អ្នកជំនាញស្លុត! អាមេរិកគ្រវាត់ចោលវ៉ាក់សាំងកូវីដ-១៩ យ៉ាងតិច ១៥,១ លានដូស

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី02 ខែកញ្ញា ឆ្នាំ2021 ម៉ោង 6:09 នាទី ល្ងាច

សូរ្យសែង៖

សហរដ្ឋអាមេរិកបានគ្រវាត់ចោលវ៉ាក់សាំងកូវីដ-១៩ យ៉ាងតិច ១៥,១ លានដូសចាប់តាំងពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ នេះបើយោងតាម AFP អះអាងពីរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន NBC News ។ ព័ត៌មាននេះកើតឡើង ស្របពេលដែលបណ្តាប្រទេសក្រីក្រតស៊ូដើម្បីទទួលបានវ៉ាក់សាំងចាក់ឲ្យប្រជាជនរបស់ពួកគេ ។

តួលេខដ៏ខ្ពស់នេះវាហួសពីការរំពឹងទុកពីមុន ដែលបណ្តាលមកពីព័ត៌មានដែលរាយការណ៍ដោយខ្លួនឯង ឬពីឱសថស្ថានរបស់រដ្ឋនីមួយៗ និងអ្នកផ្តល់សេវាកម្មផ្សេងទៀត នេះបើយោងតាមសារព័ត៌មាន NBC ផ្អែកលើព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក ដែលឆ្លើយតបទៅនឹងសំណើសុំកំណត់ត្រាសាធារណៈ ។ យ៉ាងហោចណាស់មានរដ្ឋចំនួន ៧ ដែលមិនបង្ហាញទិន្នន័យ ក៏ដូចជាទីភ្នាក់ងារធំៗរដ្ឋាភិបាលសហព័ន្ធមួយចំនួនទៀត ។

មូលហេតុនៃការបោះបង់វ៉ាក់សាំងកូវីដ-១៩ មានភាពខុសគ្នា ក្នុងនោះមានដបខូច កំហុសក្នុងការរំលាយវ៉ាក់សាំង ការគាំងនៃដំណើរការទូទឹកកក និងករណីមួយទៀត ចំនួននៅសល់វ៉ាក់សាំងច្រើនជាងចំនួនអ្នកចាក់ ដែលវ៉ាក់សាំងនីមួយៗត្រូវប្រើក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីបើកគម្របដបហើយ ។

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ក្នុងខណៈពេលដែលប្រទេសអភិវឌ្ឍជាច្រើនកំពុងតស៊ូ ដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់ឲ្យប្រជាជនរបស់ពួកគេ ក្នុងនោះរួមមានទ្វីបអាហ្រ្វិក ដែលទើបចាក់ឲ្យប្រជាជនបានត្រឹមតែ ២,៨% ប៉ុនណោះ ។

ទន្ទឹមនឹងនេះ ពលរដ្ឋអាមេរិកជាង ១ លាននាក់កំពុងទទួលបានវ៉ាក់សាំងជម្រុញ នៅលើមូលដ្ឋាននៃមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយពួកគេមានគម្រោងចាក់ម្ជុលទី ៣ សម្រាប់មនុស្សទូទៅ ៨ ខែបន្ទាប់ពីការចាក់លើកទី ២ ដែលចាប់ផ្តើមនៅខែកញ្ញានេះ ។

ទោះយ៉ាងណា មុននេះ អាមេរិកបានសន្យាប្រគល់វ៉ាក់សាំងប្រមាណ ៦០០ លានដូស ចំពោះបណ្តាប្រទេសក្រីក្រ និងមធ្យម រហូតដល់ដើមខែសីហា បានបរិច្ចាគ ១១០ លានដូសហើយ ៕

ប្រភព AFP + NBC News


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម