវាងភាគីទាំងពីរមិនត្រូវគ្នាក៏ដោយ ក៏លោក អ៊ូមើ ការិម (Umer Karim) មកពីវិទ្យាស្ថាន Royal United Service Institute (RUSI) នៃទីក្រុងឡុងដ៍បាននិយាយថា អ្នកកំណត់គោលនយោបាយនៅប៉ាគីស្ថានយល់ថាវាជារឿងល្អ ។ លោកពន្យល់ថា ការផ្លាស់ប្តូរនេះមានន័យថា ឥណ្ឌានឹងលែងមានឥទ្ធិពលនៅអាហ្វហ្គានីស្ថានទៀតហើយ ព្រោះមុននេះ ប៉ាគីស្ថានមិនចូលចិត្តស្ថានកុងស៊ុលឥណ្ឌានៅតាមព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន នៅក្នុងទីក្រុងផ្សេងៗ ដូចជា កាន់ដាហារ និង ចាឡាឡាបាដ ដោយចោទថា ប៉ាគីស្ថានជាមជ្ឈមណ្ឌលគាំទ្រក្រុមប្រឆាំងប៉ាគីស្ថាននៅភាគខាងជើង និងខាងត្បូង ។

លោក ការិម និយាយថា នៅពេលតាលីបង់ឡើងកាន់អំណាច ប៉ាគីស្ថានសង្ឃឹមថា នឹងត្រឡប់មកមានឥទ្ធិពលកាន់តែខ្លាំង ហើយពាណិជ្ជកម្មភាគច្រើនរបស់អាហ្វហ្គានីស្ថាន ក៏ត្រូវឆ្លងកាត់ប្រទេសប៉ាគីស្ថានដែរ មិនថា ទំនិញអ្វីទេ ជាអាទិ៍ ម្សៅ អង្ករ បន្លែ ស៊ីម៉ង់ត៍ និងសម្ភារសំណង់ផ្សេងៗ ជាដើម ។

លោក ការិម បញ្ជាក់ទៀតថា ប៉ាគីស្ថានត្រូវការបង្កើត «ស្ពានសេដ្ឋកិច្ច» ជាមួយប្រទេសមជ្ឈិមបូព៌ាដទៃទៀត ដោយឆ្លងកាត់អាហ្វហ្គានីស្ថាន ហើយការពឹងពាក់របស់អាហ្វហ្គានីស្ថានទៅលើប៉ាគីស្ថាន អាចបញ្ចុះបញ្ចូលពួកតាលីបង់ឱ្យសហការជាមួយប៉ាគីស្ថានក្នុងបញ្ហាផ្សេងទៀត ដូចជាសន្តិសុខ ជាដើម ។

រុស្ស៊ី

រុស្ស៊ីនៅតែចងចាំសង្រ្គាមដែលប្រយុទ្ធជាមួយសហភាពសូវៀតពីឆ្នាំ ១៩៧៩ ដល់ ១៩៨៩ ដែលបានបញ្ចប់ដោយការបរាជ័យដោយកងកម្លាំងតស៊ូអាហ្វហ្គានីស្ថាន ។ ទោះជាឥឡូវនេះរុស្ស៊ីខ្លួនឯង គ្មានផលប្រយោជន៍ផ្ទាល់ពីអាហ្វហ្គានីស្ថានក៏ដោយ ប៉ុន្តែអស្ថិរភាពនៅអាហ្វហ្គានីស្ថានអាចប៉ះពាល់ដល់អតីតសមាជិកសហសូវៀត នាភាគខាងជើង ដែលរុស្ស៊ីនៅតែមានទំនាក់ទំនងជិតស្និទ្ធ ។

រុស្ស៊ីបារម្ភថា អាហ្វហ្គានីស្ថានអាចក្លាយជាកន្លែងក្តៅសម្រាប់អ្នកប្រយុទ្ធជីហាដ ជាពិសេសប្រទាញប្រទង់ជាមួយក្រុម IS ដែលជាសត្រូវរបស់រុស្ស៊ី និងតាលីបង់ ។ ប្រទេសរុស្ស៊ីបាន«OK»យ៉ាងឆាប់រហ័សនូវអំណាចរបស់តាលីបង់ ចាប់តាំងពីក្រុមចម្រុះលោកខាងលិចមិនទាន់បញ្ចប់ការដកទ័ពរបស់ខ្លួនមកម៉្លេះ ។

លោក ហ្វិអូឌ័រ ឡុកយ៉ាណូស (Fyodor Lukyanos) និពន្ធនាយកទស្សនាវដ្តីរុស្ស៊ីក្នុងកិច្ចការអន្តរជាតិ (Russia in Global Affairs) បានប្រាប់ BBC ថា រុស្ស៊ីនឹងបន្តគោលនយោបាយស្របគ្នា នឹងព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយតាលីបង់ដើម្បីរក្សាស្ថិរភាពនយោបាយ ប៉ុន្តែមុំមួយទៀត ចំនួនកងទ័ពនៅតាហ្ស៊ីគីស្ថានត្រូវបានបង្កើន និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាហ្វហ្គានីស្ថាន ដើម្បីទប់ស្កាត់អំពើជ្រុលនិយម ហូរពីទឹកដីអាហ្វហ្គានីស្ថាន ។

អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ លោក Arkadi Dubnov បាននិយាយថា ជារួមការដកកងទ័ពអាមេរិកបានកាត់បន្ថយឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់ និងបានប្រាប់កាសែត Financial Times ថា «អ្វីដែលល្អសម្រាប់យើងគឺអាក្រក់សម្រាប់អាមេរិក អ្វីដែលអាក្រក់សម្រាប់យើង គឺល្អសម្រាប់អាមេរិក» ។

ចិន

ចិនមានផលប្រយោជន៍នៅក្នុងអាហ្វហ្គានីស្ថាន ទាំងផ្លែសេដ្ឋកិច្ច និងសន្តិសុខ នៅពេលសហរដ្ឋអាមេរិកដកទ័ពចេញ ក្រុមហ៊ុនចិនមានឱកាសហក់ចូលទាំងដុល មកធ្វើធុរកិច្ច អាជីវកម្មរ៉ែ ដូចជា រ៉ែកម្រដែលប្រើក្នុងការផលិតមីក្រូឈីប និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ។

អ្នកជំនាញសហរដ្ឋអាមេរិកប្រមើល៍មើលថា បរិមាណធនធានរ៉ែរបស់អាហ្វហ្គានីស្ថានមានតម្លៃរហូតដល់ ១ លានលានដុល្លារ ស្របពេលដែលខាងអាហ្វហ្គានីស្ថានប្រាប់ថា មានលើស ៣ ដងឯណោះ!

ប៉ុន្តែកាសែត Globle Times ច្បាប់បោះពុម្ពផ្សាយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ បាននិយាយថា ក្រុមហ៊ុនចិននៅតែថ្លឹងថ្លែងពីហានិភ័យផ្នែកនយោបាយ និងសន្តិសុខ ហើយប្រាប់ថា នឹងចូលទៅដំណើរការក្នុងអាហ្វហ្គានីស្ថាន គឺវាអាស្រ័យលើរបៀបដែលប្រទេសលោកខាងលិចនឹងអនុវត្តទណ្ឌកម្មលើអាហ្វហ្គានីស្ថាន ។

និយាយពីយុទ្ធសាស្ត្រ មានហេតុផលគ្រប់គ្រាន់សម្រាប់រដ្ឋាភិបាលចិនក្នុងការព្យាយាមដើរតួនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ព្រោះអាហ្វហ្គានីស្ថានជាចំណុចភ្ជាប់សំខាន់នៅក្នុងគម្រោងខ្សែក្រវ៉ាត់១ និងផ្លូវរបស់ចិន (BRI) ដែលវិនិយោគលើវិស័យពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធទាំងនៅអ៊ីរ៉ង់ និងប៉ាគីស្ថាន ប៉ុន្តែដូចគ្នានឹងប្រទេសរុស្ស៊ីដែរ ចិនព្រួយបារម្ភថា អាហ្វហ្គានីស្ថានអាចក្លាយជាកន្លែងក្តៅរបស់ពួកជ្រុលនិយមនៅក្នុងតំបន់ ។

លោក ចូណាថាន ម៉ារគូស (Jonathan Marcus) អ្នកវិភាគទំនាក់ទំនងអន្តរជាតិ និងជាអតីតអ្នកឆ្លើយឆ្លងព័ត៌មាន BBC បាននិយាយថា៖ ប្រទេសចិនមានព្រំដែនរួមខ្លីជាមួយអាហ្វហ្គានីស្ថាន ហើយជាមួយនឹងការធ្វើទុក្ខបុកម្នេញរបស់ចិន ទៅលើជនជាតិភាគតិចមូស្លីមនៅក្នុងប្រទេសរហូតមក ទើបបានជាមាន ការព្រួយបារម្ភថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប្រឆាំងចិន នឹងប្រើអាហ្វហ្គានីស្ថានជាមូលដ្ឋាននៃប្រតិបត្តិការ  «ដូច្នោះមិនគួរនឹងប្លែកចិត្តទេ ដែលរយៈពេលមិនប៉ុន្មានសប្តាហ៍កន្លងមក អ្នកការទូតចិនព្យាយាមពូតផ្តុំសម្ព័ន្ធភាពជាមួយក្រុមតាលីបង់» ។

អ៊ីរ៉ង់

លោក អ៊ូមើ ការិម និយាយប្រាប់ថា អ៊ីរ៉ង់បានទាក់ទងជាមួយតាលីបង់អស់មួយរយៈហើយ ជាពិសេសតាមរយៈកងកម្លាំងពិសេសឃុដ នៅក្រោមកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (Revolutionary Guard Corps) ។ អ៊ីរ៉ង់ស្វាគមន៍មេដឹកនាំតាលីបង់ ព្រមទាំងយកចិត្តផ្តល់ថវិកា និងសព្វាអាវុធ ហើយនៅក្នុងការត្រឡប់មកវិញ ក្រុមតាលីបង់ក៏បានអត់ឱនឱ្យជនជាតិឥស្លាមស៊ីអ៊ីតដែរ ជាពិសេសប្រជាជនហាហ្សារ៉ា នោះហើយជាមូលហេតុដែលប្រជាជនហាហ្សារ៉ានៅកណ្តាលប្រទេស ស្ថិតនៅក្នុងការគ្រប់គ្រងរបស់តាលីបង់ដោយមិនមានការបាញ់កាំភ្លើងមួយគ្រាប់ណាឡើយ» ។

ការិម បាននិយាយថា ការដែលអាហ្វហ្គានីស្ថានត្រូវអន្តរជាតិធ្វើឲ្យឯកោ នោះនឹងផ្តល់ឱ្យអ៊ីរ៉ង់មានឥទ្ធិពលកាន់តែច្រើននៅក្នុងប្រទេសនេះ ហើយស្ថិរភាពអាហ្វហ្គានីស្ថានក៏នឹងកាត់បន្ថយចំនួនជនភៀសខ្លួនដែលចូលមកអ៊ីរ៉ង់ផងដែរ ដែលឥឡូវនេះមានជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៧,៨ លាននាក់ហើយ  ។

ប្រទេសលោកខាងលិច

ទោះជាមេដឹកនាំប្រទេសលោកខាងលិចនឹងព្យាយាមគូសវាសថា នេះជាជ័យជម្នះក៏ដោយ ប៉ុន្តែក្រុមតាលីបង់ជឿថា ជ័យជម្នះជារបស់ពួកគេ ។

លោកស្រី អង់ហ្គេឡា មែរឃើល អធិការបតីអាល្លឺម៉ង់ មានប្រសាសន៍ក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ថា ការដកកងទ័ព មិនមែនបានន័យថាបញ្ឈប់ការព្យាយាមជួយការពារជនជាតិអាហ្វហ្គានីស្ថានដែលធ្លាប់ជួយកងកម្លាំងចម្រុះ និងប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងធ្លាក់ក្នុងគ្រោះថ្នាក់ ក្នុងអំណាចរបស់តាលីបង់នោះទេ ។

លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំ G7 ថា វាឆាប់ពេកហើយក្នុងការនិយាយថា តើសហភាពអឺរ៉ុបនឹងទាក់ទងយ៉ាងដូចម្តេចទៅអាហ្វហ្គានីស្ថាន  វា​អាស្រ័យ​លើ « ទង្វើ និងឥរិយាបថរបស់អ្នកគ្រប់គ្រងថ្មី… ទាំងរឿងរក្សាភាពជោគជ័យផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន និងសិទ្ធិមនុស្សរបស់ពួកគេ ជាពិសេសស្ត្រី ក្មេងស្រី និងជនជាតិភាគតិច» ។

បន្ថែមពីលើការព្យាយាមការពារមិនឲ្យអាហ្វហ្គានីស្ថាន ក្លាយជាកន្លែងក្តៅរបស់ក្រុមជ្រុលនិយម បណ្តាប្រទេសលោកខាង លិចមានការព្រួយបារម្ភផងដែរ អំពីការការពាររលកជនអន្តោប្រវេសន៍ថ្មីមិនឱ្យហូរចូលប្រទេសរបស់ពួកខ្លួនផងដែរ ។

ក្រុមប្រដាប់អាវុធអ៊ីស្លាម

ការវាយប្រហារនៅអាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃទី ២៦ សីហា ដោយក្រុម ISIS-K មានឈ្មោះពេញថា «ក្រុមអ៊ីស្លាមនៃខេត្តខូរ៉ាសាន់ (ISKP) ធ្វើឲ្យឃើញថា មិនមែនគ្រាន់តែរដ្ឋាភិបាលប្រទេសផ្សេងៗប៉ុនណោះទេដែលត្រូវពង្រឹងខ្លួន តែក៏មានក្រុមប្រដាប់អាវុធផ្សេងៗក៏ចាប់ផ្តើមលោតសកម្មភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអំណាចនេះដែរ ។

នៅក្នុងជ្រុងមួយ អ្នកជំនាញមានកង្វល់ថានឹងមានការរួមបញ្ចូលគ្នារបស់ក្រុមអាល់កៃដា ដែលនៅខាងក្រោយខ្នងហេតុ ការណ៍វិនាសកម្មអគារភ្លោះ 9/11 ដែលជាដើមចមវាយចូលអាហ្វហ្គានីស្ថានរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០១ ។

ប៉ុន្តែម៉្យាងវិញទៀត លោក សាណា ចឺសហ្វ្រី នាយកវិទ្យាស្ថានសម្រាប់ការវិភាគគោលនយោបាយជម្លោះ (Institute for Policy Analysis of Conflict) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា៖ ឥឡូវនេះក្រុមជីហាដបំផុសគំនិតដោយ IS កំពុងប្រឈមមុខនឹងសម្ពាធដើម្បីរក្សាពួកគេឱ្យមានសារសំខាន់ក្នុងស្ថានភាពផ្លាស់ប្តូរនេះ ។

ក្រុមដែលគាំទ្រ IS ខ្លះថ្កោលទោសជ័យជម្នះរបស់តាលីបង់ ដោយនិយាយថា មកពីការមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋ អាមេរិក វាមិនមែនជាសង្គ្រាមជីហាដពិតប្រាកដទេ ។

ទោះយ៉ាងណា លោក ចឺសហ្វ្រី បាននិយាយថា វាគឺជាដំណឹងល្អបំផុតដែលក្រុមផ្សេងៗរបស់អាល់កៃដាមិនបានទទួលតាំង ពីយូរមក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម